Connect with us

ព័ត៌មានជាតិ

តើរដ្ឋមន្រ្តីជាស្រ្តី ២រូបនេះ មានគុណសម្បត្តិអ្វីខ្លះ ទើបសម្តេចតេជោ ឲ្យបន្តកាន់តំណែងទៀតនៅអាណត្តិក្រោយ?

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នឹងនៅតែបន្តធ្វើជារដ្ឋមន្រ្តីដដែលនៅអាណត្តិក្រោយនេះ។ តើរដ្ឋមន្រ្តីជាស្រ្តីទាំង២រូបនេះ មានគុណសម្បត្តិ និងសម្រេចបានសមិទ្ធផលអ្វីខ្លះទៅ ទើបសម្តេ​ចតេជោសម្រេចឲ្យបន្តកាន់តំណែងនៅអាណត្តិក្រោយបែបនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកស្រី ភឿង សកុណា គឺជាកូនប្រសាព្រឹទ្ធាចារ្យវប្បធម៌ខ្មែរ លោកតា ឆេង ផុន។ ព្រឹទ្ធាចារ្យ ​ឆេង ផុន គឺជា​អតី​ត​រដ្ឋមន្រ្តីក្រសួង​​វប្បធម៌​ វិចិត្រសិល្បៈ​ និង​ព័ត៌មានក្នុង​ទសវត្សន៍​ឆ្នាំ​៨០។ លោកស្រី ភឿង សកុណា កើតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ១៩៥៩ ក្នុង​គ្រួសារ​អ្នក​រាជការ​​ដែលមានស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់​ និងមាន​ស្វាមីក្នុង​ត្រកូលជាន់ខ្ពស់​ផង​ដែរ។ លោកស្រី គឺ​ជាអ្នកសិក្សា វិស្វករ និងអ្នកនយោបាយខ្មែរនៅ​ក្នុងជួរ​​គណបក្សប្រជាជន​កម្ពុជា។

ប្រវត្តិសិក្សា

ក្រោយបែករបបប៉ុលពត​ឆ្នាំ ១៩៧៩ លោកស្រី ភឿង សកុណា បានសិក្សានៅវិទ្យាល័យភ្នំដូនពេញ។ ជាសិស្សពូកែមួយរូប លោកស្រីទទួលបាន​អាហារូបករណ៍សិក្សា​នៅសហភាពសូវៀតរយៈពេល ៦ ឆ្នាំ ផ្នែកវិស្វករគីមីឧស្សាហកម្ម និង​បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតពីប្រទេស​បារាំង​ ផ្នែកសុវត្ថិភាពចំណីអាហារ។

-ឆ្នាំ ២០០២ ៖ បណ្ឌិតផ្នែកចំណីអាហារ និងមីក្រូជីវវិទ្យាពីសាកលវិទ្យាល័យ Burgundy ប្រទេសបារាំង
-ឆ្នាំ ១៩៨៧៖ អនុបណ្ឌិតវិទ្យាសាស្ត្រវិស្វកម្មពីវិទ្យាស្ថាន Gubkhine នៅទីក្រុងមូស្គូ សហភាពសូវៀត
-ឆ្នាំ ១៩៨៦៖ សញ្ញាប័ត្រវិស្វកម្មគីមី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ១៩៨១៖ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ

បទពិសោធន៍ការងារ

ពេលវិលត្រឡប់​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស លោកស្រី ភឿង សកុណា ​បានចូលទៅបម្រើការងារនៅក្រសួងឧស្សាហកម្ម ជាបុគ្គលិកទទួលខុសត្រូវផ្នែកបទដ្ឋានឧស្សាហកម្មធុនស្រាល។ ដោយមានចំណង់ចំណូលចិត្តស្រឡាញ់ការងារជាគ្រូបង្រៀន​តាំងពីនៅកុមារភាព លោកស្រី បានសុំផ្ទេរទៅធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាលើមុខជំនាញ រូបវិទ្យា គីមីវិទ្យា និងមីក្រូជីវវិទ្យា។

តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពផ្ទាល់ខ្លួន រួមផ្សំជាមួយស្មារតីទទួលខុសត្រូវក្នុងការងារ និងមានទំនាក់ទំនងល្អយ៉ាងទូលំទូលាយជាមួយនិស្សិត និងមជ្ឈដ្ឋានជុំវិញខ្លួន លោកស្រី បានឡើងតួនាទីពីគ្រូបង្រៀនរហូតក្លាយទៅជានាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដោយឡែក នៅឆ្នាំ២០០៨ លោកស្រីបានទទួលតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​តែងតាំង​ជារដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នាឆ្នាំ២០១៣។

-ឆ្នាំ ២០១៣៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ឆ្នាំ ២០០៨៖ ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ ២០០៨-២០១៣៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
-ឆ្នាំ២០០៣-២០០៨៖ នាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ២០០០-២០០៣៖ នាយករង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ១៩៩៤-២០០០: ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មគីមី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ១៩៩១-១៩៩៤: សាស្ត្រាចារ្យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ១៩៨៧-១៩៩១៖ បុគ្គលិកក្រសួងឧស្សាហកម្ម

សមិទ្ធផលការងារ

ក្នុងតួនាទី​ដឹកនាំ​នៅក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា បានខិតខំប្រឹងប្រែងលើការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។ ក្នុង​នោះ ​បាន​ធ្វើការ​ជាមួយភាគី​ពាក់ព័ន្ធ ដើម្បី​ទាមទារវត្ថុបុរាណខ្មែរដែលកាន់កាប់ និងជួញដូរដោយខុសច្បាប់​ ត្រឡប់​មកប្រទេសកំណើតវិញ។ ក្រសួងវប្បធម៌ បានសិក្សាស្រាវជ្រាវចងក្រងបោះពុម្ភឯកសារ អំពីសិល្បៈវប្បធម៌ខ្មែរសំខាន់ៗសម្រាប់ធ្វើជាក្បួនខ្នាតផ្សព្វផ្សាយ ដូចជា របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង និង​ឯកសារមរតកមនុស្ស​រស់។

សមិទ្ធផលសំខាន់ផ្សេងទៀត គឺការងារ​អភិរក្ស ​និងជួសជុល​សំណង់បុរាណ​នានា​មាន ប្រាសាទ ព្រះវិហារ ស្ពាន និងសំណង់បុរាណផ្សេងៗទៀត ដើម្បីថែរក្សាទុកជាមរតកកូនចៅជំនាន់ក្រោយ។ អ្វីជាមោទនភាពទៀតនោះ គឺក្រសួងវប្បធម៌ដែលមានលោកស្រី ភឿង សកុណា ជារដ្ឋមន្រ្តី បានដឹកនាំក្នុងការ​នាំសម្បត្តិវប្បធម៌​ជាតិ ​ទៅ​ចុះនៅក្នុងបញ្ជីអង្គការយូណេស្កូ ដូចជា ប្រាសាទសំបូរព្រៃគុក ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោល ជាដើម។​ ជាមួយគ្នានេះ ក្រសួងក៏បានបន្ត​ការ​អភិរក្ស ​និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ដោយ​ជំរុញការ​ចុះ​បញ្ជី ពង្រឹងការ​គ្រប់គ្រង​សិក្សាស្រាវជ្រាវ និងចងក្រង​បង្កើត​តម្លៃ​ពី​បេតិកភណ្ឌ​វប្បធម៌។

កាលពី​ឆ្នាំ ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏​បានប្រែសម្រួល និង​រៀបរៀង​សៀវភៅ​ពី​កំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ ដែល​មាន​ចំណងជើង​ថា “ពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ ឆ្នាំ ១៨៨២” ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ដល់ពលរដ្ឋ​ខ្មែរ​បាន​ស្វែង​យល់បន្ថែម៕

  • លោកស្រី​បណ្ឌិត អ៊ឺ​ង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

លោកស្រី​បណ្ឌិត អ៊ឹង កន្ថាផាវី ទទួលតំណែង​​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ​ក្នុង​ខែ​កក្កដា ឆ្នាំ២០០៤។ ជាបញ្ញវន្ត​ដែល​ទទួល​ការ​សិក្សា​នៅ​ក្រៅប្រទេស​ លោក​ស្រី ធ្លាប់​​បម្រើការងារ​ជា​វេជ្ជបណ្ឌិត​ជាច្រើន​ឆ្នាំ​នៅ​ប្រទេស​បារាំង មុន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​។

ក្រុម​គ្រួសារ

លោកស្រី អ៊ឹ​ង កន្ថាផាវី ​កើត​នៅ​ថ្ងៃ ១៦ ខែកក្កដា ឆ្នាំ ១៩៦០។ ឪពុកលោក​ស្រី ​គឺ​លោក អ៊ឹង គៀត អតីត​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ ធ្លាប់​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​សង្គមកិច្ច​​ ក្នុង​សម័យ​សង្គម​រាស្រ្តនិយម​របស់​​ព្រះបរមរតនកោដ្ឋ ​សម្តេច ព្រះនរោត្តម សីហនុ និងក៏​ជា​អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូនក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣។ ស្វាមី​របស់​លោក​ស្រី ​ជា​អតីត​អភិបាល​រង​រាជធានី​ភ្នំពេញ​ គឺ​លោក ត្រាក់ ថៃសៀង ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន។

កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី

មុនពេលទទួល​តំណែង​​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ក្នុង​ឆ្នាំ២០០៤ លោកស្រី អ៊ឹ​ង កន្ថាផាវី ​បាន​បម្រើការ​រយៈពេល​៥​ឆ្នាំ ​ជា​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​អតីត​យុទ្ធជន (បច្ចុប្បន្ន​ក្រសួង​កិច្ចការ​នារី) ដោយ​ទទួល​ខុសត្រូវ​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ឆ្លើយតប​នឹង​យេនឌ័រ។ ជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្រៅ​ពី​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​ និង​ការ​ដឹកនាំ​នៅ​ក្រសួង​ លោកស្រី​ ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ​ដើម្បី​ស្ត្រី​ក្នុង​ឆ្នាំ ២០០៤។

អតីត​គ្រូពេទ្យនៅបារាំង

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ លោក​ស្រី​​ អ៊ឹង កន្ថាផាវី ធ្វើការ​ភាគច្រើន​នៅ​ប្រទេស​បារាំង ជា​វេជ្ជបណ្ឌិត​ឯកជន​ពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ១៩៩៤ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ឱសថ​នៅ ABR (សហគ្រាស​បារាំង​ដែល​ពាក់ព័ន្ធ​ទីផ្សារ​ឱសថ និង​ការស្រាវជ្រាវ​ឱសថ) ពី​ឆ្នាំ១៩៩៧ ដល់​ឆ្នាំ១៩៩៨​។

លោក​ស្រីទទួលបានតួនាទី​ជា​អគ្គលេខាធិការ​រង​អង្គការ​​ក្រៅរ​ដ្ឋាភិបាល AMC (Association des Medecins Cambodgiens) សម្រាប់​គម្រោង​ផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងសង្គម​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការបរិច្ចាគ​សម្ភារៈ​បរិក្ខារពេទ្យ និង​ថ្នាំពេទ្យ ព្រមទាំង​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​កម្ពុជា ដើម្បី​ថែទាំ​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ និង​លើក​កម្ពស់សមត្ថភាព​ក្រុម​គ្រូពេទ្យមូលដ្ឋាន។

ពី​ឆ្នាំ១៩៩៥ ដល់ ឆ្នាំ១៩៩៧ លោកស្រី​​​ ជាទីប្រឹក្សា​បច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទក្នុង​ប្រទេសកម្ពុជា ដោយ​ទទួលខុសត្រូវលើសុខភាពសហគមន៍ (អាហារូបត្ថម្ភ អនាម័យ ព័ត៌មាន​សុខភាព) និង​កម្មវិធីអភិវឌ្ឍន៍​សហគមន៍ រួមទាំង​មីក្រូឥណទាន និង​ការ​គ្រប់គ្រងទឹក ផលិតកម្ម​កសិកម្ម​ខ្នាតតូចប្រកបដោយនិរន្តរភាព។

ការ​សិក្សា

លោក​ស្រី​ទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Saint Antoine ទីក្រុង​ប៉ារីស ដែល​មាន​ឯកទេស​ខាង​អាហារូបត្ថម្ភ និង​ជំងឺត្រូពិកខល (tropical diseases) និង​សញ្ញាបត្រ (Brevet) រដ្ឋបាល​សាធារណៈ​ពី​សាលា Ecole Nationale d’Administration (ENA) ប្រទេស​បារាំង​នៅ​ឆ្នាំ ១៩៩៥។ លោក​ស្រី​បាន​ចូលរួម​ក្នុង​កម្មវិធី​ “អ្នកដឹកនាំ​ក្នុង​ការ​អភិវឌ្ឍន៍៖ ការ​គ្រប់គ្រង​កំណែ​ទម្រង់​នយោបាយ និង​សេដ្ឋកិច្ច” នៅ​សាលា John F. Kennedy School of Government នៃ​សាកលវិទ្យាល័យ Harvard នៅ​ឆ្នាំ​២០០៤។

ពានកិត្តិយស

លោកស្រី អ៊ឹង កន្ថាផាវី ទទួល​បានការសរសើរលើស្នាដៃការងារ ក្នុង​ភាព​ជាអ្នកដឹកនាំ​លើ​ការ​ពង្រឹង​ភាពអង់អាច​ដល់ស្រ្តី និង​សមភាព​យេនឌ័រ “Leadership in Women Empowerment and Gender Equality” ពីសាកលវិទ្យាល័យ លីមកុកវីង “Limkokwing University”។ នៅក្នុងឆ្នាំ ២០១៤ លោកស្រី ​គឺជា​អ្នកដឹកនាំម្នាក់ក្នុងចំណោមស្ត្រីទាំងប្រាំបួន ដែលបាន​ទទួល​រង្វាន់​ពី​វេទិកាភាព​ជាអ្នកដឹកនាំ​ស្ត្រីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជា “ស្ត្រីឆ្នើមបំផុត”។

ស្នាដៃ

លោក​ស្រី ​អ៊ឹង កន្ថាផាវី ​ជា​ស្ថាបនិកមួយ​រូប​នៃ​មូលនិធិ​ទ្រង់ទ្រង់​មន្ទីរពេទ្យ​នគរទេព​ដែល​ឯកទេស​ព្យាបាល​រោគ​ស្រ្តី ហើយ​​កន្លង​ទៅ ​ធ្លាប់​ត្រូវ​ប្រើប្រាស់​ជា​ទីតាំង​​​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩។ ក្រោមការដឹកនាំរបស់លោកស្រី ក្រសួងកិច្ចការនារី​បាន​ទទួល​ជោគជ័យ​ក្នុងការ​ធ្វើសមាហរណកម្ម​វិធានការ​សមភាព​យេនឌ័រ​ទៅក្នុងច្បាប់សំខាន់ៗ​ដូចជា ច្បាប់​ភូមិបាល ច្បាប់​សរីរាង្គវិមជ្ឈការ និង​វិសហមជ្ឈការ ច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី ដូចជា​ការ​ប្រឆាំង​ការជួញ​ដូរមនុស្ស ច្បាប់​ស្តីពីការ​ធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ និងការ​ការពារ​ជនរងគ្រោះ។

លោកស្រី​តែងតែ​តស៊ូមតិ​សម្រាប់បញ្ហាយេនឌ័រ​ក្នុងកំណែទម្រង់រដ្ឋ និង​លើក​កម្ពស់​ការពង្រឹង​សេដ្ឋកិច្ច​របស់ស្ត្រី និង​តួនាទី​ធ្វើការសម្រេចចិត្ត។ នៅក្នុងតំបន់ ​និងជុំវិញពិភពលោក រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បាន​ចូលរួម​ចំណែកក្នុងការ​ជំរុញរបៀបវារៈរបស់ស្ត្រី ជាពិសេស ​នៅក្នុងកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​សមភាពយេនឌ័រអាស៊ីបូព៌ា វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ីបូព៌ា​ស្តីពីគ្រួសារ និង​កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីស្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម