ព័ត៌មានជាតិ
កម្ពុជា កូរ៉េ ពិភាក្សាស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា
នៅនៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាត លោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (ថ្មី) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេស និងប្រជាជនទាំងពីរចាប់តាំងពីឆ្នាំ១៩៩៧ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យជាច្រើន ក្នុងនោះរួមទាំងការចូលរួមការងារសកម្មភាពមីនមនុស្សធម៌ផងដែរ។

ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ បានចូលរួមវិភាគទានចំនួន ១០លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២១-២០២៥ គាំទ្រដល់ការងារបោសសម្អាតមីនក្នុងខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលការចូលរួមនេះមិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលប្រចាំឆ្នាំ។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមានដោយសារគ្រាប់មីន។ ក្រៅពីការងារបោសសម្អាតមីន សាធារណរដ្ឋកូរ៉េ បានចូលរួមដល់កិច្ចសង្រ្គោះជនពិការដោយសារមីន និងការអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

លោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ មានសេចក្តីសប្បាយរីករាយដែលបានធ្វើការ និងសហការជាមួយអាជ្ញាធរមីន ក្នុងការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្របគ្រង និងសម្របសម្រួលសកម្មភាពមីន ដោយទទួលបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២,៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង ១ លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។ រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពី ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP ។

គម្រោង CfRIV គ្រោងនឹងបង្កើនការបោសសម្អាត ការអប់រំអំពីហានិភ័យមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះក្នុងខេត្តទាំងបី ចាប់ពីឆ្នាំ២០២១។ ការចូលរួមចំណែករបស់សាធារណរដ្ឋកូរ៉េចំពោះ CfRIV ភាពជាដៃគូជាមួយ UNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គ ដែលជួយកម្ពុជាក្នុងការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងការអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ