ព័ត៌មានជាតិ
កម្ពុជា សឹង្ហបុរី ស្រាវជ្រាវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដើម្បីសុខភាពមាតា និងទារកនៅកម្ពុជា
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយ សាកលវិទ្យាល័យជាតិសឹង្ហបុរី បានរួមគ្នាស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មីសម្រាប់សុខភាពមាតា និងទារកនៅកម្ពុជា ដើម្បីស្វែងរកធាតុចូលសំខាន់ៗថែមទៀតសម្រាប់យកទៅពិចារណាក្នុងការរៀបចំគោលនយោបាយផែនការលើកកម្ពស់សុខភាពមាតា និងទារកដើម្បីរួមចំណែកអនុវត្តគោលនយោបាយជាតិសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ថ្លែងនៅក្នុងពិធីបើក គម្រោងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មី (i-MoMCARE) សម្រាប់សុខភាពមាតា និងទារកនៅកម្ពុជា នៅថ្ងៃទី៣១ ខែមីនានេះ លោក ស្រី ស៊ុយ សុវណ្ណធីតា ប្រធានសម្របសម្រួលគម្រោង i-MoMCARE សម្រាប់សុខភាពមាតា និងទារកនៅកម្ពុជា មានប្រសាសន៍ថា គម្រោងនេះមានរយៈពេល ៣ឆ្នាំគឺចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ដោយអនុវត្តនៅតាមបណ្តាខេត្តចំនួន១០ ដោយជំហានដំបូងអនុវត្តសាកល្បងទៅលើខេត្តបាត់ដំបង រយៈពេល ៣ខែ ហើយបន្ទាប់មកទៀតអនុវត្តផ្ទាល់នៅខេត្ត៥ និងខេត្ត៥ ទៀតគ្រាន់តែយកមកប្រៀបធៀបគ្នា ថាតើខេត្តដែលអនុវត្តដោយគម្រោងនេះ និងខេត្តដែលមិនបានអនុវត្តសុខភាពមាតា និងទារកមានលក្ខណៈខុសគ្នាយ៉ាងណា។

លោកស្រីបានពន្យល់ថា គម្រោងនេះនឹងជួយផ្តល់សេវាចំពោះស្ត្រី និងកុមារបានលឿនជាងមុនដោយសារយើងបានបង្កើត App មួយសម្រាប់ឱ្យមន្ទីរសុខភិបាល ស្រុកប្រតិបត្ត និងមណ្ឌលសុខភាព ពិសេសក្រុមអ្នកស្ម័គ្រចិត្តតាមភូមិអាចធ្វើការទំនាក់ទំនងគ្នា និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានឆាប់រហ័សនៅពេលស្ត្រី ឬកុមារមានបញ្ហាជំងឺផ្សេងៗ ខណៈពីមុនត្រូវហៅទូស័ព្ទរកគ្នាប្រើពេលយូរ។

លោកស្រីបានបន្តថា App នេះ ធ្វើឱ្យក្រុមអ្នកស្ម័គ្រចិត្តភូមិអាចទាក់ទងទៅមណ្ឌលសុខភាពងាយស្រួល និងបានទាន់ពេលវេលាព្រោះ នៅក្នុង App នេះមានផ្ទុកទិន្នន័យស្ត្រីផ្ទៃពោះតាមភូមិរួចជាស្រេចហើយ មណ្ឌលសុខភាពក៏រាយការណ៍តាម App នេះទៅស្រុកប្រតិបត្តិ ហើយស្រុកប្រតិបត្តិក៏បន្តរាយការណ៍ទៅមន្ទីរសុខាភិបាលខេត្តដែលធ្វើឱ្យការងារវាស៊ីសង្វាក់គ្នា និងជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារកកាន់តែប្រសើរ។

លោកស្រី វេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានមានប្រសាសន៍ថា គម្រោង (i-MoMCARE) ជានាវានុវត្តន៍ថ្មីសម្រាប់ការធ្វើអន្តរាគមន៍ក្នុងការជំរុញឱ្យស្ត្រី និងកុមារមកទទួលសេវាពិនិត្យថែទាំ និងព្យាបាលទាន់ពេលវេលា ពិសេសការចូលរួមពីអាជ្ញាធរមូលដ្ឋានដែលមានក្រុមទ្រទ្រង់សុខភាពភូមិជាបង្គោល។
លោកស្រីវេជ្ជបណ្ឌិតសង្ឃឹមថា លទ្ធផលដែលបានមកពីការស្រាវជ្រាវ នេះគឺជាម៉ូដែលដ៏ល្អមួយក្នុងការពង្រីក និងពង្រឹងសកម្មភាពផ្តល់សេវាសុខភាពមាតា និងទារកជាការរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតាទារកកុមារ និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជាដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុការកាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និងកុមារនៅប្រទេសកម្ពុជានៅឆ្នាំ២០៣០។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ សុខាភិបាលក៏បានសម្រេចបានជោគជ័យធំៗជាច្រើន។ ជាក់ស្ដែងយើងសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សរ៍ក្នុងការកាត់បន្ថយអត្រាមរណមាតា ទារក និងកុមារ ការកាត់បន្ថយការឈឺស្លាប់ដោយសារជំងឺឆ្លងនានាដោយមានការទទួលស្គាល់នៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកផងដែរ។
លោកសាស្ត្រាចារ្យបានបន្តថា ទន្ទឹមនឹងការរីកចម្រើននេះ យើងក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរដូចជា ការពិនិត្យថែទាំម្ដាយ និងទារកក្រោយសម្រាលលើកទី២ មិនទាន់ដល់គោលដៅ ការបញ្ជូនអ្នកជំងឺ និងតាមដានបន្តករណីកុមារកង្វះអាហាររូបត្ថម្ភរវាងមណ្ឌលសុខភាព និងសហគមន៍មិនទាន់ដំណើរការល្អនៅឡើយ។

លោកស្រ្តាចារ្យបានបន្ថែមថា ដើម្បីឆ្លើយតបនឹងបញ្ហាកត្តាប្រឈមចំពោះសុខភាពមាតា និងទារក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលជាសេនាធិការ បានដាក់ចេញនូវគោលដៅដៃយុទ្ធសាស្ត្រចំបងៗដូចជា បង្កើនការគ្របដណ្ដប់ និងការទទួលបានសេវាសុខភាពបន្តពូជមានគុណភាព ជាពិសេសដោយស្ត្រីបុរសវ័យក្មេង និងវ័យជំទង់ បង្កើនការគ្រប់ដណ្ដប់នឹងទទួលបានសេវាថែទាំគក៌មុនសម្រាលសម្រាលមានសុវត្ថិភាព ថែទាំក្រោយសម្រាលសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកមានគុណភាព ការបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន បង្កើនការគ្រប់ដណ្ដប់ និងការទទួលបានវ៉ាក់សាំងបង្ការជំងឺ និងសេវាពិនិត្យព្យាបាលតាមអភិក្រមសមាហរណកម្មគ្រប់គ្រងជំងឺកុមារ និងបង្កើនការគ្រប់ដណ្ដប់និងលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដើម្បីបន្ថយកង្វះថាមពលជាតិសាច់ និងមីក្រូសារធាតុក្នុងចំណោមស្ត្រី និងកុមារ។
លោកសាស្ត្រាចារ្យសង្ឃឹមថា តាមរយៈការបើកជាផ្លូវការគម្រោងស្រាវជ្រាវនេះនឹងអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវ និងដៃគូអាចស្វែងរកនូវធាតុចូលសំខាន់ៗថែមទៀតសម្រាប់យកទៅពិចារណាក្នុងការរៀបចំគោលនយោបាយផែនការលើកកម្ពស់សុខភាពមាតា និងទារកដើម្បីរួមចំណែកការអនុវត្តគោលនយោបាយជាតិសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ