ព័ត៌មានជាតិ
មកឈ្វេងយល់ពីមុខជំនាញ STEM ចំនួន៥ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា!
និស្សិតដែលមានបំណងចង់សិក្សាជំនាញ STEM គួរសិក្សាឈ្វេងយល់ពីមុខជំនាញផ្នែកនេះឱ្យបានច្រើន និងដឹងពីទីផ្សារការងារបានទូលំទូលាយ ទើបក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចជ្រើសរើសការងារត្រូវតាមចំណង់ចំណូលចិត្ត និងមុខជំនាញសិក្សារបស់ខ្លួន។
ពាក្យថា STEM គឺសំដៅដល់ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ជំនាញទាំងនេះ ក៏មានអ្នកសិក្សាមួយចំនួនអាចនឹងធ្លាប់ដឹងរួចមកហើយ ឯខ្លះទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ទាក់ទិននឹងបញ្ហានេះ “កម្ពុជាថ្មី” សូមលើកយកមុខជំនាញផ្នែក STEM ចំនួន៥ ដើម្បីឱ្យអ្នកសិក្សាគ្រប់រូបបានដឹងពីអត្ថប្រយោជន៍នានា និងទីផ្សារការងារដូចខាងក្រោមនេះ៖
ទី១.មុខជំនាញព័ត៌មានវិទ្យា
ជំនាញ ព័ត៌មានវិទ្យា គឺជាជំនាញមួយដែលមនុស្សទូទៅស្គាល់ថាជាជំនាញ IT។ IT គឺជាជំនាញមួយដែលតម្រូវឱ្យនិស្សិតសិក្សាទៅលើ Hardware និង Software និងមូលដ្ឋានគ្រឹះផ្សេងៗរបស់កុំព្យូទ័រក្នុងឆ្នាំមូលដ្ឋានជាមុនសិន។ និស្សិតដែលសិក្សាលើជំនាញនេះ ត្រូវខ្លាំងលើមុខវិជ្ជាគោលដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា កុំព្យូទ័រ និងភាសាអង់គ្លេស។ មិនតែប៉ុណ្ណោះ ក៏ត្រូវការឱ្យអ្នកសិក្សាមានជំនាញទន់ប្រកបដោយភាពឆ្លាតវៃ គឺគិតរហ័ស និងត្រូវចេញដោះស្រាយបញ្ហាបានទាន់ពេលវេលា។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និស្សិតនឹងចាប់ផ្តើមសិក្សាពីជំនាញតម្រង់ទិសសំខាន់ៗរបស់មុខជំនាញនេះ ដែលមានដូចជា ការសិក្សាលើការសរសេរកូដ ការរៀបចំប្រព័ន្ធទិន្នន័យ ទំនាក់ទំនងទិន្នន័យ និងមានជាការរចនាបទពីវេបសាយ ព្រមទាំងបង្កើតកម្មវិធីនៅលើវេបសាយ ក៏មានការសិក្សាទាក់ទងជាមួយនឹងការរចនាក្រាហ្វិច និងមុខវិជ្ជាផ្សេងៗទៀត។
ក្រោយពីបញ្ចប់ការសិក្សា អ្នករៀនពីជំនាញ IT មានឱកាសការងារច្រើន ទូលំទូលាយ និងប្រាក់ខែខ្ពស់ ប្រសិនជាពួកគេចេះជំនាញនោះច្បាស់លាស់។ ពួកគេអាចចូលបម្រើការងារនៅតាមក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ធនាគារ ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ រចនារូបភាព ការដំឡើង និងបង្កើតកម្មវិធីលើកុំព្យូទ័រ ការកាត់រូបភាព និងវីដេអូជាដើម។ ជំនាញ IT គឺជាជំនាញមួយដែលមានតម្រូវការខ្ពស់នៅគ្រប់ផ្នែកទាំងអស់តែម្តង។
ទី២.បច្ចេកវិទ្យាវិស្វកម្មមេកានិច
មុខជំនាញបច្ចេកវិទ្យាវិស្វកម្មមេកានិច គឺសិក្សាទៅលើមូលដ្ឋាននៃគោលការណ៍វិស្វកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការបង្កើតផលិតផលដែលមានប្រយោជន៍ និងគ្រឿងម៉ាស៊ីន។ សម្រាប់មុខវិជ្ជាដែលអ្នកសិក្សាគួរត្រៀម មានគណិតវិទ្យា និងរូបវិទ្យា។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹងដូចជា ជួសជុលម៉ាស៊ីនចំហេះក្នុង មានដូចជាម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនម៉ូតូ និង ម៉ាស៊ីនត្រាក់ទ័រជាដើម។ រចនាប្លង់ និងដំឡើងប្រព័ន្ធទឹកទាំងក្នុង និងក្រៅអគារ ហើយដឹងពីការប្រើប្រាស់រង្វាស់មេកានិច ចេះជួសជុល និងថែទាំឧបករណ៍មេកានិច និងការរៀបចំប្រព័ន្ធម៉ាស៊ីន ក្នុងស្ថាប័នផ្សេងៗ ព្រមទាំងចំណេះដឹងផ្សេងៗទៀត។
បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចបង្កើតអាជីវកម្មដោយខ្លួនឯង ក្លាយជាអ្នកបច្ចេកទេសជួសជុលម៉ាស៊ីនទូទៅ អ្នកដំឡើងប្រព័ន្ធទឹក និងម៉ាស៊ុនត្រជាក់។ និស្សិត ក៏មានឱកាសក្លាយជាបុគ្គលិកគ្រប់គ្រងមេកានិចនៅតាមបណ្តាសហគ្រាស និងស្ថាប័នផ្សេងៗ ជាមួយនឹងឱកាសការងារជាច្រើនទៀត។
ទី៣.មុខជំនាញវិស្វកម្មគីមី និងបច្ចេកវិទ្យាអាហារ
មុខជំនាញនេះ បើនិយាយឱ្យសាមញ្ញ គឺជាជំនាញមួយដែលផ្តោតសំខាន់ទៅលើផ្នែកគីមីក្នុងអាហារ និងការវេចខ្ចប់អាហារ ការថែទាំ និងគុណភាពនៃអាហារប្រកបដោយសុវត្ថិភាព។ ក្នុងនោះ ក៏មានការកែច្នៃអាហារដែលត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ និងធានាថាមិនផ្តល់ផលប៉ះពាល់សុខភាពដល់អ្នកបរិភោគឡើយ។ អ្នកដែលមានបំណងសិក្សាជំនាញនេះត្រូវត្រៀមមុខវិជ្ជាគីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យា។ ជំនាញនេះ ត្រូវសិក្សារយៈពេល៥ឆ្នាំ និងមាន១២០ក្រឌីត។
ក្រោយពីបញ្ចប់ការសិក្សា និស្សិតទទួលបានចំណេះដឹងផ្សេងៗដូចជា ការកែច្នៃអាហារក្នុងកម្មវិធីផ្សេងៗ និងប្រភេទរបស់អាហារ វិភាគពីគុណភាពផលិតផលអាហារ យល់ដឹងពីអារូបត្ថម្ភដែលផ្តល់សម្រាប់មនុស្ស និងសុខភាព។ យល់ដឹងពីប្រព័ន្ធចំណីអាហារ និងដំណើរការវេចខ្ចប់ មានចំណេះដឹងក្នុងការដោះស្រាយនៅពេលដែលអាហារមានបញ្ហា និងការកែច្នៃបន្ថែម។ល។
ចំពោះទីផ្សារការងារវិញ គឺទូលំទូលាយខ្លាំងមែនទែន អ្នកសិក្សាអាចស្វែងរកការងារនៅក្រសួងកសិកម្ម វិទ្យាស្ថានប៉ាស្ទ័រ នាយកដ្ឋានកាំកុងត្រូល អាចក្លាយជាសាស្ត្រាចារ្យលើជំនាញគីមី និងអាហារ។ អ្នកបច្ចេកទេសថែរក្សា និងការវេចខ្ចប់ បម្រើការក្នុងក្រុមហ៊ុនផលិតអាហារ ឬ ភេសជ្ជៈផ្សេងៗ ឬ ជាអ្នកស្រាវជ្រាវផ្នែកអាហារ និងការងារផ្សេងៗទៀត។
ទី៤.ជំនាញវិស្វកម្មជីវសាស្ត្រ ឬ បច្ចេកវិទ្យាជីវសាស្ត្រ
ជំនាញវិស្វកម្មជីវសាស្ត្រ ឬ បច្ចេកវិទ្យាជីវសាស្ត្រ គឺផ្នែកមួយក្នុងវិស្វកម្ម ដែលផ្តោតសំខាន់លើដំណើរការគីមី និងជីវសាស្រ្ត ដើម្បីផលិតផល និងបច្ចេកទេសសម្រាប់ប្រើប្រាស់លើវិស័យដូចជា វិស័យសុខាភិបាល វិស័យកសិកម្ម និងបរិស្ថាន និងឧស្សាហកម្មចំណីអាហារ។ វិស្វកម្មជីវសាស្ត្រ គឺជាជំនាញថ្មីមួយដែលរួមបញ្ចូលវិស័យវិស្វសិកម្មជាច្រើនដូចជា វិស្វកម្មគីមី អេឡិចត្រូនិច និងមេកានិច។
សម្រាប់អ្នកចង់សិក្សាជំនាញនេះត្រូវត្រៀមចំណេះដឹងមូលដ្ឋានដូចជា ជីវៈវិទ្យា និងគីមីវិទ្យា។ សិក្សាលើជំនាញនេះមានរយៈពេល ៤ឆ្នាំ។ ប្រសិនជានិស្សិតជ្រើសរើសសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺត្រូវសិក្សាលើ៣ជំនាញសំខាន់ៗគឺ ទី១ វិទ្យាសាស្ត្រជីវម៉ូលេគុលឱសថ ទី២ ជីវបច្ចេកវិទ្យាកសិឧស្សាហកម្ម និងទី៣គឺ ចង្វាក់ផលិតកម្មជីវសាស្រ្ត។
បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចយល់ដឹងពីជីវម៉ូលេគុល និង បច្ចេកទេសក្លូនសែន។ យល់ដឹងពីការពិសោធន៍គីមីវិភាគ គីមីសរីរាង្គ គីមីជីវ គីមីរូប គីមីអាហារ ដឹងអំពីវិស្វកម្មជីវសាស្ត្រ និងវិស្វកម្មគីមី និង បច្ចេកវិទ្យាជីវសាស្រ្ត និងសង្វាក់ផលិតកម្មឧស្សាហកម្មគីមី និងអាហារជាដើម។ និស្សិតក៏អាចចូលម្រើការនៅតាមក្រសួងពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម ឬ តាមស្ថាប័នផ្សេងៗ។ និស្សិតមានឱកាសក្លាយជាអ្នកត្រួតពិនិត្យគុណភាព អ្នកជំនាញផ្នែកពិសោធន៍។ល។
ទី៥. ក្រាហ្វិច ឌីហ្សាញ
ជំនាញនេះ ស័ក្តិសមចំពោះអ្នកចូលចិត្តផ្នែករចនាបទផ្សេងៗដូចជាផ្ទាំងរូបភាព គំនូរជីវចល សិល្បៈគំនូរ និងរូបភាពសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ។ ជំនាញនេះ គឺទាមទារឱ្យអ្នកសិក្សាមានគំនិតច្នៃប្រឌិតខ្ពស់ មានជំនាញផ្នែកកុំព្យូទ័រខ្លាំង ព្រមទាំងដើរទាន់សម័យកាលជានិច្ច។ ក្រាហ្វិច ឌីហ្សាញ ត្រូវមានការអត់ធ្មត់ខ្លាំង និងព្យាយាមរកអ្វីដែលថ្មី និងទាក់ទាញជារៀងរាល់ថ្ងៃ ព្រោះរាល់ការរចនារូបភាពនីមួយៗ គឺត្រូវមានភាពទាក់ទាញ និងមានអត្ថន័យជានិច្ច។
ជំនាញមួយនេះ គឺអ្នកត្រូវនៅជាមួយនឹងបច្ចេកវិទ្យាជាប់រហូត ហើយត្រូវស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត ដូចជាព្យាយាមរកអ្វីថ្មីៗនៅតាមប្រព័ន្ធ Internet ឬ តាម YouTube ក៏ដូចជាសិក្សាតាមរយៈវីដេអូរបស់ជនបរទេសបន្ថែមទៀត ទើបមានការអភិវឌ្ឍឆាប់រហ័ស។ ក្រោយពីអ្នកសិក្សាមានជំនាញច្បាស់លាស់ ពួកគេអាចបើកអាជីវកម្មជាខ្លួនឯង ចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ឬ ឯកជននានា ព្រោះជំនាញនេះ ក៏ត្រូវការជាចាំបាច់មិនខុសពីជំនាញ IT ឡើយ៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន