Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ស្វាគមន៍ចំពោះអង្គការខុមហ្វ្រែល ដែលគ្រោងដាក់អ្នកសង្កេតការណ៍ពិនិត្យមើលការបោះឆ្នោត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានប្រកាសស្វាគមន៍ចំពោះគម្រោងដាក់អ្នកសង្កេតការណ៍ដ៏ច្រើន របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីដើមខែមេសាតទៅ គ.ជ.ប នឹងចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដើម្បីចូលរួមពិនិត្យមើលដំណើរការរៀបចំការបោះឆ្នោត អាណត្តិទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ មន្ត្រីអង្គការខុមហ្វ្រែល បានប្រកាសថា អង្គការរបស់ខ្លួន នឹងដាក់អ្នកសង្កេតការណ៍ចូលរួមតាមដានពិនិត្យមើលការបោះឆ្នោតតំណាងរាស្រ្ដ អាណត្តិទី ៧នេះ បន្ទាប់ពីខកខានដាក់អ្នកសង្កេតការណ៍ កាលពីឆ្នាំ ២០១៨កន្លងទៅនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៩ ខែមីនានេះថា គ.ជ.ប ស្វាគមន៍ដែលអង្គការខុមហ្វ្រែល បានសម្រេចថា នឹងដាក់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ខាងមុខ។ បន្ថែមពីលើនេះ ក្នុងនាម គ.ជ.ប លោក សោម សូរីដា ក៏បានលើកទឹកចិត្តដល់អង្គការ-សមាគមផ្សេងទៀត អាចដាក់អ្នកសង្កេតការណ៍ ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះផងដែរ។

តាមការកត់សម្គាល់របស់អ្នកនាំពាក្យ គ.ជ.ប គឺការចូលរួមរបស់អង្គការខុមហ្រ្វែល នៅក្នុងការដាក់អ្នកសង្កេតការណ៍ ដើម្បីតាមដានពិនិត្យមើលដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានលក្ខណៈខុសប្លែកពីការចូលរួមមុនៗ។ ខុសប្លែកត្រង់ថា នៅឆ្នាំ ២០១៨ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៦ អង្គការខុមហ្រ្វែល មិនបានដាក់អ្នកសង្កេតការណ៍ឡើយ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីឆ្នាំ ២០២២កន្លងទៅនេះ អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ បានដាក់អ្នកសង្កេតការណ៍ត្រឹមតែជិត ២ពាន់នាក់ប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់ការបោះឆ្នោតអាណត្តិទី ៧នេះវិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានគម្រោងដាក់អ្នកសង្កេតការណ៍ច្រើនខុសពី ២លើកកន្លងមកនេះ។ «ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ យើងសង្កេតឃើញថា ខុមហ្វ្រែល ហាក់ដូចជាចាប់អារម្មណ៍ច្រើន ហើយក៏បានទទួលព័ត៌មានពីខុមហ្វ្រែលផ្ទាល់ ដែលថា អង្គការនេះ នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជា ១ម៉ឺននាក់»។ នេះជាការឲ្យដឹងបន្ថែមពីលោក សោម សូរីដា។

មន្ត្រីជាន់ខ្ពស់ គ.ជ.បរូបនេះ​ បានបន្ថែមទៀតថា ការចូលរួមរបស់អង្គការសង្គមស៊ីវិល ដោយដាក់អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ នៅក្នុងដំណើរការរៀបចំការបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះអ្នកសង្កេតការណ៍ទាំងអស់នោះ គឺជាសាក្សីដឹងលឺអំពីកិច្ចការទូទៅនៃដំណើរការរៀបចំការបោះឆ្នោត ទៅលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ជាដើម។

គួរឲ្យដឹងថា កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។

គ.ជ.ប បានបង្ហាញក្ដីសង្ឃឹមថា គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម