Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់​ពូជស្រូវក្រអូបថ្មី ចំប៉ី៧០ ជាផ្លូវការ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Justin Whyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុង​ទិវាច្រូតស្រូវ ចំប៉ីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍ​ន៍កសិកម្មកម្ពុជា ហៅកាត់ថា វ.ស.អ.ក.ក នាព្រឹកថ្ងៃទី ០៥ ខែ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា  បានលើកឡើងថា ចំប៉ីស៧០ ត្រូវបានដាក់​ឈ្មោះ​ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យអបអរសាទរខួប៧០ឆ្នាំ​នៃទំនាក់ទំនងការទូតដ៏សំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ លោកបានគូសបញ្ជាក់ថា ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាង​សំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករ​ក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យ​ជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា​ លោក Justin Whyatt បានលើកឡើងថា ប្រទេសអូស្ត្រាលី​មានមោទកភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍​កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ​។ លោកថ្លែងដូច្នេះថា« ខ្ញុំសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងទីផ្សារប្រទេស​អូស្ត្រាលីផងដែរ»។

ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការ​ធ្វើពិសោធ​នៅលើស្រែកសិករ​ ចំនួន៨០កន្លែង ។

ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍ​ន៍កសិកម្មកម្ពុជា ហៅកាត់ថា “វ.ស.អ.ក.ក” និង​រដ្ឋាភិបាល​អូស្រ្តាលី។

ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា​ ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុង​ពិភពលោក​ជាមួយ​នឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍​នៅលើស្រែកសិករ​ចំនួន៨០​កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយាមានការចូលរួមពីកសិករ​ប្រមាណជា​៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្រ្តី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើសនិងដាក់ជូនគណៈកម្មការបញ្ចេញពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។​ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួម​ចំណែកយ៉ាងសំខាន់​ក្នុងការកាត់បន្ថយបន្ទុក​ដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់​បង់ក្រោយពេលប្រមូលផល។

លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍ​ន៍កសិកម្មកម្ពុជា បានលើកឡើងថា ពូជស្រូវមួយប្រភេទនេះ ពិតជាមានគុណ​ប្រយោជន៍​ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករ​ក្នុងការកាត់បន្ថយ​ការចំណាយ និងកម្លាំងក្នុងការ​ថែទាំស្រែ​រ​បស់ពួកគេ។ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករ​អាចទិញស្រូវចំប៉ីស៧០ បាន​ពេញមួយឆ្នាំតែម្តង។

អង្ករក្រអូប មានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលការនាំចេញមានចំនួនច្រើនជាង៦០ភាគរយ នៃអង្ករនាំ​ចេញសរុប​របស់កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅនាំចេញ​អង្ករឱ្យបាន១លានតោន​ក្នុងឆ្នាំ​២០២៥ខាងមុខ។

ប្រទេសអូស្រ្តាលី គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងកិច្ចគាំទ្រលើវិស័យកសិកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ គឺនៅពេលដែលអូស្រ្តាលី បានបញ្ជូនអ្នកជំនាញកសិកម្ម មកជួយធ្វើឱ្យប្រសើរឡើងនូវការ​ស្រាវជ្រាវដែលយក​ដំណាំស្រូវជាមូលដ្ឋាន។ អូស្រ្តាលីក៏បានគាំទ្រលើការងារសំខាន់ៗផ្សេងៗទៀត រួមមានការបង្កើតឡើង​នូវវិទ្យាស្ថាន​ស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្រោមភាពជាដៃគូដ៏រឹងមាំជាមួយ​មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការដាក់ឱ្យដំណើរការកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) មានរយៈពេល ១២​ឆ្នាំ ដែលទើបតែបញ្ចប់ក្នុងឆ្នាំ២០២២។​

នៅខែកញ្ញា ឆ្នាំ២០២២ អូស្រ្តាលីបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយទៀត គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយភាពធន់ (CAPRED)។ កម្មវិធីនេះមានគោលបំណង​ជួយប្រទេសកម្ពុជា ឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយនិរន្តរភាពបរិយាបន្ន និងភាពធន់។ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងភាពធន់នៃបម្រែបម្រួលអាកាសធាតុ ត្រូវបានបញ្ជ្រាប​ទៅក្នុងគ្រប់សកម្មភាពរបស់កម្មវិធី​CAPRED។

វិស័យកសិកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកជិតមួយភាគបួននៃផលិតផល​ក្នុងស្រុក​សរុបរបស់​កម្ពុជាក្នុងឆ្នាំ២០២១។​ វិស័យនេះ ផ្តល់ការងារជាងមួយភាគបីនៃចំនួនការងារសរុបរបស់កម្ពុជា ដែល​ច្រើន​ជាង​ពាក់កណ្តាលនៃអ្នកធ្វើការសរុប គឺជាស្រ្តី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម