ព័ត៌មានជាតិ
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវត្ថុបុរាណខ្មែរទទួលបានមកវិញ ក្រោយគេលួចក្នុងសម័យសង្គ្រាម
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣នេះ នឹងរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/009-23-1024x614.png)
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាម ស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។
សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្តី បានផ្តល់ឱកាសមាសអនុញ្ញាតឲ្យកម្ពុជា អាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាមង្គល និងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជនអ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចតទៅ៖
កិច្ចព្រមព្រៀងមួយ នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាតំណាងន រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូផ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ។
បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ ខ្មែរសំខាន់ៗជាច្រើន ដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ក៏ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ថ្មីៗនេះទៀតសោត គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំងធំតូចចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាម តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសុញ្ញរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរ ដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា៖ ព្រះឥសូរនិងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមព្រលឹងបារមីនៃបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញនេះ តាមជួយបីបាច់ថែរក្សា ព្រះរាជាណាចក្រកម្ពុជាឲ្យជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍៕
![](https://www.kampucheathmey.com/wp-content/uploads/2023/03/001-9-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/002-7-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត