ព័ត៌មានជាតិ
តំណាងកម្ពុជាប្រចាំ UN ទទូចឲ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបំពេញមុខងាររបស់ខ្លួន
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានទទូចឲ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធី ពិសេសក្នុងការបំពេញមុខងាររបស់ខ្លួន។

ការទទូចនេះ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ក្រោមចំណងជើងថា “ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំង ឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ”។
សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ដែលមានចេតនានយោបាយ និងមានបំណង បំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោសលោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការចាំបាច់ សូមផ្ដល់ការបំភ្លឺអង្គហេតុ និងអង្គច្បាប់ ដូចតទៅ៖
១. ការលើកកម្ពស់ និងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្ដី សិទ្ធិ និងសេរីភាពទាំងឡាយណា ដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុង គោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ ទោះបីយោងតាមបទដ្ឋាន ណាក៏ដោយ។
២. នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិន ផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្ស នយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្ដល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាព ឡើយ។ បទល្មើសដែលបានប្រព្រឹត្ត មិនអាចត្រូវបានប្រើជាទឡឹករណ៍ សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។
៣. ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើឡើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុងបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់ តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦លើក។
៤. ក្រុមអ្នកជំនាញ ដែលបានធ្វើអត្ថាធិប្បាយដោយសំអាងទៅលើមតិរបស់ក្រុមការងារ ស្តីពី ការឃុំខ្លួនតាមទំនើងចិត្ត ដែលជាបណ្តុះបុគ្គល ៥រូប រួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្កឱ្យមានការភ័ន្តច្រឡំទៀតផង។ មតិរបស់ក្រុមការងារនេះ ពុំមានទម្ងន់អ្វី ទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ។ បុគ្គលទាំង៥ រូប ពុំមែនជា មន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែបម្រើក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹង ជាក់ស្តែងអំពីការពិត និងច្បាប់របស់កម្ពុជា។
៥. ផ្ទុយពីការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ ការចាប់ និងឃុំខ្លួនលោក កឹម សុខា គឺធ្វើឡើងស្របតាមនីតិវិធីច្បាប់ទាំងស្រុង។ ដោយជនជាប់ចោទបានប្រព្រឹត្តបទល្មើសជាក់ស្ដែង នគរបាលយុត្តិធម៌ មានសិទ្ធិអំណាចពេញលេញក្នុងការចាប់ខ្លួន នៅពេលវេលា និងទីកន្លែងណាក៏បាន ដោយមិនគិតពីអភ័យឯកសិទ្ធិសភា។ ចាប់តាំងពីការចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ ២០១៧មក លោក កឹម សុខា ទទួលបានសិទ្ធិ និងឱកាសការពារផ្លូវច្បាប់យ៉ាងពេញលេញ ដោយមានការគាំទ្រពីមេធាវីចំនួន ៤រូប ដើម្បីការពារខ្លួនពីការចោទប្រកាន់ និងបង្ហាញទឡីករណ៍នៅក្នុងតុលាការ ដែលជាផ្នែកនៃសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយ យុត្តិធម៌។
៦. ការចោទប្រកាន់ថា ការឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្ន ធ្វើឡើងតាមទំនើងចិត្ត គឺគ្រាន់តែជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈ ចង់យល់ដឹងអំពីនីតិវិធីតុលាការកម្ពុជា ពីសំណាក់ក្រុមអ្នករាយការណ៍ពិសេសទាំងនោះ។ យោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុង ករណីបទឧក្រិដ្ឋអាចពន្យារដល់អតិបរមា១៨ ខែ។ ការណ៍ដែល លោក កឹម សុខា ត្រូវបាន ដោះលែងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ “ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមានលក្ខខណ្ឌ” មានន័យថា គាត់ពុំស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នទៀតទេ។ វិធានការ ត្រួតពិនិត្យរបស់តុលាការ គឺគ្រាន់តែជាការធានាវត្តមានជនជាប់ចោទដើម្បីបន្តនីតិវិធីច្បាប់ នៅចំពោះមុខតុលាការ។
៧. ការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈ» នៅក្នុងបន្ទុកសវនាការមានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃវិជ្ជាជីវៈច្បាប់ និងតុលាការ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឲ្យចូលទៅក្នុង បន្ទប់សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែងនៅបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងសន្តិសុខ។ ក្រុមអ្នករាយការណ៍ពិសេសប្រហែលពុំបាន ដឹងទេថា មានតំណាងអង្គទូតជាច្រើនបានចូលរួមតាមដាន នៅក្នុងបន្ទប់សវនការទាំងមូល។
៩. ទោះបីជាអវត្តមានអ្នកនយោបាយពីរ ឬបីរូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការបោះឆ្នោតជាសកល នៅខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ពលរដ្ឋ។
១០. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឲ្យអ្នករាយការណ៍ពិសេសប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធី ពិសេសក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈណាមួយ ដែលអាចត្រូវបានគេចាត់ទុកថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ