ព័ត៌មានជាតិ
១ ថ្ងៃខេត្តកណ្តាលអាចផលិតបន្លែក្នុងផ្ទះសំណាញ់បានជាង ៦៨ តោន លក់លើទីផ្សារ
ថ្លែងនៅក្នុងសន្និសីទកាលពីម្សិលមិញនេះ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានលើកពីគោលដៅក្នុងការប្រែក្លាយខេត្តកណ្តាលក្នុងចំណោម ២៥រាជធានី/ខេត្ត ដែលមានការនាំចេញបន្លែទៅលក់នៅលើទីផ្សារច្រើនជាងគេ។
ថ្លែងនៅក្នុងសន្និសីទជិត ៤ ម៉ោងនៅទីស្តីការគណៈរដ្ឋមន្រ្តី លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ខេត្តកណ្តាលមានសក្ដានុពលខ្ពស់លើការដាំដុះបន្លែគ្រប់មុខ។ ខេត្តកំពុងជំរុញការធ្វើទំនើបកម្មកសិកម្ម ជាពិសេសការដាំដុះបន្លែដែលអាចផ្ដល់ទិន្នផលខ្ពស់។

លោកអភិបាលខេត្តបានបន្តថា ខេត្តកណ្តាលបានដាក់ចេញផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតង(២០២៣-២០៣០) ដែលជាត្រីវិស័យសម្រាប់ផលិតកម្មបន្លែ និងផ្លែឈើប្រកប សុវត្ថិភាព និងគុណភាព។ ជាមួយគ្នានេះ បានចងក្រងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពបានចំនួន ៧៥ បណ្តុំ និងបណ្តុះបណ្តាលសមាជិកបាន ៣,៥៣២នាក់ ក្នុងនោះទទួលបានវិញ្ញាបនបត្រចំនួន ៤៥ នាក់។
ទាក់ទងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តកណ្តាលអាចផលិតបានក្នុងបរិមាណ ៦៨តោន/១ថ្ងៃ។


យោងតាមសៀវភៅណែនាំស្តីពីការដាំបន្លែក្នុងផ្ទះសំណាញ់របស់គម្រោងឈេន (CHAIN) របស់ស្វ៉ីស (SDC) សហការជាមួយក្រសួងកសិកម្មបានបង្ហាញថា ការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់គឺពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាកសិករ។ កសិករដែលដាំដំណាំបន្លែក្នុងផ្ទះសំណាញ់មានភាពងាយស្រួលក្នុងការមើលថែដំណាំ ចៀសផុតពីការបំផ្លាញរបស់សត្វល្អិតចង្រៃគ្រប់ប្រភេទ ដំណាំលូតលាស់ល្អ ទទួលបានកម្តៅគ្រប់គ្រាន់ជាដើម។ កសិករក៏មានជីវភាពធូរធារជាងមុន ដោយសារដំណាំទទួលបានទិន្នផលខ្ពស់និងមានសុខភាពល្អ រកចំណូលបានខ្ពស់ និងអាចធ្វើការដាំដុះបានពេញមួយឆ្នាំ។
ពាក់ព័ន្ធនឹងវិស័យកសិកម្ម លោក គង់ សោភ័ណ្ឌ បានលើកឡើងថា រដ្ឋបាលខេត្តបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ឱ្យកាន់តែមានភាពប្រកួតប្រជែង តាមរយៈការផ្តល់បច្ចេកទេសដល់កសិករ ការធ្វើពិពិធកម្មវិស័យកសិកម្មទៅជាកសិ-ទេសចរ និងកសិ-ឧស្សាហកម្ម ដែលធ្វើឲ្យប្រាក់ចំណូលពលរដ្ឋមានការកើនឡើង។



លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានមានប្រសាសន៍ថា បរិមាណផលនៃការដាំដុះបន្លែនៅក្នុងខេត្តកណ្តាល មានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅក្នុងឆ្នាំ ២០១៨ ខេត្តមានលទ្ធភាពផលិតបន្លែបាន ១៤០តោន/មួយថ្ងៃ។ ដោយឡែកមកដល់ឆ្នាំ២០២១ បរិមាណផលមានការកើនឡើងបន្ថែមទៀត ដោយអាចផ្គត់ផ្គង់បាន ២៣០តោន/មួយថ្ងៃ ហើយរហូតមកដល់ឆ្នាំ ២០២២នេះ ខេត្តកណ្ដាលមានលទ្ធភាពផ្គត់ផ្គង់បន្លែបាន ៣១៨តោន/មួយថ្ងៃ។


លោកបញ្ជាក់ថា កន្លងមកខេត្តកណ្ដាលដែលធ្លាប់តែមានភាពល្បីល្បាញខាងបាញ់ថ្នាំកសិកម្ម ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់រយៈពេល ៥ ឆ្នាំកន្លងមក ខេត្តបានខិតខំកែប្រែពីតំបន់ដែលប្រើប្រាស់ថ្នាំថ្នាំកសិកម្មច្រើនជាងគេ មកជាតំបន់ដែលដាំបន្លែសុវត្ថិភាពនិងបន្លែសរីរាង្គ។

លោកបន្តទៀតថា នៅសហគមន៍មួយនៅតំបន់ស្វាយបន្ទាលបានធ្វើកសិកម្មកិច្ចសន្យា ដោយមានក្រុមហ៊ុនចំនួន ៧ បានចុះកិច្ចសន្យា និងក្រុមហ៊ុន ៤ បន្ថែមទៀត ដែលបានចូលមកប្រមូលទិញបន្លែ តែមិនទាន់ចុះកិច្ចសន្យា ព្រមទាំងមានប្រមាណ ២០ ក្រុមហ៊ុនបន្ថែមទៀតផងដែរ។
ដោយទទួលបានជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន ខេត្តកណ្តាលមានមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព ជាមជ្ឈមណ្ឌលតែមួយគត់ក្នុងប្រទេសដែលមានស្តង់ដារបច្ចេកទេស ការត្រួតពិនិត្យ និងបញ្ជាក់គុណភាពបន្លែផ្លែឈើ មុននាំទៅលក់លើទីផ្សារ ដែលមិនត្រឹមតែអាចប្រកួតប្រជែងគុណភាព សុវត្ថិភាព លើទីផ្សារក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែអាចធានាបានសុខុមាលភាពអ្នកបរិភោគជាសាធារណៈផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ