ព័ត៌មានជាតិ
អ្វីទៅជា«ការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ»?
ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឲ្យមានយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។ ការិយាល័យប្រជាពលរដ្ឋ មានសមត្ថកិច្ចទទួលពាក្យបណ្ដឹងតវ៉ា និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ក្នុងករណីមានភាពមិនប្រក្រតី ឬកំហុសឆ្គងរបស់មន្ត្រីដែលបំរើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការិយាល័យប្រជាពលរដ្ឋត្រូវបានបែងចែកជាពីរថ្នាក់ គឺការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត និងការិយាល័យប្រជាពលរដ្ឋក្រុង-ស្រុក-ខណ្ឌ។

ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត គឺជាយន្តការអព្យាក្រឹត្យមួយដែលបង្កើតឡើងនៅរដ្ឋបាលរាជធានី-ខេត្តនីមួយៗសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់រាជធានី-ខេត្ត។
ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត មានតួនាទី ភារកិច្ច៖ ១)ទទួល និងប្រមូលពាក្យបណ្តឹងនានា។ ២) ជ្រើសរើស និងវាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ហើយបញ្ជូនពាក្យបណ្តឹងទាំងឡាយទៅកាន់ស្ថាប័នមានសមត្ថកិច្ច។ ៣) តាមដានការដោះស្រាយ ដើម្បីជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹងវិញ។ ៤) សម្រុះសម្រួល ស៊ើបអង្កេត និងដោះស្រាយបណ្តឹងដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ៥) ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ប្រជាពលរដ្ឋ។

ដោយឡែក ការិយាល័យប្រជាពលរដ្ឋក្រុង-ស្រុក-ខណ្ឌ គឺជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត្យក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធភាពមិនប្រក្រតី ឬកំហុសឆ្គងរបស់បុគ្គលិកដែលបម្រើការងារក្នុងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងសម្រុះសម្រួលដោះស្រាយបណ្តឹងទំាងនោះ ព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ការិយាល័យប្រជាពលរដ្ឋក្រុង-ស្រុក-ខណ្ឌ មានគោលបំណងធ្វើឲ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយ បង្កើនភាពពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។ ការិយាល័យប្រជាពលរដ្ឋក្រុង-ស្រុក-ខណ្ឌ ក៏បានបង្កើនយន្តការនៃការចូលរួម និងផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ជាមួយរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។

ពាក្យបណ្តឹងតវ៉ាដែលអាចលើកឡើងឲ្យការិយាល័យប្រជាពលរដ្ឋក្រុង-ស្រុក-ខណ្ឌ គឺពាក់ព័ន្ធនឹងករណីនៃការសម្រេចចិត្ត ឬអាកប្បកិរិយារបស់មន្ត្រីដែលផ្ទុយនឹងគោលការណ៍ច្បាប់ ក៏ដូចជាការបដិសេធ ឬការស្ទាក់ស្ទើរក្នុងការទទួលយកពាក្យស្នើសុំត្រឹមត្រូវតាមច្បាប់របស់ប្រជាពលរដ្ឋ។ ក្នុងនោះ ការមិនបានផ្តល់លទ្ធផល ឬដំណោះស្រាយសមស្របតាមពេលវេលាមួយដែលបានកំណត់ មន្ត្រីមានឥរិយាបទមិនអាចទទួលយកបាន តាមរយៈការបំភិតបំភ័យ ឬការប្រម៉ាតមើល ងាយដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ត្រូវធានាឲ្យបានថា បញ្ហានានារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយដោយមន្ត្រីរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ស្របតាមលក្ខខណ្ឌច្បាប់ និងលិខិតបទដ្ឋាននានា ដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យារពេល និងការផ្សព្វផ្សាយ-ផ្តល់ព័ត៌មាននានាអំពីសេវារបស់ការិយាល័យច្រកចេញចូលតែមួយ ការអភិវឌ្ឈន៍ក្រុង-ស្រុក-ខណ្ឌ ព្រមទាំងការប្រឆាំងនឹងអំពើពុករលួយរបស់មន្ត្រីរាជការនៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។

និយាយជារួម ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិមកការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដោយពុំមានបង់ថ្លៃសេវាឡើយ។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗទៅកាន់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ តាមមធ្យោបាយនានា ជាអាទិ៍៖ អញ្ជើញទៅផ្ទាល់ដល់ការិយាល័យប្រជាពលរដ្ឋ ទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ តាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋ ឬតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀត៕
ដោយ៖ ធឿន វ៉ាន់សុង

-
KPT+១២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់