ព័ត៌មានជាតិ
រដ្ឋបាលរាជធានីអំពាវនាវឱ្យអ្នកទិញអចលនទ្រព្យបុរីវីអាយភី បន្តការអត់ធ្មត់ដោះស្រាយចៀសវាងបិទផ្លូវសាធារណៈ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ទាំងអស់បន្តការអត់ធ្មត់ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព តាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ចៀសវាងការធ្វើសកម្មភាពខុស ច្បាប់នានា ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃនេះ។ ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៨:៣០នាទីព្រឹក មានការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ សាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកលេខ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួកគាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវ រហូតដល់ម៉ោង ០២:២០នាទីរសៀល។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយចំពោះអ្នកបានទិញ អចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នាឱ្យធ្វើសកម្មភាពមិនគួរ គប្បីតវ៉ាបិទផ្លូវសាធារណៈដែលជាទង្វើយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង ដើម្បីធ្វើការដោះស្រាយ វិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ករណីវិវាទនេះជាវិវាទការអនុវត្ត កិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំងពីរ(អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណី ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមាន ការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសារចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ ដោះស្រាយបន្តទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបាន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះ ផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើ បើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្តប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមក រដ្ឋបាលរាជធានីភ្នំពេញនៅឡើយ។
បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបន្តខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការសម្របសម្រួលតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅស្វែងរកច្រកចេញដែលអាចទទួល យកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យ៉ាងណាក្តី ក៏មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះបានញុះញង់ ឱ្យអ្នកមានវិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុក យកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជនទូទៅ ដែលកន្លងមកសាធារណជនតែងតែមានការអាណិតអាសូរ និងសំណូមពរអាជ្ញាធរជួយធ្វើការ សម្របសម្រួលដោះស្រាយដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ។

សកម្មភាពខុសច្បាប់បិទផ្លូវសាធារណៈ ព្រឹកមិញនេះ បានធ្វើឱ្យសាធារណជនមានការខកចិត្ត ស្រងាកចិត្ត ដោយបានប្រែក្លាយពីសមានចិត្ត អាណិតអាសូរ ឈឺឆ្អាល មកខឹងសម្បា អាក់អន់ស្រពន់ចិត្តចំពោះការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ពួកគាត់ក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងខិតខំជ្រោមជ្រែង ជួយដោះស្រាយកន្លងមក ក៏មានការលំបាកក្នុងការបន្តដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះទៀតផងដែរ ដោយសារបងប្អូនមិនទទួលយកសំណូមពរពីអាជ្ញាធរសោះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារ កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុសច្បាប់ ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃនេះ ហើយសូមអំពាវនាវនៅពេលខាងមុខកុំឱ្យយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួន បែរជាធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។ ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ