ព័ត៌មានជាតិ
មន្ត្រីនគរបាល បញ្ជាក់មូលហេតុនាំឲ្យកកស្ទះចរាចរណ៍ខ្លាំង តាមកំណាត់ផ្លូវឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់
ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅយប់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣តែម្ដង មានការកកស្ទះចរាចរណ៍ខ្លាំង នៅតាមកំណាត់ផ្លូវមួយចំនួន ឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់។ បញ្ហានេះ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បញ្ហានៃការកកស្ទះចរាចរណ៍នេះ គឺដោយសារតែអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្ដើមសាងសង់ស្ពានអាកាសផ្លូវ ៦០ ម៉ែត្រ និងដោយសារតែកំណើនយានយន្ដ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនោះ ផងដែរ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ២ ខែមីនានេះថា មូលហេតុចម្បង ដែលនាំឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង នារយៈពេលចុងក្រោយនេះ ជាពិសេសនាយប់ថ្ងៃទី ១ ខែមីនា ត្រង់កំណាត់ផ្លូវព្រះមុនីវង្ស ឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ និងម្ដុំស្ដុបបូកគោ ជាដើមនោះ ក៏ព្រោះតែអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្ដើមសាងសង់ស្ពានអាកាសផ្លូវ ៦០ ម៉ែត្រ ដែលមានទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។

ម្យ៉ាងទៀត ដោយសារប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែង ជាពិសេសនៅរាជធានីភ្នំពេញ ហើយតំបន់មានការកកស្ទះចរាចរណ៍ខ្លាំងខាងលើនេះ ក៏ដោយមានកំណើននៃការសាងសង់ បុរី ខុនដូ និងផ្សារទំនើបជាដើម ដែលនាំឲ្យមានធ្វើចរាចរណ៍យានយន្ដ នៅតំបន់នោះច្រើន។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា មានប្រសាសន៍បែបនេះថា «បញ្ហាកកស្ទះនេះ ទីមួយ ដែលជាបញ្ហាចម្បង គឺទាក់ទងទៅនឹងការកសាងស្ពានអាកាស នៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ហ្នឹង អញ្ចឹងយើងឃើញថា ក្នុងរយៈពេលនៃការធ្វើការដ្ឋាន គឺវាពិតជាធ្វើឲ្យមានការកកស្ទះច្រើន ហើយម្យ៉ាងវិញទៀតចំនួនយានយន្ដនៅរាជធានីភ្នំពេញចេះតែកើនឡើង ក៏កត្តាមួយនាំឲ្យមានការកកស្ទះដែរ តែបញ្ហាចំបងគឺដោយសារតែមានការដ្ឋានសាងសង់ស្ពានអាកាស នៅម្ដុំច្រមុះជ្រូកក្បាលថ្នល់»។

តែយ៉ាងណាក៏ដោយ នៅតាមគោលដៅដែលមានការកកស្ទះចរាចរណ៍នោះ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានដាក់កម្លាំងដើម្បីសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះខ្លាំង។ លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា ឲ្យដឹងបែបនេះថា «គ្រប់គោលដៅទាំងអស់ ដែលបានលើកឡើងនេះ គឺគ្រប់ពេល ទាំងពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច គឺសមត្ថកិច្ចមន្ត្រីចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខណ្ឌ ប៉ុស្ដិ៍ គឺតែងតែចេញមកជួយសម្រួលគ្នា ដើម្បីកុំឲ្យមានការកកស្ទះខ្លាំង»។

ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ត្រី ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំណូមពរដល់អ្នកបើកបរយានយន្តទាំងអស់ ប្រសិនបើកំពុងមានការកកស្ទះចរាចរណ៍ដូចនោះហើយ សូមបើកបរដោយគោរពច្បាប់ គោរពសិទ្ធិអាទិភាព និងគោរពភ្លើងសញ្ញា និងគំនូសសញ្ជា ជាដើម ដើម្បីអាចជួយសម្រួលការកកស្ទះចរាចរណ៍បានខ្លះដែរ។
អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញរូបនេះ បានស្នើសុំឲ្យប្រជាពលរដ្ឋមានការយោគយល់ ចំពោះបញ្ហានៃការកកស្ទះចរាចរណ៍នេះ ពីព្រោះនេះជាការអភិវឌ្ឍ ហើយនៅពេលសាងសង់ស្ពានអាកាសនេះរួច នឹងធ្វើឲ្យការធ្វើចរាចរណ៍មានភាពល្អប្រសើរឡើងវិញ។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ តែងតែគិតគូរស្វែងរកដំណោះស្រាយ ចំពោះបញ្ហានៃការកកស្ទះចរាចរណ៍នេះ ដោយមានការស្ថាបនាពង្រីកផ្លូវ, ការកសាងស្ពានអាកាស និងការរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដាផ្លូវនានា ជាដើម៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត