ព័ត៌មានជាតិ
ការពិតប្រវត្តិអាចារ្យលាក់មានឈ្មោះបីផ្សេងគ្នា ជាអ្នកតស៊ូប្រឆាំងបារាំងក្នុងអតីតទឹកដីខេត្តកំពង់ស្វាយ
នៅក្នុងសម័យអាណានិគមបារាំង យើងធ្លាប់បានឮឈ្មោះវីរបុរសដែលបានតស៊ូប្រឆាំងបារាំងជាច្រើនរូប។ ក្នុងនោះមានដូចជា “អាចារ្យស្វា-ពោធិកំបោរ” ជាដើម។ សំណួរសួរថា តើអ្នកទាំងពីរនេះជាមនុស្សតែមួយឬយ៉ាងណា?
លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ធំបានបញ្ជាក់ថា អ្នកតស៊ូទាំងពីរជាមនុស្សពីរនាក់ផ្សេងៗគ្នា ពោលគឺអាចារ្យស្វា លោកបានតស៊ូប្រឆាំងបារាំងបានតែមួយរយៈខ្លីក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងខែសីហាឆ្នាំ ១៨៦៥។ រំលងបានមួយឆ្នាំ មានអ្នកតស៊ូមួយរូបទៀតបានងើបឡើងដឹកនាំចលនាតស៊ូប្រឆាំងពួកបារាំងដែលមានឈ្មោះថា អាចារ្យពៅ។

លោកអាចារ្យពៅ មានស្រុកកំណើតនៅខេត្តរោងដំរី។ លោកអាចារ្យមានមន្តអាគមក្នុងការព្យាបាលជំងឺ និងចេះក្បាច់គុណខ្លាំងពូកែណាស់ ជាពិសេសគឺការប្រើដាវ។ ដំបូងលោកអាចារ្យបានមកជ្រកកោនរស់នៅក្នុងខេត្តកំពង់ស្វាយ (បច្ចុប្បន្នខេត្តកំពង់ធំ) ដែលជាតំបន់មានជនជាតិកួយរស់នៅច្រើន។ មកដល់ខេត្តកំពង់ស្វាយ លោកអាចារ្យពៅពុំបានបង្ហាញសាវតារឲ្យគេស្គាល់ឈ្មោះពិតរបស់លោកទេ ពោលនៅពេលដែលអ្នកស្រុកសួរឈ្មោះ លោកពុំបានប្រាប់ត្រង់ទេ គឺប្រាប់គេថាឈ្មោះ “លាក់”។
តាមរយៈឈ្មោះនេះ ធ្វើឲ្យអ្នកស្រុកមួយចំនួនគិតថាលោកអាចារ្យឈ្មោះ “ល័ក្ខណ” មានន័យថាល្អក្រៃ មានលាភ មានជ័យ ហើយខ្លះទៀតក៏គិតបែបន័យត្រង់ថាលោកអាចារ្យឈ្មោះ “លាក់” ក៏ហៅថា “អាចារ្យលាក់” ជាប់រហូតទៅ។
បើតាមលោក ហ៊ិន សោភណ ឈ្មោះអាចារ្យពៅ អាចារ្យលាក់ និងពោធិកំបោរ គឺជាមនុស្សតែមួយ។ អាចារ្យលាក់ គាត់មកនៅជាមួយអ្នកស្រុកកំពង់ស្វាយដែលនៅទីនោះមានជនជាតិខ្មែរ កួយ ស្ទៀង ក្នុងគោលបំណងបង្កើតកម្លាំងចលនាតស៊ូរំដោះជាតិចេញពីការជិះជាន់របស់បារាំង។

អាចារ្យលាក់ តែងប្រើប្រាស់ឧបករណ៍បុរាណជាអាវុធការពារខ្លួនរួមមាន ដាវ, លំំពែង, ស្នា, ធ្នូរ, ជ័រឆក់។ ដោយសារមន្តអាគម និងវិជ្ជាគុនលោកអាចារ្យលាក់ខ្លាំងពូកែ ធ្វើឲ្យអ្នកស្រុកនៅខេត្តកំពង់ស្វាយ បានដឹងអំពីរឿងរ៉ាវនៃការតស៊ូប្រឆាំងពួកបារាំងរបស់លោកអាចារ្យ ធ្វើឲ្យលោកមានឥទ្ធិពលកេណ្ឌប្រជាពលរដ្ឋនៅខេត្តកំពង់ស្វាយ មកចូលរួមចលនាតស៊ូយ៉ាងអង់អាចក្លាហានជាមួយលោកអាចារ្យ។
មុនដំបូងលោកអាចារ្យពៅ ឬអាចារ្យលាក់ដែលគេប្រសិដ្ឋនាមឲ្យថា “ពោធិកំបោរ បានដឹកនាំអ្នកតស៊ូទៅវាយពួកបារាំងនៅខេត្តរោងដំរី ដែលជាស្រុកកំណើតរបស់លោក។ ក្រោយពីបានជ័យជំនះដំបូងនេះហើយ ធ្វើឲ្យទ័ពចលនាអ្នកតស៊ូរបស់លោកអាចារ្យ កាន់តែមានឆន្ទៈប្រឆាំងបារាំងកាន់តែខ្លាំង។
ចលនាតស៊ូដែលដឹកនាំដោយលោកអាចារ្យ បានទទួលជ័យជំនះជាបន្តបន្ទាប់ ប៉ុន្តែក្រោយមកនៅខែធ្នូ ឆ្នាំ១៨៦៧ ត្រូវគេសម្លាប់ក្រោមការស្រណោះសោកស្តាយជាពន់ពេកដល់ក្រុមអ្នកស្នេហាជាតិមាតុភូមិ ដែលបានយល់ច្បាស់ពីឆន្ទៈរបស់អាចារ្យពៅឬហៅអាចារ្យលាក់។

លោកបន្តថា វីរៈភាពតស៊ូរបស់លោកអាចារ្យលាក់ត្រូវបានអ្នកស្រុកចងចាំជានិច្ច ជាពិសេសសម្រាប់អ្នកខេត្តកំពង់ស្វាយ (សព្វថ្ងៃខេត្តកំពង់ធំ) រហូតមកទល់សព្វថ្ងៃមានភូមិមួយនៃខេត្តកំពង់ធំមានឈ្មោះថា “ភូមិអាចារ្យលាក់”។
នៅចុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ បានផ្តួចផ្តើមកសាងរូបសំណាកលោកតាអាចារ្យលាក់។ រូបសំណាកអាចារ្យលាក់ ស្ថិតនៅទីតាំងច្រមុះជ្រូកផ្លូវវាងក្រុងស្ទឹងសែន ក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានធ្វើពិធីអភិសេកកាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១។
លោក ហ៊ិន សោភណបានបញ្ជាក់ថា បានជាអាជ្ញាធរខេត្តកសាងរូបសំណាកលោកអាចារ្យលាក់ឡើងដើម្បីរំលឹកអំពីវីរជនស្នេហាជាតិរបស់លោក ដែលដឹកនាំចលនាតស៊ូប្រឆាំងការត្រួតត្រារបស់បារាំង និងជាអ្នកមានបារមីតាមថែក្សាទឹកដី ប្រជាជនទាំងមូលឲ្យមានភាពសុខសាន្ត។

រូបសំណាកអាចារ្យលាក់ សាងសង់ឡើងពីស្ពាន់ និងលោហធាតុផ្សេងៗដែលមានកម្ពស់ ៤,៥ម៉ែត្រ ទម្ងន់ប្រហែល ២,៥ តោន ផ្នែកខាងមុខដៃទាំងសងខាង កាន់ដាវរាងកោង ដកចេញពីស្រោមបន្តិច ក្នុងគោលបំណងបង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូ ឬបង្ហាញពីវីរភាពនៃអ្នកតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេង មានភ្ជាប់ចបជីក ក្នុងគោលបំណងបង្ហាញឲ្យឃើញថា អាចារ្យលាក់ គឺជាគ្រូមន្តអាគម មើលជំងឺ ចេះផ្សំថ្នាំព្យាបាល និងផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងបំណងបង្ហាញឲ្យឃើញថា នៅពេលលោកអាចារ្យលាក់ ចេញប្រយុទ្ធតស៊ូជាមួយបារាំង ក្រៅអំពីការប្រើដាវ គឺលោកបានប្រើប្រាស់អាវុធ ជាស្នា ដែលផ្លែមានលាបដោយពិសពស់ឬផ្លែឈើពុលផ្សេងៗ។
ដើម្បីរំលឹកការចងចាំដល់លោកអាចារ្យលាក់ ខេត្តកំពង់ធំបានដាក់ឈ្មោះភូមិមួយនៅកណ្តាលទីរួមខេត្តថាភូមិអាចារ្យលាក់ និងមានសង្កាត់មួយឈ្មោះថា អាចារ្យលាក់ទៀតផង៕

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?