Connect with us

ព័ត៌មានជាតិ

ក្រសួង​ជំរុញ​ក្រុមហ៊ុន​​​​ទូរសព្ទ​ បង្កើនទំហំទិន្នន័យ​អីនធឺណិត​ឲ្យ​​ច្រើនជាងមុន​លើ​គម្រោង​ប្តូរលុយ

បានផុស

នៅ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ជំរុញ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរសព្ទ​ឲ្យ​បង្កើនទំហំទិន្នន័យអ៊ីនធឺណិតនៅក្នុងគម្រោងប្ដូរលុយ​របស់ខ្លួន។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់ក្រសួង​បាន​បញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ពីអ្នក​ប្រើប្រាស់​សេវាទូរសព្ទ​តាម​បណ្តាញសង្គម ពាក់ព័ន្ធ​គម្រោងប្តូរលុយ ដោយលើកឡើង​ថា “គម្រោង​កាត់លុយ​ច្រើន​ជាងមុន ឬប្តូរលុយ​ហើយ​ប្រើអ៊ីនធឺណិត​​មិនគ្រប់គ្រាន់ ឬក្រសួង​មិន​បាន​ដោះស្រាយ​បញ្ហា​របស់​អ្នកប្រើប្រាស់” ជាដើម។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានពន្យល់​​ដល់​សាធារណជន​​ថា កន្លងមកប្រតិបត្តិករទូរសព្ទចល័តបានផ្តល់​សេវាក្រោមរូបភាព​ជាគម្រោង​ប្តូរ​លុយ (ឧទាហរណ៍ ១ ដុល្លារអាម៉េរិក ប្ដូរបានរាប់រយឬរាប់ពាន់​ដុល្លារ​អាម៉េរិក) សម្រាប់​ប្រើទាំង​សេវា​ហៅចេញ សារខ្លី SMS និងសេវាអ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ប្តូរលុយនេះ បាន​បង្កឱ្យមានភាពមិនច្បាស់លាស់​និងមិន​មានតម្លាភាព ពីព្រោះ​អ្នក​ប្រើប្រាស់​មិនអាច​កត់ត្រា និងតាមដានទិន្នន័យដែលខ្លួនបានប្រើ។ ដើម្បីចូលរួម​ចំណែក​ក្នុងការ​ការពារ​អ្នកប្រើប្រាស់ ក្រសួង​បានជួបពិភាក្សា​ជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ដើម្បីកែ​សម្រួល​ទៅជាគម្រោងប្ដូរលុយ​ដែលមានតម្លាភាព​ពេញលេញ និង​ច្បាស់លាស់ ដោយមើលឃើញចំនួន​នាទីសម្រាប់​ហៅចេញ​និងចំនួនសារខ្លី SMS សម្រាប់ផ្ញើចេញ​ក្នុងប្រព័ន្ធនិង​ទំហំ​ទិន្នន័យ​​អ៊ីនធឺណិតទៅតាម​ទឹកប្រាក់ ដែលអ្នកប្រើប្រាស់​បានជាវសេវាស្របតាមការ​អនុវត្តជា​សកល។

យោងតាមទិន្នន័យឆ្នាំ២០១៨ ប្រជាជនកម្ពុជា​ម្នាក់ប្រើទិន្នន័យអ៊ីនធឺណិត​តាមសេវាទូរសព្ទចល័តជាមធ្យម ១០ ជីហ្គាបៃ (Gigabytes) ក្នុង ១ ខែ ក៏ប៉ុន្តែបច្ចុប្បន្ន ការប្រើ​បានកើនឡើង​លើស ២០ ជីហ្គាបៃ ក្នុង ១ ខែ។ ដោយសារកំណើននៃ​ការប្រើកម្មវិធីថ្មីៗនៅក្នុងទូរសព្ទ/ឧបករណ៍​ឆ្លាត (Smart Phone/Device) នៅពេល​ដែលថ្លៃសេវាគឺ​នៅរក្សាដដែល ចន្លោះ​ពី ៣ ទៅ ៥ ដុល្លារអាម៉េរិក ហើយ​អ្នកប្រើប្រាស់​ភាគច្រើន​បានប្រើសម្រាប់​សេវាកំសាន្ត​និងបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (TikTok) យូធូប (YouTube) ជាអាទិ៍ ដែលត្រូវការប្រើទំហំទិន្នន័យអ៊ីនធឺណិត​ធំ។

តាមការសិក្សា​នៅប្រទេសសិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម ប្រជាជន​ម្នាក់​ប្រើទិន្នន័យ​អ៊ីនធឺណិត តាម​ទូរសព្ទចល័ត​ជាមធ្យម ក្រោម ១០ ជីហ្គាបៃ ក្នុងថ្លៃសេវា​ចន្លោះ​ពី ៧ ទៅ ១០ ដុល្លារ​អាម៉េរិក ក្នុង ១ ខែ។ ដោយ​អ្នកប្រើប្រាស់នៅប្រទេសទាំងនេះ ពឹងផ្អែកជា​ចម្បងលើការ​ប្រើ​សេវា​អ៊ីនធឺណិត​អចល័ត ភ្ជាប់តាម​បណ្តាញខ្សែកាប អុបទិក​ដល់គេហដ្ឋាន FTTH (Fiber To The Home) វិញ ហើយ​ដែលសព្វថ្ងៃនេះ ក្រសួង​កំពុង​ជំរុញការតភ្ជាប់បណ្តាញ​ខ្សែកាប​អុបទិកឱ្យ​ទៅដល់​គ្រប់ឃុំ-សង្កាត់ ត្រឹម​ឆ្នាំ២០២៧។ នេះ​បង្ហាញឱ្យឃើញថា ថ្លៃ​សេវាទូរសព្ទនិងអ៊ីនធឺណិត​ចល័ត​នៅ​កម្ពុជា មាន​ថ្លៃទាប​នៅឡើយបើធៀប​នឹង​បណ្ដាប្រទេស​ក្នុងតំបន់។

តាមការ​សិក្សា​របស់ក្រុមហ៊ុន EXISTENT របស់​ចក្រភពអង់គ្លេស ថ្លៃសេវា​ទូរសព្ទ​និងអីនធឺណិត​ចល័ត​នៅកម្ពុជា​បច្ចុប្បន្ន ស្ថិតនៅលំដាប់ទី ៤ ទាប​ជាងគេ​លើ​ពិភពលោក ក៏ប៉ុន្តែ​តម្រូវការនៃការប្រើគឺខ្ពស់ជាង ២ ដង

ចំពោះបញ្ហាដែល​បានលើកឡើងក្នុងបណ្តាញសង្គម​នាពេលថ្មីៗនេះវិញ ក្រសួង​បាន​ទាក់ទង​ទៅអ្នកប្រើប្រាស់មួយ​ចំនួន ដែលបាន​លើកឡើង​តាមបណ្តាញសង្គម ដើម្បីធ្វើការ​សាកសួរ​ព័ត៌មាន និង​បានអញ្ជើញឱ្យមក ដាក់ពាក្យ​បណ្តឹងលើប្រតិបត្តិករ​ទូរសព្ទចល័ត​ដែលខ្លួន​កំពុងប្រើ ក្នុង​ករណី​មានវិវាទ​ពិតប្រាកដមែន។ ប៉ុន្តែអ្នកប្រើប្រាស់ដែលបានលើក​ឡើងនោះ​មិនមាន​ព័ត៌មានច្បាស់លាស់​ឡើយ ដោយមួយចំនួនឆ្លើយថាឮពីអ្នកដទៃ។ ចំណែកមួយចំនួន​ទៀតបាន​ទទួលស្គាល់​​ថា ខ្លួនបានប្រើ​សេវាអ៊ីនធឺណិត​តាម​ទូរសព្ទចល័ត​ច្រើនលើសលុប​សម្រាប់​មើលកម្មវិធីកំសាន្ត ហើយមួយចំនួននោះ​បានប្រាប់ថា ខ្លួន​ប្រើ​សម្រាប់ការងារ​និង​អាជីវកម្មប្រចាំថ្ងៃ ដោយ​ពុំបានប្រើ​អ៊ីនធឺណិតអចល័ត​តភ្ជាប់ទៅគេហដ្ឋាន ឬ Wi-Fi។

មូលហេតុទាំងនេះ​គឺជាកត្តាចម្បងក្នុងចំណោម​កត្តាជាច្រើនដែល​បណ្ដាលឱ្យសេវាអ៊ីនធឺណិត​ចល័ត ប្រើមិនគ្រប់គ្រាន់​តាមគម្រោង​ដែលបានភ្ជាប់។

ដើម្បីការពារ​អត្ថប្រយោជន៍​របស់អ្នកប្រើប្រាស់ និងដោយសង្កេតឃើញថា និន្នាការនៃ​ការប្រើសេវា​ទូរសព្ទនិងអ៊ីនធឺណិតចល័តមានការកើនឡើងខ្ពស់ ក្រសួង​បានស្នើ​ដល់ប្រតិបត្តិករ​ទូរសព្ទចល័ត​ទាំងអស់ពិនិត្យលទ្ធភាពក្នុងការ​បង្កើតជា​គម្រោង​ថ្មីៗ ដែលបាន​បង្កើនទំហំទិន្នន័យ​អីនធឺណិត​ច្រើនជាមុន។ បន្ថែម​លើនេះទៀត ក៏បានស្នើឱ្យប្រតិបត្តិករ​ទូរសព្ទចល័ត​ទាំងអស់ រៀបចំ​ការផ្សព្វផ្សាយ​អំពីកញ្ចប់​គម្រោង​សេវាកម្មថ្មីៗនេះឱ្យបានទូលំទូលាយ និង​ពន្យល់​ដល់អ្នកប្រើប្រាស់​ឱ្យ​បានច្បាស់លាស់ ជាពិសេសអំពី​ប្រភេទ​មាតិកាដែល​ត្រូវការប្រើទំហំទិន្នន័យអ៊ីនធឺណិតធំ។

ក្រសួង​អះអាង​ថា នៅ​តែងតែគិតពីផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាជំរុញ​ការអភិវឌ្ឍវិស័យ​ទូរគមនាគមន៍​។ ក្នុងករណីអ្នកប្រើប្រាស់ជួប​ប្រទះបញ្ហាណាមួយជាយថាហេតុ អាច​ទាក់ទង​មក​កាន់​និយ័តករ​ទូរគមនាគមន៍កម្ពុជា​តាមលេ​ខទូរសព្ទ Hotline ៦៧៨៩។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម