ព័ត៌មានជាតិ
កម្ពុជា និងប៊ុលហ្គារី បង្ហាញឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំ
កម្ពុជា និងប៊ុលហ្គារី បានបង្ហាញឆន្ទៈ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។

ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងប៊ុលហ្គារី សម្រេចបានប្រមាណ ៨,១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារអាមេរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។
កម្ពុជា និងប៊ុលហ្គារី បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាលស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានរំលេច ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា កាលពីថ្ងៃទី ១៥ មីនា ថា កម្ពុជា បានខិតខំប្រឹងប្រែងនិងការបេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច វិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។ លោកបានបន្តថា ការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ធ្វើឱ្យកម្ពុជា មានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

លើសពីនេះទៀត លោករដ្ឋមន្រ្តី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីប៊ុលហ្គារី ដើម្បីផ្តល់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ និងបានជូនពរឱ្យលោកស្រីឯកអគ្គរដ្ឋទូត ទទួលបាននូវភាពជោគជ័យគ្រប់ការបំពេញភារកិច្ចថ្មីទៀត នាពេលអនាគត។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រួមនឹងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកស្រី បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើកការទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារី៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ