Connect with us

ព័ត៌មានជាតិ

សន្និបាតអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះកម្ពុជា អភិរក្ស អភិវឌ្ឍន៍រមណីយដ្ឋានព្រះវិហារ

បានផុស

នៅ

អង្គសន្និបាតអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្ដេជ្ញាចិត្តចំពោះការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារក្នុងរយៈពេល ១៥ឆ្នាំ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈលទ្ធផលដែលបានបង្ហាញដោយអាជ្ញាធរជាតិព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអបអរខួប ១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (២០០៨-២០២៣) និងខួប ១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣) អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និបាតអន្តរជាតិពិសេស ស្ដីពី តំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ សន្និបាតនេះ ប្រារព្ធក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន ៤ប្រទេសផ្សេងទៀត ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់ និងភ្ញៀវកិត្តិយសចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់។

បន្ថែមពីនេះ អង្គសន្និបាតអន្តរជាតិ បានកោតសរសើរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិក្នុងរយៈពេល ១០ឆ្នាំកន្លងមក នៅក្នុងក្របខណ្ឌ ICC Preah Vihear រួមមានប្រទេសចិន និងឥណ្ឌាជាសហប្រធាន និងប្រទេសសមាជិកមួយចំនួនដូចជាប្រទេសបែលហ្សិក ជប៉ុន សហរដ្ឋអាមេរិក រួមជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិមួយចំនួនដូចជា អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិសំបូរព្រៃគុក, សាលាចុងបូព៌ាបារាំង (EFEO), ពីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ (GIZ), សាកលវិទ្យាល័យ Waseda, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ជាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យ Toronto ជាដើម។

អង្គសន្និបាតបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកវត្ថុបុរាណដែលជាកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរត្រឡប់មកជួបជុំគ្នាវិញក្រោមម្លប់សន្តិភាព។

គួរបញ្ជាក់ថា សន្និបាតអន្តរជាតិពិសេសនេះ មានគោលដៅបូកសរុបលទ្ធផល នៃការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល ១០ឆ្នាំ ក្រោមយន្តការរបស់គណៈកម្មការអន្តរជាតិ ICC  Preah Vihear។ ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លងមកមានដូចជា ការកំណត់ផែនទីហានិភ័យ នៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤, ការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិញ, ការសាងសង់​ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្ដុះបណ្ដាលយុវជនឱ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ។ល។

ក្នុងក្របខ័ណ្ឌ ICC Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាមេរិក បាននិងកំពុងផ្ដល់ថវិកាជួយជួសជុល និងអភិរក្សជណ្ដើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក, ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥, ប្រទេសចិននឹងចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី១ ទី២ និងទី៣, ប្រទេសប៊ែលហ្សិក បានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារ, និងប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋានព្រះវិហារ។ ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំនៅកោះកេរ ព្រមទាំងសាកលវិទ្យាល័យ Waseda និងសាកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សាស្រាវជ្រាវទីតាំងឡបុរាណ និងប្រព័ន្ធធារាសាស្រ្តនៅតំបន់កោះកេរ។

ក្នុងនោះអ្នកជំនាញ And hoc បានធ្វើបទបង្ហាញអំពីបទពិសោធន៍សម្រាប់ការងារគ្រប់គ្រង កាលានុវត្តភាព និងបញ្ហាប្រឈម របស់តំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាមេរិកកណ្ដាល និងតំបន់មជ្ឈិមបូព៌ា ដើម្បីផ្ដល់ជាគំនិតដល់ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ សន្និបាតនេះក៏មានការចូលរួមពីអ្នកជំនាញអន្តរជាតិ ដើម្បីធ្វើការសិក្សា និងវាយតម្លៃអំពីហានិភ័យដែលបង្កឡើងដោយកត្តាមនុស្សនិងកត្តាធម្មជាតិ នៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរផងដែរ។ ចំណែក អាជ្ញាធរជាតិព្រះវិហារ បានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញអំពីលទ្ធផល នៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣៕

អត្ថបទ៖ Heng Samreth

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម