ព័ត៌មានជាតិ
តម្លៃមាសងើបឡើង! តើពលរដ្ឋ គួរទិញទុក ឬលក់ចេញនៅពេលនេះ?
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានងើបឡើងជាបន្តបន្ទាប់ ខណៈដែលរូបិយប័នដុល្លារកំពុងធ្លាក់ថ្លៃ។ ដោយឡែកតម្លៃមាសនៅកម្ពុជា ក៏ស្ទុះឡើងផងដែរ ពោលគឺស្របតាមតម្លៃមាសនៅលើពិភពលោក។

អ្នកស្រាវជ្រាវ និងតាមដានតម្លៃមាស បានលើកឡើងថា ការទិញមាសនាពេលនេះ អាចនឹងចំណេញច្រើន ដោយសារ តម្លៃមាសនឹងបន្តឡើងថ្លៃថែមទៀត អាចចន្លោះពី ២២៥០ដុល្លារ ទៅ ២៥០០ដុល្លារ ក្នុងមួយតម្លឹង (តម្លៃមាសនៅកម្ពុជា)។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានលើកឡើងថា ហាងឆេងមាសកំពុងឡើងថ្លៃខ្លាំង គឺចាប់ពីថ្ងៃទី ១០ មីនា សប្តាហ៍មុនមក។

អ្នកតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោករូបនេះ បង្ហាញហេតុផលដែលបណ្តាលឱ្យតម្លៃមាសងើបឡើង ដោយសារកត្តាមួយចំនួន រួមមាន៖ ភាពអត់ការងារនៅអាមេរិក បានទាញទម្លាក់សេដ្ឋកិច្ចអាមេរិកយ៉ាងខ្លាំង។ ចំណូលគិតក្នុងមួយម៉ោងរបស់អាមេរិកក៏ថយចុះផងដែរ ដែលធ្វើឱ្យសេដ្ឋកិច្ច និងប្រាក់ដុល្លារ បន្តធ្លាក់ចុះតម្លៃ។

ជាមួយគ្នានេះ លោកថា ការដួលរលំនៃធនាគារនៅអាមេរិក ដោយសារពលរដ្ឋ និងម្ចាស់អាជីវកម្មសម្រុកដកប្រាក់ ពីធនាគារស្ទើរតែអស់ ធ្វើឱ្យធនាគារដួលរលំ។ ធនាគារខ្លះ បានធ្លាក់ភាគហ៊ុនខ្លាំង ដោយមួយថ្ងៃស្ទើរតែធ្លាក់ចុះ ៥០ភាគរយ។ ដោយឡែកធនាគារមួយចំនួនទៀត មិនពាក់ព័ន្ធនឹងបញ្ហាប្រតិបត្តិការសាច់ប្រាក់ទេ គឺមកពីខុសគោលការណ៍របស់អាជ្ញាធរធនាគារកណ្តាលរបស់អាមេរិក រដ្ឋាភិបាលក៏ផ្អាកដំណើរការ។
ចំណែកអត្រាការប្រាក់កើនឡើងដល់ ៤.៧៥ ក៏ជាបញ្ហាចោទផងដែរ ។ លោក ឡុង សំណាង លើកឡើងថា នៅថ្ងៃទី ២២ មីនា ខាងមុខ ធនាគារកណ្តាលនឹងដំឡើងការប្រាក់ម្តងទៀត គោលដៅដើម្បីទាញទម្លាក់អតិផរណា ដោយបច្ចុប្បន្នអតិផរណាកើនឡើងជាង ៦ភាគរយ។ ប៉ុន្តែប្រសិនបើអាមេរិកដំឡើងអត្រាការប្រាក់បន្ថែមទៀត នោះនឹងធ្វើឱ្យលុយដុល្លារកាន់តែឡើងថ្លៃ ដូច្នេះឱនភាពនៃការវិនិយោគនៅអាមេរិកនឹងបន្តធ្លាក់ចុះ បង្កឱ្យមានបញ្ហាជាមួយធនាគារមួយចំនួនបន្ថែមទៀត។ មូលហេតុនេះហើយ ដែលធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ថ្លៃ បណ្តាលឱ្យតម្លៃមាសស្ទុះឡើងយ៉ាងគំហុក រហូតដល់ ១អោន ជាង ១៩០០ដុល្លារ គិតជាតម្លឹង ជាង ២២៣០ដុល្លារ នៅអាមេរិក។

លោក ឡុង សំណាង បានបន្តដូច្នេះថា «សម្រាប់ខ្ញុំ មើលឃើញថា តម្លៃហាងឆេងមាសនឹងបន្តកើនឡើងថែមទៀត។ នៅពេលតម្លៃមាសនៅលើពិភពលោកប្រែប្រួល តម្លៃមាសនៅកម្ពុជា ក៏ប្រែប្រួលទៅតាមនឹងដែរ។ សម្រាប់អាជីវករនៅកម្ពុជា ចង់ជួញដូរមាស គួរតែទិញនាពេលនេះ ជាជាងការលក់ចេញ ដោយសារនៅក្នុងឆ្នាំ ២០២៣នេះ នឹងមានវិបត្តិសេដ្ឋកិច្ច»។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នសេដ្ឋកិច្ច បានធ្លាក់ចូលក្នុងវិបត្តិបណ្តើរៗហើយ តែមិនទាន់ខ្លាំង។ វិបត្តិនេះ នឹងជំរុញឱ្យតម្លៃមាសកាន់តែកើនឡើង ឥទ្ធិពលលុយដុល្លារធ្លាក់ចុះខ្សោយ ដោយសារប្រទេសនីមួយៗគាំងស្ទះវិបត្តិសេដ្ឋកិច្ច។
ក្រឡេកមកមើលទីផ្សារកម្ពុជា ហាងមាសមួយចំនួន ទទួលបានអតិថិជនច្រើន។ លោក ទី មង្គល ម្ចាស់ហាងមាសទីមង្គល នៅរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា តម្លៃមាសកើនឡើងជាលំដាប់។ ទន្ទឹមនឹងការកើនឡើងនេះ ក៏មានតម្រូវការមាសច្រើនផងដែរ។ លោកបានបន្ថែមដូច្នេះថា« ខ្ញុំមើលឃើញថា ដោយសារជិតចូលឆ្នាំខ្មែរ មានភ្ញៀវទិញច្រើន ហើយគាត់ក៏រំពឹងថា អាចនឹងឡើងថែមទៀត»។ លោក ទី មង្គល បានគូសបញ្ជាក់ទៀតថា ប្រសិនបើពលរដ្ឋមានតម្រូវការមាសអាចទិញយកទៅប្រើប្រាស់បាន ប៉ុន្តែលោក មិនណែនាំឱ្យទិញ ដើម្បីទុកចំណេញនោះទេ ព្រោះហាងឆេងប្រែប្រួលឆាប់រហ័ស។ នៅថ្ងៃនេះ ហាងឆេងមាសនៅហាងទីមង្គលតម្លៃ ២៣០០ដុល្លារ ក្នុង១តម្លឹង សម្រាប់ការលក់ចេញ។
ដោយឡែកអាជីវករលក់មាសមួយរូបទៀត នៅផ្សារសាលាលេខ៥ កំពង់ឆ្នាំង អ្នកនាង ហុង ហ៊ុយហ្កិច បានលើកឡើងថា នៅតំបន់នេះ ភាគច្រើនពលរដ្ឋលក់ចេញច្រើនជាងទិញចូល។ លក់ចេញទំនងជាពួកគេមានតម្រូវការប្រាក់ ស្របពេលដែលតម្លៃមាសឡើងថ្លៃ ខណៈដែលប្រាក់ចំណូលធ្លាក់ចុះ ជាពិសេសកម្មករ កម្មការិនី។ អ្នកនាង ហុង ហ៊ុយហ្កិច មើលឃើញថា កំណើននៃការទិញមាស អាចនឹងកើនឡើងនៅពេលកៀកបុណ្យចូលឆ្នាំខ្មែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?