ព័ត៌មានជាតិ
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
រដ្ឋាភិបាលបានចាយថវិការាប់រយលានដុល្លារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើបណ្តាញផ្លូវគមនាគមន៍ រួមទាំងសំណង់ស្ពានតូចធំ។ គម្រោងខ្លះកំពុងដំណើរការសាងសង់ ខណៈមួយចំនួនទៀតនឹងឈានទៅបញ្ចប់គ្រោងដាក់ឲ្យប្រើប្រាស់ក្នុងពេលខាងមុខ។
ផ្លូវក្រវាត់ក្រុងទី ៣
ផ្លូវក្រវាត់ក្រុងទី៣ បានផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ ២០១៩។ ជាផ្លូវក្រវ៉ាត់ក្រុងដ៏ធំទំនើបដំបូងគេរបស់ប្រទេសកម្ពុជា ដែលចាយថវិកាជាង ២៤០ លានដុល្លារ។
ផ្លូវក្រវាត់ក្រុងទី ៣ ជាផ្លូវវៀងក្រុងដ៏សំខាន់ក្នុងរាជធានីភ្នំពេញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលលើប្រវែងផ្លូវជាង ៥៣ គីឡូម៉ែត្រ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងកាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ មានភាពយឺតយ៉ាវជាងផែនការជាងមួយឆ្នាំ តែលោកសង្ឃឹមថានឹងរួចរាល់នៅមុនយុទ្ធនាការបោះឆ្នោតអំឡុងខែឧសភា ឬមិថុនានេះ។
ស្ពានខ្សែកាបឫស្សីកែវ
ស្ពានខ្សែកាបឫស្សីកែវ នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសម្រេចបានជាង ៩៣% នៃគម្រោង។ ស្ពាននេះសាងសង់ចេញពីចំណុចឃ្លាំងសាំងសូគីម៉ិចនៅលើផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលវិនិយោគសាងសង់អស់ជាង ៣៥ លានដុល្លារអាមេរិក។
ស្ពានកោះនរា
ស្ពានកោះនរា បានបើកការដ្ឋានសាសងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា ឆ្នាំ២០២០ ដែលតភ្ជាប់ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា និងទៅផ្លូវជាតិលេខ១។ គិតត្រឹមខែមករា ឆ្នាំ ២០២៣ ការដ្ឋានស្ពានសម្រេចបានជាង ៥០ ភាគរយ។
ផ្លូវជាតិលេខ ៣១ និង ៣៣
ផ្លូវជាតិលេខ៣១ និងលេខ៣៣ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។
ផ្លូវជាតិលេខ៣១ និងលេខ៣៣ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប និងខេត្តដទៃទៀតប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រករបៀងដ៏សំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងប្រទេសថៃថែមទៀត។
ផ្លូវជាតិលេខ៣១ និងលេខ៣៣ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ ៣ ដែលបានសាងសង់រួច ជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែប និងខេត្តកំពត កាន់តែច្រើនថែមទៀត។ ជាងនេះគម្រោងកែលម្អផ្លូវទាំងពីរនេះ នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹក។
ផ្លូវជាតិលេខ ៤
ក្នុងឱកាសដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ កាលពីពេលថ្មីៗ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ដែលមានប្រវែង ១៩៦ គីឡូម៉ែត្រនេះ នឹងសាងសង់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០ គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦ គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤។
បើតាមលោក ស៊ុន ចាន់ថុល ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១០ ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០ គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២ គន្លង ទៅជា ៤ គន្លង។
ស្ពានខេត្តក្រចេះ
ស្ពានឆ្លងទន្លេខេត្តក្រចេះ បានបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២៣។ ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
គម្រោងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨ លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ ខែ។
ផ្លូវ ៧១C
ផ្លូវជាតិលេខ ៧១C បានបើកការដ្ឋានសាងសង់ ស្របពេលការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ សម្រាប់ផ្លូវ ៧១C មានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។
ផ្លូវជាតិលេខ ៧ ពីស្គន់ទៅកំពង់ចាម
កំណាត់ផ្លូវជាតិលេខ៧ ដែលមានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម បានបើកការដ្ឋានស្តារនិងពង្រីកពី ២ គន្លង ទៅ ៤គន្លង កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣។
តាមផែនការនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដោយចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាមេរិក។
ស្ពានអាកាសឫស្សីកែវ
ស្ពានអាកាសឫស្សីកែវ បានដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ បើទោះបីមិនទាន់បញ្ចប់ទាំងស្រុងក៏ដោយ។ ស្ពានអាកាសឫស្សីកែវ បើកការដ្ឋានសាងសង់កាលពីថ្ងទី ៣១ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។
ស្ពាននេះមានបណ្ដាយប្រវែង ៤៨៣ ម៉ែត្រ និងទទឹង១៥,៨ ម៉ែត្រ ដែលទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
ផ្លូវជាតិលេខ ៥
ផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវ៉េលេខ១ គឺជាគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារផ្លូវមួយខ្សែនេះ តភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ភាគពាយព្យ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន៖ កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ហើយក៏ជាផ្លូវសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាផងដែរ។
ការសាងសង់ផ្លូវនេះបែងចែកចេញជា ៣ កំណាត់ផ្សេងៗគ្នាគឺផ្នែកខាងជើង, តំបន់កណ្ដាល, និងផ្នែកខាងត្បូង ដោយគិតចាប់ពីព្រែកក្តាម ខេត្តកណ្ដាល រហូតទៅដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ។
ការសាងសង់ផ្លូវនេះប្រើប្រាស់កម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនជាង ៥០០ លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២៤។
ផ្លូវជាតិលេខ ២
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកា ៥៦,១លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះមានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ចែកចេញជា៣ផ្នែក
ផ្នែកទី១ៈ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ (៤គន្លង)។
-ផ្នែកទី២ៈ ចាប់ពីផ្លូវប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ទទឹង ២០,៥០ម៉ែត្រ (៤គន្លង)។
-ផ្នែកទី៣ៈ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ និងទទឹង១៣ម៉ែត្រ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវជាតិលេខ២ និងលេខ២២ នឹងបញ្ចប់នៅឆ្នាំ ២០២៣។
ផ្លូវជាតិលេខ ១០
គិតមកដល់ពេលនេះ ផ្លូវជាតិលេខ១០ ពីខេត្តកោះកុងទៅកាន់ខេត្តបាត់ដំបង សម្រេចការសាងសង់បានជិត ៧០ ភាគរយ ហើយតាមផែនការនឹងរួចរាល់នៅឆ្នាំ២០២៤។
លាតសន្ធឹងពីខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង មានប្រវែងប្រវែង ១៩៧,៣៧ គីឡូម៉ែត្រ ត្រូវចំណាយលើការសាងសង់ប្រមាណ ១៨៨ លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្នុងគម្រោងតម្រូវឲ្យមានការសាងសង់ស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់ ៧៥ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
ផ្លូវជាតិលេខ ៤១
ផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត បានបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាព ក្រោមអធិបតីភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលនឹងបញ្ចប់នៅឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបជាង ៦៧ លានដុល្លារ។
ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ តភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជា៖ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។
ផ្លូវជាតិ ៤៨
ការសាងសង់ផ្លូវជាតិលេខ ៤៨ សម្រេចវឌ្ឍនភាពការងារបាន ១១,៧៦% ហើយ ខណៈផ្លូវនេះតាមផែនការត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤។
ផ្លូវជាតិ ៤៨ បើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែកមរា ឆ្នាំ២០២២ ដោយចំណាយថវិកាសរុបប្រមាណ ៦៥,១៤ លានដុល្លារ។ ផ្លូវនេះគឺជាកំណាត់ផ្លូវអាស៊ានលេខ ១២៣ ដែលលាតសន្ធឹងពីប្រទេសវៀតណាម ហើយបញ្ចប់នៅប្រទេសថៃ។
ផ្លូវនេះនឹងមានមុខងារសំខាន់ៗជាច្រករបៀងសេដ្ឋកិច្ចសក្តានុពល សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងសមាហរណកម្មផ្ទៃក្នុងនិងតំបន់ និងការជំរុញពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ ផ្លូវនេះក៏នឹងលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមច្រករបៀងឆ្នេរសមុទ្រ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់ប្រជាជនផងដែរ។ គម្រោងនេះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលាដឹកជញ្ជូន និងការចំណាយ ព្រមទាំងរួមចំណែកដល់បណ្តាញដឹកជញ្ជូនជាតិ។
ស្ពានអាកាសព្រះមុនីវង្ស
«ស្ពានអាកាសព្រះមុនីវង្ស» ស្ថិតនៅក្នុងចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។
ស្ពានអាកាសព្រះមុនីវង្ស បានបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងបុកគ្រឹះសសរស្ពាន ដោយគ្រោងចំណាយពេលវេលាសាងសង់ ៣៦ ខែ និងថវិកាជាង ៣៦ លានដុល្លារ។
«ស្ពានអាកាសគង់សំអុល»
«ស្ពានអាកាសគង់សំអុល» ក៏បើកការដ្ឋានសាងសង់ដំណាលស្ពានអាកាសព្រះមុនីវង្ស ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយគ្រោងចំណាយថវិកា ១០ លានដុល្លារ និងរយៈពេលសាងសង់ ១៦ខែ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ