Connect with us

ព័ត៌មានជាតិ

USAID ប្រកាសបើកយុទ្ធនាការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថានកម្ពុជា

បានផុស

នៅ

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានធ្វើពិធីប្រកាសជាផ្លូវការអំពីយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពី “ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ” នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ មានការនិមន្តចូលរួមរបស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ការចូលរួមពីតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ អង្គការដៃគូ​ សិស្សនិស្សិត និងសិល្បករ សិល្បការិនី ជាច្រើនរូបទៀត។ ការចូលរួមពីគ្រប់ភាគីនេះ គឺជារូបភាពមួយក្នុងការផ្សព្វផ្សាយពីការចោលសំរាមឱ្យបានត្រឹមត្រូវ ដើម្បីការពារ និងថែរក្សាបរិស្ថាននៅកម្ពុជាឱ្យមានផាសុខភាព និងសណ្តាប់ធ្នាប់ល្អក្នុងសង្គម។

លោកស្រី Hanh Nguyen នាយិកាស្តីទី USAID បានលើកឡើងនៅក្នុងពិធីបើកយុទ្ធនាការនេះថា គ្រប់ទីកន្លែងនៅក្នុងពិភពលោក ការចោលសំរាមរឹងនៅតែជាបញ្ហាប្រឈម ខណៈចំនួនប្រជាជនមានការកើនឡើង ការវេចខ្ចប់ផលិតផលនានា និងការចោលសំរាមមិនបានត្រឹមត្រូវ គឺជាបញ្ហាសំខាន់ដែលមិនអាចព្រងើយកន្តើយបានឡើយ។ ជាមួយគ្នានេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ USAID បានរួមចំណែកជាទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារ ដើម្បីថែរក្សា និងការពារបរិស្ថាន ធនធានធម្មជាតិរបស់កម្ពុជា។ ចំណែក សហរដ្ឋអាមេរិកវិញ គឺបានចំណាយប្រមាណ ១១ពាន់លានដុល្លារក្នុង១ឆ្នាំៗ ដើម្បីសម្អាតសំរាមនៅទីនោះ។

លោកស្រីនាយិកាមានប្រសាសន៍ថា៖ “ដោយសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងបរិស្ថាន ក៏ដូចជាអ្នកឧបត្ថម្ភកម្មវិធីរបស់យើងថ្ងៃនេះ យើងកំពុងបានជំរុញផលប្រយោជន៍រួមរបស់យើងនៅក្នុងការថែរក្សាប្រទេសកម្ពុជាឱ្យមានភាពស្អាត”។ លោកស្រីបានបន្តថា យុទ្ធនាការនេះ នឹងត្រូវបានអនុវត្តតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គម្រាង តាមរយៈសមាជិកក្រុមបៃតង និងអ្នកមានឥទ្ធិពលក្នុងសង្គមដែលយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន។ លោកស្រី Hanh Nguyen បានអំពាវនាវឱ្យប្រជាជនចេះបែងចែកសំរាម និងប្រើប្រាស់សម្ភារៈណាដែលអាចកែច្នៃឡើងវិញបាន។ ទន្ទឹមនេះ បញ្ហាសំរាម និងយុទ្ធនាមួយនេះ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនជាគ្មានការចូលរួមពីមនុស្សគ្រប់រូប។

ចំណែក លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន រាជនាធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងថែរក្សាបរិស្ថានរបស់ USAID និងក្រុមយុវជនស្ម័គ្រចិត្តបៃតង ដែលបានរៀបចំយុទ្ធនាការនេះឡើងមកសម្រាប់បរិស្ថានកម្ពុជា។ តាមរយៈកំណើនប្រជាជននៅក្នុងទីក្រុង និងសកម្មភាពជាច្រើនបានធ្វើឱ្យបរិមាណសំរាមសំណល់រឹងមានការកើនឡើងប្រមាណជាង ៣,៧០០តោនក្នុងមួយថ្ងៃ។ ទាំងនេះ គឺជាកង្វល់ដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវយកចិត្តទុកដាក់។

លោកមានប្រសាសន៍ថា៖ “កង្វល់ទាំងនេះត្រូវបានដោះស្រាយ ក្រោយមានកំណែទម្រង់របស់រាជរដ្ឋាភិបាលទៅលើការគ្រប់គ្រងសំរាមសំណល់រឹងរាជធានីភ្នំពេញ។ ដោយបានជ្រើសរើសក្រុមហ៊ុនចំនួន៣ឱ្យមានការប្រកួតប្រជែងគ្នាលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង ចាប់ដំណើរការតាំងពីឆ្នាំ២០២១មកម្ល៉េះ”។ ជាលទ្ធផល ក្រុមហ៊ុនទាំង៣ បានប្រមូល និងសម្អាតសំរាមបានយ៉ាងល្អតាមទីកន្លែងនីមួយៗក្នុងទីក្រុងទាំងមូល។

រីឯ លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីឱ្យទីក្រុងស្អាត គឺមានការចូលរួមពីប្រជាជនគ្រប់រូប។ លោកបានសំណូមពរដល់សាធារណជនគ្រប់រូប គួរប្រើប្រាស់ប្លាស្លិកឱ្យបានត្រឹមត្រូវ និងប្រើចំពោះពេលណាដែលចាំបាច់ប៉ុណ្ណោះ ហើយចំពោះប្លាស្ទិកណាដែលកែច្នៃបាន គួរកែច្នៃឡើងវិញទើបជាការប្រសើរ។

លោកមានប្រសាសន៍ថា៖ “យើងចង់បំបាត់ថង់ប្លាស្ទិក ទាល់តែចូលរួមទាំងអស់គ្នា ទាំងវិស័យឯកជន និងអង្គការ ដូចយើងកំពុងតែធ្វើនេះ គឺអង្គការ USAID គឺធ្វើការច្រើន”។ លោកបន្តថា USAID បានធ្វើការជាច្រើន និងស្អិតរមួតជាមួយក្រសួងបរិស្ថាន។ មួយវិញទៀត បណ្តាញផ្សព្វផ្សាយសង្គម និងអ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីសំខាន់ណាស់សម្រាប់ជំរុញ លើកស្ទួយឱ្យមានការប្រើប្រាស់ប្លាស្ទិក និងចោលសំរាមបានត្រឹមត្រូវ។

សូមជម្រាបថា នៅក្នុងពិធីប្រកាសយុទ្ធនាការនេះ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលមួយចំនួនដែលបានកែច្នៃពីសំណល់សំរាមប្លាស្ទិក យកមកធ្វើជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗយ៉ាងស្រស់ស្អាតផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម