ព័ត៌មានជាតិ
សម្ដេច ស ខេង ស្នើឲ្យស្រង់គ្រប់ព័ត៌មាន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យស្នើស្រង់គ្រប់ព័ត៌មាន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស រាប់ទាំងព័ត៌មាន ចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឲ្យបានសមស្រប និងទាន់ពេលវេលា។

ការស្នើនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានធ្វើរបាយការណ៍ អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សក្នុងឆ្នាំ ២០២២។ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបាន ១៦៦ករណី ធៀបនឹងឆ្នាំ ២០២១ មាន ៣៥៩ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២០២នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន ៣៣នាក់។ លោកស្រី បន្តថា សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ៣៥៨នាក់ ក្នុងនោះស្រីចំនួន ២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ ២០២២កន្លងទៅ។
សម្ដេច បានឯកភាពចំពោះទិសដៅការងាររបស់ គ.ជ.ប.ជ ដោយសង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ ២០២៣។
ថ្វីត្បិតលទ្ធផលការងារឆ្នាំ ២០២២ មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ ២០២១ តែសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈម ដែលទាមទារការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការងារនេះមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។
សម្ដេច បានស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឲ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ គោរពតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។
សម្ដេច ក៏បានសង្កត់ធ្ងន់ដែរថា ក្រោយមានកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បញ្ហាជួញដូរមនុស្ស ពិសេសករណីនៅខេត្តព្រះសីហនុ បានថមថយច្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែសម្ដេចព្រួយបារម្ភថាពួកឧក្រិដ្ឋជន អាចចេញទៅជ្រកនៅតាមខេត្តផ្សេងទៀត ដែលសម្ដេចទាមទារឲ្យយកចិត្តទុកដាក់ទាំងមន្រ្តី និងវិស័យឯកជន។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួមមានជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាបអំពើល្មើស ប្រកបដោយជោគជ័យជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ