ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ចិនបើកសមយុទ្ធ “នាគមាស-ឆ្នាំ២០២៣” នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ២៣ ខែមីនានេះ បានអញ្ជើញចូលរួមបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះការរៀបចំ “សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស-ឆ្នាំ២០២៣” ដែលជាការរៀបចំលើកទី៥ ចាប់តាំងពីឆ្នាំ២០១៦ មក បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សមយុទ្ធនាគមាសលើកទី៥ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន” ហើយគឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែតបន្តថា ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលដែលឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយក្នុងនេះប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវដំណើរការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនេះយើងរំពឹងនឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា៖ (i) ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ និង (ii) ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបានខិតខំពុះពាររក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈយ៉ាងល្អប្រសើរ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ជាពិសេសជោគជ័យនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានការចូលយ៉ាងសកម្មពីសំណាក់កងយោធពលខេមរភូមិន្ទ។
បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត យើងមិនអាចប្រមើលមើលឃើញជាមុនអំពីការកើតឡើងនូវគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាតថ្មីទៀតនៅពេលខាងមុខឡើយ ជាពិសេសក្នុងបរិការណ៍នៃការប្រែប្រួលប្រព័ន្ធអេកូឡូហ្ស៊ី និងការកើនកម្តៅនៃអាកាសធាតុពិភពលោក។

កត្តានេះបានតម្រូវឱ្យកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសាកលលោក ត្រូវត្រៀមខ្លួនជានិច្ចក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតប។ អនុលោមតាមស្ថានភាពនេះ, សមត្ថភាពប្រុងប្រៀបត្រៀមលក្ខណៈរបស់កងកម្លាំងប្រដាប់អាវុធក្នុងការឆ្លើយតបចំពោះស្ថានភាពជាយថាហេតុនានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពដ៏សំខាន់មួយនៃផែនការយុទ្ធសាស្ត្ររបស់កម្ពុជា។
ក្នុងនោះផងដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ក៏នឹងជួយដល់ការពង្រឹងភាពជាដៃគូ និងសមត្ថភាពជំនាញរបស់កងយោធពលខេមរភូមិន្ទក្នុងនាមជាកម្លាំងនាំមុខក្នុងប្រតិបត្តិការសង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ