ព័ត៌មានជាតិ
មន្រ្តីថាផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ នឹងផ្តោតលើអភិក្រម ៣

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងអំពី ក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ នឹងផ្តោតលើអភិក្រមចំនួន ៣។
លោកបានមានប្រសាសន៍ឲ្យដឹងនៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់លើការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ និងទស្សនវិស័យសេដ្ឋកិច្ច ក្នុងរយៈមធ្យម និងប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធដែលបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អភិក្រមចំនួន ៣ គឺ៖ ទី១.យុទ្ធសាស្រ្ត ដើម្បីរស់ (Survival) ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផង ព្រមទាំងដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម និងធុរកិច្ច ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់ និងការចំណាយក្នុងស្រុក។
នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានាដែលមានស្រាប់ ក៏ដូចជាបន្តនូវអន្តរាគមន៍ផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាការបន្តអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្មជាដើម។
ទី២.ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្ម និងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាស។
ទី៣. ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគន្លឹះ, ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់ ដោយការបង្កើនលំហរថវិកា, ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក (ដូចជា ការបោះផ្សាយមូលបត្ររដ្ឋ), ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ, ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង (Green Growth) ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍន៍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។

គួរបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ត្រូវបានវាយតម្លៃថាអាចនឹងធ្លាក់មកក្នុងអត្រា -៤,៤% ដោយសារការដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ចសកល ទាំងលើសកម្មភាពផលិតកម្ម, ការប្រើប្រាស់ និងការវិនិយោគ។
យ៉ាងណាមិញ កំណើនត្រូវបានរំពឹងថានឹងងើបឡើងវិញមកក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ ២០២១ ក្រោមការរំពឹងទុកថាវ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើមចែកចាយក្នុងឆ្នាំ ២០២១ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចបន្តងើបឡើងវិញជាបណ្តើរៗ។
ទោះជាយ៉ាងនេះក្តី ការព្យាករថាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២១ នឹងងើបឡើងវិញនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំងអាស្រ័យស្ទើរតែទាំងស្រុងលើប្រសិទ្ធភាព និងលទ្ធភាពក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩។
ស្របគ្នាទៅនឹងនិន្នាការសកលនេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
តាមការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ អាចមានកំណើនទាបជាងការព្យាករកាលពីពាក់កណ្តាលឆ្នាំ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះជាងការរំពឹងទុកនៃវិស័យកាត់ដេរ, វិស័យកសិកម្ម និងការធ្លាក់ចុះខ្លាំងនៃវិស័យទេសចរណ៍ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថានឹងទទួលរងផលប៉ះទង្គិចតិចជាងការរំពឹងទុកបន្តិច។
ទន្ទឹមនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថានឹងអាចរក្សាបានកំណើនល្អប្រសើរ។ គួរឱ្យកត់សម្គាល់ផងដែរ វិស័យហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារនៅរក្សាបានស្ថិរភាព និងពុំមានសញ្ញាណប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។
ក្នុងឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងងើបឡើងវិញ ក្រោមការរំពឹងទុកការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រ និងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជារួម ដៃគូអភិវឌ្ឍន៍បានបង្ហាញនូវជំហរយល់ស្របលើលទ្ធផលនៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ និងទស្សនវិស័យសេដ្ឋកិច្ចរយៈមធ្យម និងបានផ្តល់នូវមតិយោបល់បន្ថែម ដើម្បីបង្កើនសុក្រិតនៃការព្យាករណ៍ ព្រមទាំងបានចែករំលែកពីការវិវឌ្ឍចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតតំបន់ និងសកល។
ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍បានសម្តែងនូវការសារទរចំពោះកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូររៀបចំសេចក្តីព្រាងក្របខណ្ឌផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានផ្តល់នូវយោបល់ល្អៗជាច្រើនសំដៅកែលម្អសេចក្តីព្រាងក្រខណ្ឌនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។
បន្ថែមលើនេះ ដៃគូអភិវឌ្ឍន៍បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរីករាលដាលនៃជំងឺកួវីដ-១៩ និងប្រសិទ្ធភាពនៃការអនុវត្តវិធានការអន្តរាគមន៍ទាន់ពេលវេលា ប៉ុន្តែបានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
អត្ថបទ៖វត្តី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី