ព័ត៌មានជាតិ
ទិវាជាតិអំណាន ឆ្នាំ២០២៣ កាន់តែមានលក្ខណៈធំទូលាយ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអំណាន ១១ មីនា ត្រូវបានរៀបចំប្រារព្ធតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត។ ក្រសួង បានរៀបចំប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦។
បណ្ឌិតសភាចារ្យ ហង់ជន ណារ៉ុន មានប្រសាសន៍បន្ថែមថា៖ “ទោះបីជាក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ការប្រារព្ធទិវាជាតិអំណាន ដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព តាមមធ្យោបាយអនឡាញ និងកូនកាត់ គឺពាក់កណ្ដាល អនឡាញ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ការប្រារព្ធទិវាជាតិអំណាន កាន់តែមានលក្ខណៈធំទូលាយឡើងៗ ហើយកាន់តែមានលក្ខណៈផុសផុល ជាទីចាប់អារម្មណ៍ និងមានការចូលរួមគ្រប់មជ្ឈដ្ឋាន”។
បណ្ឌិតសភាចារ្យ ហង់ជន ណារ៉ុន មានប្រសាសន៍បន្តថា ទិវាជាតិអំណាន កាន់តែមានលក្ខណៈធំទូលាយ ដោយមានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញ និងលើកកម្ពស់អំណាននៅកម្ពុជាដូចជា៖ ការឃោសនា បិតផ្សាយបដាពាក្យស្លោក ខិតបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា, ការធ្វើសន្និសីទសារព័ត៌មាន, ការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធសម្រាប់សិស្សានុសិស្ស តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ, ការប្រកួតប្រជែងបកស្រាយប្រធានបទសំខាន់ៗ របស់មន្ត្រីអប់រំ និងសាធារណជន, ការតាំងពិព័រណ៍សៀវភៅ, ការធ្វើបាឋកថាប្រធានបទសំខាន់ៗ, ការធ្វើបទបង្ហាញ និងកិច្ចភិភាក្សាដោយវាគ្មិនសំខាន់ៗ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យ កម្ពុជាថ្មី ដឹងថា ការប្រារព្ធទិវាជាតិអំណានលើកទី៨ ថ្ងៃទី១១ ខែមីខា ឆ្នាំ២០២៣នេះ ក្រសួង នឹងបន្តលើកកម្ពស់ពង្រឹង និងពង្រីកផ្នែកអំណានក្រោមប្រធានបទ “អំណានជា មាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ” តាមរយ:កម្មវិធីសំខាន់ៗមាន៖
– ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣៖ សន្និសីទសារព័ត៌មាន ដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងពិធីប្រារព្ធទិវាជាតិអំណាន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។
– ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៖ សិក្ខាសាលាមួយ ស្តីពី “ការអភិវឌ្ឍបណ្ណាល័យសាលាបឋមសិក្សា និងការរៀបចំទិវាជាតិអំណាន” ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងអង្គសិក្ខាសាលានេះមានបទបង្ហាញ របស់នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងអង្គការឬមធូរីដកម្ពុជា។
– ថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៣៖ ការសម្ពោធ និងការតាំងពិពីរណ៍សៀវភៅ ដែលមាន ១១០ស្តង់ មកពី ៨៧ស្ថាប័ន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយបើកទូលាយសម្រាប់មហាជនចូលរួមទស្សនា អាន និងជាវសៀវភៅបានដោយសេរី។
– ថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣៖ ពិធីប្រកួតប្រជែងថ្នាក់ជាតិរបស់សិស្សានុសិស្ស និងការប្រកាសលទ្ធផលជ័យលាភីលើវិញ្ញាសា៖ អានអត្ថបទ ការស្មូតកំណាព្យ ការតែងនិពន្ធ។ ព្រមទាំងការប្រកួតប្រជែងបកស្រាយប្រធានបទ៖ គុណតម្លៃមនុស្សក្នុងយុគសម័យឌីជីថល។
– ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣៖ ក្រសួងអប់រំ យុវជន និង កីឡា នឹងប្រារព្ធទិវាជាតិអំណានរួម លើកទី៨ ដែលមានការចូលរួមក្នុងអង្គពិធីប្រមាណ ៤០០០នាក់ និងមានផ្សាយជូនសាធារណជន តាមហ្វេសប៊ុកផ្លូវការរបស់ក្រសួង អប់រំ យុវជននិងកីឡា ថែមទៀត។ ការប្រារព្ធទិវាជាតិអំណាន ឆ្នាំនេះស្ថិតក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធពិធីនេះស្ថិតនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានកម្មវិធីដូចជា៖ ពិធីប្រគល់ពានរង្វាន់ “សម្តេចតេជោ ហ៊ុន សែន” ដល់ជ័យលាភី ៖ ពានរង្វាន់ជ័យលាភី ផ្នែកអានអត្ថបទ, ពានរង្វាន់ជ័យលាភី ផ្នែកស្មូតកំណាព្យ, ពានរង្វាន់ជ័យលាភី ផ្នែកតែងនិពន្ធ, បាឋកថាស្តីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំក្នុងសតវត្សរ៍ទី២១” ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, បទបង្ហាញស្តីពី “សារៈសំខាន់របស់អំណាន ក្នុងការសិក្សា” ដោយ ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត សាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ និង សាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន នរវិទូខ្មែរ ម្ចាស់ពានរង្វាន់ ហ៊្វូគូអូកាប្រទេសជប៉ុន។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ ដោយមានការរៀបចំប្រកួតប្រជែងជ្រើសរើសជ័យលាភី ការអាន តែងនិពន្ធ និងមានការដាក់ស្តង់ពិព័រណសៀវភៅ។ សម្រាប់ឆ្នាំ២០២៣នេះ ទិវាជាតិអំណានលើកទី៨ នឹងប្រារព្ធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង