Connect with us

ព័ត៌មានជាតិ

អ្នកនិពន្ធ៣រូប ចែករំលែកពីកត្តាជំរុញឱ្យពួកគេសរសេរសៀវភៅ​

បានផុស

នៅ

អ្នកនិពន្ធខ្មែរ៣រូប ដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា បានចែករំលែកជាមួយ“កម្ពុជាថ្មី” អំពីបទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជាការជំរុញទឹកចិត្ត ដែលនាំឱ្យពួកគេទាំង៣ ក្លាយជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល។ អ្នកនិពន្ធទាំង៣រូបមានដូចជា លោក លី តារា លោក ឆោម សុពៅ និងកញ្ញា អ៉ិន បូបូ។

រូបភាព៖ Dara Ly
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី តារា គឺជាអ្នកនិពន្ធសៀវភៅតាំងពីឆ្នាំ ២០១៦មក ជាប្រភេទសៀវភៅអប់រំ លើកទឹកចិត្ត និងស្នេហា ដែលសរសេរសៀវភៅបានប្រហែល១៦ ចំណងជើង។ លោកបានប្រាប់“កម្ពុជាថ្មី” ថា មូលហេតុដែលជំរុញឱ្យលោកចាប់យកអាជីពនិពន្ធសៀវភៅនេះ គឺផ្អែកលើកត្តា៣សំខាន់ៗ។ កត្តាទី១ គឺលោកចង់ផ្តល់យោបល់ខ្លះៗផ្នែកអប់រំតាមរយៈការអាន ទី២ លើកទឹកចិត្តដល់អ្នកអានគ្រប់គ្នា និងទី៣ ព្យាយាមផ្លាស់ប្តូរទម្លាប់អានសៀវភៅធ្វើឱ្យធុញថប់ និងងងុយគេង មកជាការអានដើម្បីកម្សាន្តវិញ។ យ៉ាងណាមិញ សៀវភៅដែលលោកបានសរសេរ គឺសុទ្ធតែសរសេរជាភាសាអង់គ្លេស។

រូបភាព៖ Dara Ly

លោក លី តារា បាននិយាយថា៖ “ខ្ញុំមានទម្លាប់មួយ គឺខ្ញុំចូលចិត្តសរសេរ Status ខ្លីៗនៅលើ Facebook ក៏ជាការជំនួយឱ្យយើងក្លាយជាអ្នកសរសេរដែលមានការចាប់អារម្មណ៍ និងការទទួលការគាំទ្រពីអ្នកអានបានច្រើនដូចគ្នាដែរ។ ការចាប់ផ្តើមដំបូងរបស់ខ្ញុំ គឺការសរសេរនៅលើ Status”។ លោកបានបន្តថា ការសរសេរពិតជាអាចជួយដល់អ្នកដែលជួបប្រទះបញ្ហាផ្សេងៗដូចជា បញ្ហាស្នេហា មិត្តភក្តិ គ្រួសារ និងសង្គមផ្សេងៗទៀត។ ពួកគេអាចសរសេរបញ្ហាទាំងនោះចេញមក ក៏អាចជួយឱ្យអារម្មណ៍ និងទុក្ខសោកមួយចំនួន​បានធូរស្រាលមួយកម្រិតដែរ។

បញ្ហាប្រឈមរបស់លោកកំឡុងពេលសរសេរសៀវភៅ គឺលោកពិបាកក្នុងការគ្រប់គ្រងពេលវេលា និងកំណត់ការសរសេរឱ្យបានចប់តាមអ្វីដែលចង់បាន។ លោកលើកឡើងថា ជួនកាលគំនិតរបស់លោកក៏ត្រូវជាប់គាំង និងគិតពីសាច់រឿងសរសេរបន្តមិនចេញឡើយ នេះជាបញ្ហាមួយ ហើយលោកជឿថា អ្នកនិពន្ធផ្សេងទៀតក៏អាចនឹងជួបបញ្ហានេះស្រដៀងរូបលោកផងដែរ។ មួយវិញទៀត បញ្ហាសុខភាពក៏ជាកត្តាមួយដែរ ព្រោះការសរសេរតម្រូវឱ្យអង្គុយរាប់ម៉ោង និងគេងមិនបានគ្រប់គ្រាន់ ទាំងអស់នេះក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

រូបភាព៖ Dara Ly

តាមបទពិសោធន៍របស់លោក នៅពេលដែលចាប់ផ្តើមសរសេរដំបូង គឺអានសៀវភៅឱ្យបានច្រើន ចំពោះលោកវិញត្រឹមរយៈពេល៣ឆ្នាំ លោកអានសៀវភៅអស់ប្រហែល ៧០០ក្បាល។ មិនត្រឹមតែអានមួយមុខទេ អ្នកនិពន្ធក៏ត្រូវស្តាប់មតិយោបល់ពីអ្នកអាន និងអ្នកស្គាល់ កាន់តែច្រើន កាន់តែល្អ ដើម្បីយកយោបល់ទាំងនោះមកកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលអ្នកនិពន្ធមាន ហើយក៏ជាជំនួយដែលអ្នកនិពន្ធសរសេរបានកាន់តែល្អជាងមុន។

ចំណែក អ្នកនិពន្ធសៀវភៅមួយរូបទៀត គឺលោក ឆោម សុពៅ ជាគ្រូបង្រៀនតែងនិពន្ធ និងជាអ្នកនិពន្ធនៃគ្រឹះស្ថានដ្រាម៉ា DRAMA Publisher បានឱ្យ “កម្ពុជាថ្មី” ដឹងថា សៀវភៅដែលលោកបាននិពន្ធភាគច្រើនជាសៀវភៅប្រភេទប្រលោមលោក និងសៀវភៅមេរៀនបង្រៀនតែងនិពន្ធ។ ប្រសិនជាគិតមកដល់បច្ចុប្បន្ននេះ គឺលោកសរសេរបានប្រហែល ៣០ចំណងជើងហើយ។

រូបភាព៖ Chhorm Sopeou

ដំបូងឡើយ រូបលោកមិនមានបំណងថាក្លាយជាអ្នកនិពន្ធសៀវភៅនោះទេ ប៉ុន្តែ​ ដោយសារតែការចូលចិត្តអានតាំងពីកំណើត និងអានអស់សៀវភៅជាច្រើនក្បាល បានជំរុញទឹកចិត្តលោកចាប់ផ្តើមសាកសរសេរសៀវភៅតាមការស្រមើស្រមៃរបស់លោកឡើងមក និងចងក្រងសៀវភៅសម្រាប់បង្រៀនដល់អ្នកចង់តែងនិពន្ធផងដែរ។ រូបលោកក៏មិនធ្លាប់ចូលរួមប្រកួតតែងនិពន្ធអ្វីមួយឡើយ ព្រោះលោកយល់ថា មនុស្សម្នាក់ដែលអាចសរសេរសៀវភៅបានមួយរឿងចប់ គឺជារឿងអស្ចារ្យបំផុត។

លោក ឆោម សុពៅ បាននិយាយថា៖ “ខ្ញុំអត់ដែលដាក់ពាក្យប្រកួតប្រជែងតែងនិពន្ធ ដើម្បីបានពានរង្វាន់អ្វីទេ។ ព្រោះសម្រាប់ខ្ញុំ ពានរង្វាន់សម្រាប់អ្នកនិពន្ធគ្រាន់តែអាចសរសេររឿងណាមួយចប់ វាក៏ក្លាយជាពានដ៏អស្ចារ្យមួយទៅហើយ”។ លោកបានបន្តថា សម្រាប់សៀវភៅមុននឹងចេញផ្សាយ គឺលោកតែងមានក្រុមការងារជួយសម្រួល ប្រឹក្សា និងកែលម្អសាច់រឿងជានិច្ច។ ភាគច្រើនជាអ្នកអានសៀវភៅរបស់លោក គឺអ្នកគ្រូ លោកគ្រូ ឬ ជាកូនសិស្សរបស់លោកផ្ទាល់តែម្តង។

រូបភាព៖ Chhorm Sopeou

លោកក៏បានផ្តាំផ្ញើដល់អ្នកមានបំណងចង់ក្លាយជាអ្នកនិពន្ធផ្សេងទៀតថា មុននឹងចាប់ផ្តើមតែងនិពន្ធសៀវភៅ អ្នកនិពន្ធត្រូវសួរខ្លួនឯងថា បានស្គាល់ខ្លួនឯងបានកម្រិតណាហើយ? សៀវភៅដែលនិពន្ធឡើងមក ដើម្បីគោលបំណងអ្វី? អ្នកនិពន្ធ ក៏ត្រូវហ្វឹកហាត់ជំនាញនិពន្ធរបស់ខ្លួនឱ្យបានល្អ ព្រមទាំងមានទំនុកចិត្តលើការសរសេររបស់ខ្លួនជាមុនសិនដែលចំណុចនេះពិតជាសំខាន់ណាស់។ អ្នកនិពន្ធមានទំនុកចិត្តហើយ អ្នកនិពន្ធក៏អាចសម្រេចចិត្តចេញផ្សាយសៀវភៅរបស់ខ្លួនដល់អ្នកអានផងដែរ។

លោកបញ្ជាក់ថា៖ “ការនិពន្ធពិតជាអាចធ្វើឱ្យយើងមានភាពស្រណុក និងបាននាំអ្នកទៅកាន់ពិភពមួយដែលគ្មាននរណាទៅដល់ក្រៅពីអ្នកអាន និងអ្នកនិពន្ធ”។ លោកបានចែករំលែកទៀតថា ឧបសគ្គរបស់លោកក្នុងពេលតែងនិពន្ធ គឺត្រូវការចំណាយពេលវេលាយូរមុននឹងចេញផ្សាយសៀវភៅនីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យម្តងហើយម្តងទៀត ដើម្បីសៀវភៅចេញផ្សាយបានល្អ និងទទួលបានការគាំទ្រច្រើន។

រូបភាព៖ A Bo In

រីឯ កញ្ញា អ៉ិន បូបូ ជាគ្រូបង្រៀន និងជាអ្នកនិពន្ធ ក៏បានឱ្យ “កម្ពុជាថ្មី” ដឹងថា កញ្ញាចាប់ផ្តើមសរសេរសៀវភៅ គឺផ្តើមចេញពីការស្រឡាញ់ជាធំ។ កំឡុងឆ្នាំ២០១៧-២០១៨ កញ្ញាក៏បានរៀនសូត្របណ្តុះបណ្តាលពីការតែងនិពន្ធនេះ ហើយក៏ចាប់ផ្តើមការតែងនិពន្ធតាំងពីពេលនោះមក។ កញ្ញា អ៉ិន បូបូ បានបន្តថា សៀវភៅដែលកញ្ញាបានបោះពុម្ពរួចមាន១ចំណងជើង ជាប្រភេទរឿងកំប្លែង។ ខ្លះទៀត ក៏មានជារឿងខ្លីបែបមនោសញ្ចតនាដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ និងអត្ថបទទូទៅ។ មិនតែប៉ុណ្ណោះ កញ្ញាក៏បានសរសេរសៀវភៅបែបរន្ធត់១ចំណងជើងថែមទៀត។

រូបភាព៖ A Bo In

មុននឹងសៀវភៅត្រូវបានចេញផ្សាយ កញ្ញាក៏ត្រូវឆ្លងកាត់ការជួយកែលម្អ ការប្រឹក្សាដែលកើតចេញពីរៀមច្បងសម្រាប់ការផ្តល់យោបល់ត្រឡប់ និងអ្នកគ្រូ លោកគ្ រូដែលមានបទពិសោធន៍លើអាជីពនេះ។ កញ្ញាធ្លាប់ទទួលបានប័ណ្ណកិត្តិយសក្នុងការប្រឡងពានរង្វាន់ព្រះនាងឥន្រ្ទទេវី២០២២ ផ្នែកតែងនិពន្ធថែមទៀត។ អ្នកនិពន្ធរូបនេះ ក៏បានលើកឡើងថា ការសរសេរ និងការតែងនិពន្ធ គឺជួយឱ្យមនុស្សធូរស្រាលបានមួយកម្រិត។

កញ្ញា អ៉ិន បូបូ និយាយថា៖ “ការតែងនិពន្ធពិតជាជួយឱ្យយើងចេញពីភាពតានតឹង ដ្បិតតែការនិពន្ធទាមទារភាពអត់ធ្មត់ច្រើន ត្រូវគិតច្រើន តែពេលដែលយើងមានជំនក់ចិត្តចូលស៊ប់ទៅក្នុងបទនិពន្ធរបស់ខ្លួន វាធ្វើឱ្យយើងរីករាយដែលអាចធ្វើវា បញ្ចប់វាបាន បង្ហាញនូវការយល់ឃើញទៅក្នុងនោះ កាត់បន្ថយការអផ្សុក ហើយស្វែងរកអីថ្មីៗតាមការអាន និងមើលស្នាដៃដទៃទៀត”។

អ្នកនិពន្ធវ័យក្មេងរូបនេះ បានផ្តាំងផ្ញើទៅសាធារណជនថា មុននឹងមានចិត្តចង់តែងនិពន្ធ គឺត្រូវអត់ធ្មត់ឱ្យបានខ្ពស់ ត្រូវអាន សរសេរ និងស្រាវជ្រាវឱ្យបានច្រើន។ មួយទៀតក៏ត្រូវស្តាប់ការណែនាំ និងយោបល់ពីមនុស្សជុំវិញខ្លួន និងអ្នកអានផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គឺកញ្ញា អ៉ិន បូបូ ក៏បានលើកឡើងថា ក្នុងនាមជាអ្នកនិពន្ធ កុំឱ្យរំពឹងពីភាពល្បីល្បាញឱ្យសោះ គួរខិតខំអភិវឌ្ឍន៍ខ្លួនឱ្យបានច្រើន និងសរសេរចេញពីបេះដូង ទើបមិនខកបំណងនៅថ្ងៃក្រោយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម