ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ក្រោយបញ្ចប់ការជួសជុលកំណាត់ផ្លូវជាតិលេខ ៧៣ និងផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A នេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ក្រោយការជួសជុលថែទាំត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ ៧៣ ,ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A នេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្តក្រចេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទាំងការធ្វើដំណើរទៅមកប្រចាំថ្ងៃផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ ៧៣ ,ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលបានរៀបចំពិធីនៅក្នុងវត្តសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៣។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ នេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការ ប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់កាលពីដើមឆ្នាំ ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានប្រកាសសន្យាអំពីការត្រៀមបើកការដ្ឋានខ្សែផ្លូវទាំង ៣ នេះ ឲ្យបានឆាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលខាងមុខផងដែរ។

យោងតាមរបាយការណ៍របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ការលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិទាំង ៣ ខ្សែនេះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ប្រវែងសរុប ៩៨,៤ គ.ម ដែលគ្រោងប្រើថវិកាសរុបប្រមាណជាង ៤០ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ។

កំណាត់ផ្លូវជាតិលេខ ៧៣ ៖ មានប្រវែង ៤៩,៨១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពីគីឡូម៉ែត្រលេខ(០+០០) ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) គីឡូម៉ែត្រលេខ(៤៩+៨១២) នឹងត្រូវស្ដារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលកៅស៊ូAC កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០ សង់ទីម៉ែត្រ មានទទឹង ១០ ម៉ែត្រ និង ១៣ ម៉ែត្រ (សម្រាប់ផ្លូវ ២ គន្លង) និងទទឹង ១៥,៧ ម៉ែត្រ និង ១៦ ម៉ែត្រ (សម្រាប់ផ្លូវ ៤ គន្លង នៅក្នុងទីប្រជុំជន)។ ចំណែកឯ ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ៖ មានប្រវែងសរុប ៤៨,៦ គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ ស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០ សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ ម៉ែត្រ ដល់ ១១ ម៉ែត្រ មាន ២ គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩ កន្លែង ប្រវែងសរុប ៤១៣ ម៉ែត្រ (នៅលើផ្លូវខេត្តលេខ ៣៧៧)។

គម្រោងនេះ នឹងរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ក្រោយការលើកកម្រិត និងជួសជុលថែទាំត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ ៧៣ និងផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A នេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្តក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទាំងការធ្វើដំណើរទៅមកប្រចាំថ្ងៃផង និងទាំងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗផង ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។ ខ្សែផ្លូវទាំង ៣ នេះ ក៏មានការតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ ផ្លូវខេត្ត តំបន់ទីប្រជុំជនសំខាន់ៗ និងតំបន់ដាច់ស្រយាលផងដែរ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ