Connect with us

ព័ត៌មានជាតិ

ធនធានមនុស្សជាង ១ពាន់នាក់ ចាប់យកជំនាញ​កសិកម្ម នៅឆ្នាំថ្មីនេះ

បានផុស

នៅ

ក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មាននិស្សិតចំនួន ១.០៤៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៤២១នាក់ ស្មើនឹង៤០% បានចូលរៀនជំនាញនេះ។ បច្ចុប្បន្នសាកលវិទ្យាភូមិន្ទកសិកម្ម បានអភិវឌ្ឍកម្មវិធីសិក្សាកាន់តែប្រសើរ មានមុខវិជ្ជាច្រើនជាងមុន វិធីសាស្ដ្របង្រៀនថ្មីៗ គឺចាប់ផ្តើមពីមហាវិទ្យាល័យជលផល និងកសិឧស្សាហកម្ម ដោយផ្តោតលើការអនុវត្តផ្ទាល់ និងការចូលរួមពីនិស្សិត ដូចជា ការភ្ញាស់កូនត្រី ការធ្វើចំណី ការចិញ្ចឹមត្រីការរៀបចំ​បែរឬស្រះ និងការធ្វើទីផ្សារ ដើម្បីធានាគុណភាពបណ្តុះបណ្តាល សមត្ថភាពប្រកួតប្រជែងរបស់និស្សិត​ក្នុងទីផ្សារការ​ងារក្រោយពេលបញ្ចប់ការសិក្សា។ ជាមួយគ្នានេះដែរ សាលាក៏បានដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារ ដែលនឹងផ្តល់ព័ត៌មាន ជួយតម្រង់ទិស និងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតដែលជិតបញ្ចប់ ឬទើបបញ្ចប់​ការសិក្សាជាមួយនឹងទីផ្សារការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) កាលពីថ្ងៃទី ១៣ មីនា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមក្នុងការ​អភិវឌ្ឍវិស័យ​កសិកម្ម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក បានលើកឡើងអំពីភាពសំខាន់នៃទស្សនវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយបានធ្វើការ​ផ្តាំផ្ញើដល់និស្សិតចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូលចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួន ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យ ដោយមិនបាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះត្រូវតាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀនដើម្បីចេះទាំងចំណេះដឹងក្នុងនិងក្រៅសាលា ចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត។ លើសពីនេះទៀត ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការ​យល់ដឹង​ឱ្យកាន់​តែទូលំទូលាយ ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាស​ការងារក្នុង​វិស័យរដ្ឋ ឯកជន និងអាចជាវិនិយោគិនក្នុងវិស័យកសិកម្ម។

លោក ឌិត ទីណា ក៏បានផ្ដល់អនុសាសន៍ដល់សាលាឱ្យធ្វើការបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ​ការអភិវឌ្ឍកម្មវិធីសិក្សា និងជំរុញឱ្យមានកម្មវិធីផ្សារភ្ជាប់ក្រុមហ៊ុននិងសាកលវិទ្យាល័យ ដើម្បីតម្រង់​ទិសនិស្សិត​ឱ្យត្រូវនឹងតម្រូវការរបស់ក្រុមហ៊ុននិងដំណើរការធនធានមនុស្សរបស់ក្រុមហ៊ុន។ ដើម្បីចូលរួមបន្ថែម​ក្នុងការ​អភិវឌ្ឍធនធានមនុស្ស លោករដ្ឋមន្រ្តី បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតចំនួន ១៩នាក់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម