ព័ត៌មានជាតិ
ចំណេញជាង ៣ ម៉ោង រថយន្តឆ្លងកាត់ច្រកទ្វារថ្មីស្ទឹងបត់ ក្រោយបើកបណ្តោះអាសន្ន
ការបើកឲ្យប្រើប្រាស់បណ្តោះអាសន្នច្រកទ្វារស្ទឹងបត់ បានធ្វើឲ្យការដឹកជញ្ជូនឆ្លងកាត់ចំណេញពេលជាង ៣ ម៉ោង។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅព្រឹកមិញនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គិតត្រឹមខែមីនា ការដ្ឋានសាងសង់សម្រេចបានជាង ៨៣ភាគរយ ខណៈដែលក្រុមហ៊ុនសន្យានឹងជំរុញឲ្យបញ្ចប់នៅខែឧសភា។

យ៉ាងណាមិញបើតាមលោករដ្ឋមន្រ្តី ផ្អែកលើការងារជាក់ស្តែងអាចមិនរួចទាន់ផែនការ តែលោកនឹងពិនិត្យតាមដានបន្តទៀត។
លោករដ្ឋមន្រ្តីអះអាងថា គម្រោងសាងសង់ច្រកទ្វារស្ទឹងបត់គ្រោងបញ្ចប់តាំងពីជាង ១ ឆ្នាំមុន ប៉ុន្តែក្រុមហ៊ុនសាងសង់ស្នើសុំពន្យាពេលដោយសារបញ្ហាកូវីដ ប៉ុន្តែលោកបានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់មិនអាចស្នើសុំពន្យាម្តងហើយម្តងទៀតនោះទេ។
លោកបញ្ជាក់ថា៖ `«ការដ្ឋានបានយឺតជាងផែនការជាងមួយឆ្នាំ ក្រសួងយោគយល់តែក៏មិនអាចឲ្យបន្តយឺតយូរថែមទៀតដែរ។ ក្រសួងនឹងតាមដានជាមួយក្រុមហ៊ុនសាងសង់ត្រូវជំរុញឲ្យរួចរាល់ឲ្យបានឆាប់ ដូចដែលក្រុមហ៊ុនបានសន្យា»។

លោករដ្ឋមន្រ្តីបានសង្កេតឃើញថា តាំងពីដាក់ឲ្យដំណើរការបណ្តោះអាសន្នច្រកស្ទឹងបត់ ក្រោយច្រកទ្វារប៉ោយប៉ែតបានបិទដោយសារអគ្គិភ័យឃើញថា បានសម្រួលការងារយ៉ាងច្រើនហើយចំណេញជាង ៣ ម៉ោងសម្រាប់រថយន្តឆ្លងកាត់។
«ពីមុនខាងយើងបានទទូចឲ្យខាងថៃបើកឲ្យប្រើប្រាស់បណ្តោះអាសន្នសិន ប៉ុន្តែខាងថៃថាមានបញ្ហានីតិវិធីច្រើន។ តែក្រោយអគ្គិភ័យឆេះនៅខាងច្រកទ្វារប៉ោយប៉ែត ភាគីខាងថៃក៏បានស្ទុះស្ទារជំរុញឲ្យបើកប្រើប្រាស់បណ្តោះអាសន្ន។ តាមរយៈច្រកទ្វារនេះជួយច្រើនណាស់ ដោយសារមិនសូវកកស្ទះ ហើយបើតាមមន្រ្តីអះអាងរថយន្តឆ្លងកាត់ចំណេញពេលជាង ៣ ម៉ោងបើប្រៀបធៀបការឆ្លងកាត់ច្រកទ្វារប៉ោយប៉ែត»។
រាជរដ្ឋាភិបាលកម្ពុជាទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លានដុល្លារអាមេរិកលើការសាងសង់អគារច្រកព្រំដែនស្ទឹងបត់ ក្នុងនោះមានការសាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន ផ្លូវតភ្ជាប់សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងតឺន័រ” ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បញ្ចៀសបានការកកស្ទះចរាចរណ៍ដែលតែងតែរំខានដល់ការនាំចេញនាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា-ថៃ មិនអាចយកស្ពាននៅប៉ោយប៉ែតឆ្លងលាយឡំទាំងអ្នកទេសចរ និងដឹកទំនិញនោះឡើយ។ ហេតុនេះទើបសម្រេចឱ្យមានការសាងសង់ស្ពានថ្មី នៅស្ទឹងបត់សម្រាប់ការដឹកទំនិញ ហើយស្ពាននៅប៉ោយប៉ែតទុកសម្រាប់ចេញ-ចូលតែភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ក្រោយពីគ្រោះមហន្តរាយអគ្គីភ័យឆាបឆេះអគារកាស៊ីណូក្រុងប៉ោយប៉ែត ដែលប៉ះពាល់ដល់ចរាចរណ៍រថយន្តដឹកជញ្ជូននិងអ្នកដំណើរ រាជរដ្ឋាភិបាលកម្ពុជា-ថៃបានបង្វែររថយន្តដឹកទំនិញឲ្យចេញចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដោយឡែកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទុកសម្រាប់ពលរដ្ឋនិងអ្នកទេសចរធ្វើដំណើរតែប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ