ព័ត៌មានជាតិ
អបអរសាទរខេត្តតាកែវ ជាខេត្តអស់មីនទី១១
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ដែលគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

នៅសាលាខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកថ្ងៃប្រកាសខេត្តតាកែវអស់មីន គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់សកម្មភាពមីននៅកម្ពុជា ដែលប្រជាជនខេត្តតាកែវទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីនដែលយើងបានដឹង ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ចាប់ពីឆ្នាំ ១៩៩៩ រហូតទទួលបានការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីចំនួន ៤ ៦៧៥ ៧៩៧ ម៉ែត្រក្រឡា ស្មើនឹង ៧៣ ចម្ការមីន និងគ្រាប់ ដោយរកឃើញ និងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៨៨ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៦១ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣៧ ៥៨៣ គ្រាប់។ ជាមួយគ្នានេះ ប្រជាជនខេត្តតាកែវ ចំនួន ១៧៤៦ នាក់ បានទទួលគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងនោះស្លាប់ ៧៧៧ នាក់ ។

ទេសរដ្ឋមន្រ្តី បានលើសឡើងថា គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន គឺជាគម្រោងមួយដ៏អស្ចារ្យ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ដែលបានអំពាវនាវដល់វិស័យឯកជន ចូលរួមធនធាន ដើម្បីធ្វើការបោសសម្អាតមីននៅក្នុងឃុំប៉ោយចា និងឈានទៅបោសសម្អាតនៅទូទាំងប្រទេស។ ការចូលរួមវិភាគទាននេះ មិនត្រឹមតែវិស័យឯកជនប៉ុណ្ណោះទេ គឺបានបង្កើតនូវចលនាជាតិមួយ និងមានការចូលរួមយ៉ាងផុសផុលពីសប្បុរសជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវភាពសុដុមរមនាស្មើៗគ្នាមិនថា នៅទីក្រុង និងទីជនបទ។ ក្រោមគម្រោងនេះ ផ្ទៃដីមានមីនចំនួន ៩១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ហើយខេត្តចំនួន ៦ ស្រុកចំនួន១៤ និងឃុំចំនួន១២ ត្រូវបានប្រកាសជាខេត្ត ស្រុក ឃុំអស់មីន ក្នុងនោះរាប់បញ្ចូលទាំងខេត្តតាកែវ។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ៣០ ឆ្នាំនេះ ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយដ៏ចាំបាច់ នាំមកនូវកិច្ចគាំពារ ការពារសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ។ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយដីរងផលប៉ះពាល់ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ កម្ពុជា នៅមានរយៈពេលប្រមាណ ៣ឆ្នាំទៀត ដែលត្រូវបន្តការបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនចាប់ពីឆ្នាំ២០២៥ ហើយការគម្រាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា។ ដើម្បីកម្ពុជាគ្មានមីន និងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥ យើងទាំងអស់គ្នាត្រូវបន្តប្តេជ្ញាចូលរួម និងគាំទ្រចំពោះមគ្គុទ្ទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្កើតនូវប្រវត្តិសាស្រ្តថ្មី សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្ភារៈ និងជំនួយបច្ចេកទេស ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ដែលបានធ្វើការបោសសម្អាត ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងចូលរួមកាត់អត្រាគ្រោះថ្នាក់ឲ្យនៅកម្រិតអប្បបរិមា៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ