ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់អំពីការសម្ដែងមតិដែលមិនមែនជាសិទ្ធិ ហើយច្បាប់បញ្ញត្តិថា ជាអំពើល្មើស
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីការសម្ដែងមតិដែលមិនមែនជាសិទ្ធិ ហើយច្បាប់បញ្ញត្តិថា ជាអំពើល្មើស។ ការបញ្ជាក់នេះ បន្ទាប់ពីសកម្មជនអតីតគណបក្សប្រឆាំង ២នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីបុគ្គលទាំងពីរនាក់នេះ បង្ហោះសារនៅលើហ្វេសប៊ុករបស់ពួកគេ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែមីនានេះថា ជាទូទៅប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ហើយសិទ្ធិនេះត្រូវបានការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ប៉ុន្តែ នៅក្នុងច្បាប់ដដែល ក៏បានបញ្ញត្តិដែរថា ការសម្ដែងមតិ ដែលជាសិទ្ធិសេរីភាពនោះ ត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់។
លោកថា «ការសម្ដែងមតិមួយចំនួន ដែលមិនស្ថិតនៅក្នុង ឬក្រោមក្របខណ្ឌច្បាប់ ឬក៏ការបំពានច្បាប់ ឬក៏ការបំពាននូវសិទ្ធិសេរីភាពរបស់អ្នកដទៃ សេចក្ដីថ្លៃថ្នូរ កេរ្ដិ៍ឈ្មោះ កិត្តិយសរបស់អ្នកដទៃ អាហ្នឹងមិនមែនជាការអនុវត្តសិទ្ធិទេ ហើយច្បាប់អត់ការពារទេ អាហ្នឹង គឺច្បាប់បញ្ញត្តិថា ជាអំពើល្មើស ហើយដែលអ្នកប្រព្រឹត្តហ្នឹង ត្រូវប្រឈមមុខតាមផ្លូវច្បាប់»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានឲ្យដឹងបន្តថា ការសម្ដែងមតិមួយចំនួនដែលមិនមែនជាសិទ្ធិ ហើយច្បាប់បញ្ញត្តិថា ជាអំពើល្មើសមានដូចជា៖ ការសម្ដែងមតិដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រ, ប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ និងជីវិតឯកជនរបស់អ្នកដទៃ, ការសម្ដែងមតិដែលមានចរិតញុះញង់បង្កឲ្យមានការស្អប់ខ្ពើមជាតិសាសន៍, ការញុះញង់ឲ្យមានការបែកបាក់ និងអំពើហិង្សាក្នុងសង្គម ជាដើម។
ត្រង់ចំណុចនេះ លោក ជិន ម៉ាលីន បញ្ជាក់បែបនេះថា «ការបញ្ចេញមតិបែបនេះ មិនមែនជាការអនុវត្តសិទ្ធិទេ ហើយច្បាប់ក៏អត់ការពារដែរ តែផ្ទុយទៅវិញច្បាប់បញ្ញត្តិ ថា ជាអំពើល្មើស អញ្ចឹងអ្នកដែលសម្ដែងមតិបែបនេះ ដែលច្បាប់បញ្ញត្តិ ថា ជាអំពើល្មើសនេះ គឺថា ត្រូវប្រឈមមុខតាមផ្លូវច្បាប់ ទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន»។
សូមជម្រាបថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាសកម្មជនអតីតគណបក្សប្រឆាំង ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស។
បុគ្គលទាំង ២នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៣៧(ស្ទួន) នៃច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «បើតាមសំលេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។ ចំណែកលោក ហ៊ុន កុសល បង្ហោះសារនៅលើហ្វេសប៊ុករបស់លោកដែរថា«ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ