ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ ខ្ជិលអាចជាមូលហេតុនៃភាពក្រីក្រ ប៉ុន្តែអ្នកក្រទាំងអស់មិនមែនសុទ្ធតែខ្ជិលទេ
លោកប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់ តាមរយៈបណ្តាញសង្គមហ្វេសបុក បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនថា ខ្ជិលអាចជាមូលហេតុនៃភាពក្រីក្រ ប៉ុន្តែអ្នកក្រទាំងអស់មិនមែនសុទ្ធតែខ្ជិលនោះទេ។

ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងបណ្ដាញសង្គមបែបនេះ ដោយសារតែលោកសង្កេតឃើញថា បច្ចុប្បន្ន មានអ្នកជំនួញជាច្រើនបានបញ្ចេញទស្សនៈ ដើម្បីជួយបណ្តុះគំនិតខ្មែរឲ្យចេះរកស៊ី និងចេះសម្គាល់មនុស្ស។ លោកថា នេះជានិន្នាការល្អមួយ ប៉ុន្តែពេលខ្លះ ពួកគាត់មួយចំនួនចូលចិត្តនិយាយម៉ៅដោយចាប់មនុស្សដាក់ក្នុងក្រុមតែមួយហើយជឿថា ពួកគេមានសន្តានដូចគ្នាដោយគ្រាន់តែឃើញស្ថានភាពខាងក្រៅដូចគ្នា។
លោកបន្តទៀតថា តាមពិតវាមិនមែនដូច្នោះទេ លោកបានលើកឧទាហរណ៍ចំនួនពីរក្នុងចំណោមឧទាហរណ៍ជាច្រើន៖
ទី១៖ អ្នកក្រទាំងអស់មិនមែនសុទ្ធតែខ្ជិលទេ។ មានអ្នកក្រជាច្រើនដែលខិតខំធ្វើការដោយគ្មានពេលសម្រាក។ ខ្ជិលអាចជាមូលហេតុមួយនៃភាពក្រីក្រ ប៉ុន្តែ អ្នកក្រទាំងអស់មិនមែនសុទ្ធតែខ្ជិលទេ។ ដូច្នេះ មិនគួរវាយតម្លៃពួកគាត់ថា ខ្ជិលដោយសារតែពួកគាត់ក្រនោះឡើយ។ ការវាយតម្លៃរួមបែបនេះ គឺជាការបំបាក់ទឹកចិត្តមនុស្ស និងធ្វើឲ្យ«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ដែលជាទស្សនៈមួយធ្វើឲ្យសង្គមមានការបែងចែក និងរើសអើង។ ជាការត្រឹមត្រូវ ដែលគេបង្រៀនមនុស្សឲ្យស្អប់ភាពក្រីក្រ និងព្យាយាម ស្រវាស្រទេញដើរចេញពីភាពក្រីក្រ ប៉ុន្តែមិនគួរបង្រៀនមនុស្សឲ្យស្អប់អ្នកក្រទេ។

ទី២៖ អ្នកដែលមានសម្តីផ្អែមល្ហែម ពីរោះពិសា មិនមែនសុទ្ធតែចិត្តអាក្រក់ឬ «ផ្អែមក្រៅឆៅក្នុង» ដូចដែលមនុស្សមួយចំនួនគិតនោះឡើយ។
លោកបានបន្ថែមថា មានមនុស្សច្រើនណាស់ ដែលមានសម្តីផ្អែមហើយ ចិត្តក៏ល្អពោលគឺផ្អែមទាំងក្នុងទាំងក្រៅ។ ចាស់បុរាណបានលើកគតិ«សម្តីផ្អែមតែបង្កប់ពិសពុល» ដើម្បីឲ្យមនុស្សចេះប្រយ័ត្នក្នុងការសេពគប់មិត្តដោយមិនត្រូវជឿតែលើសម្តីនោះទេ តែត្រូវចេះពិនិត្យសង្កេតមើល ចរិត មារយាទ និងអំពើដែលមនុស្សបានប្រព្រឹត្តផង ដើម្បីកុំឲ្យចាញ់កលល្បិចជនទុច្ចរិតមួយចំនួន។ ដូច្នេះ មិនត្រូវបកស្រាយថា មនុស្សដែលមានសម្តីផ្អែមសុទ្ធតែបង្កប់ល្បិចពិសពុលនោះឡើយ។
ផ្ទុយទៅវិញ គួរលើកទឹកចិត្តឲ្យមនុស្សចេះប្រើសម្តីពីរោះពិសា ផ្អែមល្ហែមរកគ្នាទើបជាការប្រសើរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ