ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មករកភាពប្រក្រតីវិញ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតមានប្រសាសន៍នៅក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះថា ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិរហូតប្រមាណ ២,២៨ លាននាក់ ដែលជាកំណើនដល់ជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូលប្រកបដោយសក្តានុពលមួយក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិនិយោគ ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។

រាជរដ្ឋាភិបាល ថែមទាំងបានប្រែក្លាយដំណាក់កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរណ៍នៅពេលដែលប្រទេសត្រូវបានបើកដំណើរការពេញលេញឡើងវិញ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និងភាពទាក់ទាញជាងមុន។ រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួមដើម្បីឈានទៅសម្រេចនូវគោលបំណងទាំងនេះ ដូចមានការវិនិយោគបង្កើតសណ្ឋាគារ Fairfield by Marriott Phnom Penh នេះជាសក្ខីភាពស្រាប់។

ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង ៦ ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមាន ល្អសម្រាប់ ពេលខាងមុខ។
និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិ ការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ី អាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

បើតាម ឯកឧត្តម ហ៊ុន ម៉ាណែតស្របពេលដែលរាជរដ្ឋាភិបាលកំពុងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងអនាគត វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹងធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើនចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជា ឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដារអន្តរជាតិ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់