ព័ត៌មានជាតិ
កម្ពុជាបំពាក់ មេដាយមុនីសារាភ័ណ្ឌ ជូនសាស្ត្រាចារ្យជប៉ុន ស្រាវជ្រាវជំងឺថ្លើម
រាជរដ្ឋាភិបាលកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ជូនលោកស្រីសាស្ត្រាចារ្យ ជុនកូ តាណាកា (Junko Tanaka) សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីជាការតបស្នងចំពោះលោកស្រីដែលបានផ្តួចផ្តើមការងារស្រាវជ្រាវអំពីជំងឺថ្លើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៩។
ពិធីបំពាក់ គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ មេសា នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានប្រសាសន៍ថា លោកស្រីសាស្ត្រាចារ្យ ជុនកូ តាណាកា បានផ្តួចផ្តើមការងារស្រាវជ្រាវអំពីជំងឺថ្លើមចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ហើយលោកស្រីបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើមនៅប្រទេសកម្ពុជាមកដល់ពេលនេះបានចំនួន ១២អត្ថបទវិទ្យាសាស្ត្រក្នុងនិន្នានុវត្តន៍វិទ្យាសាស្ត្រអន្តរជាតិ ដែលលទ្ធផលស្រាវជ្រាវទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញគំនិតស្រឡាញ់ការងារស្រាវជ្រាវរបស់មន្ត្រីបុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកសាស្ត្រាចារ្យបានបន្តថា ជាច្រើនឆ្នាំកន្លងមកនេះ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនដើម្បីជំរុញការកសាងធនធានមនុស្សក្នុងវិស័យសុខភាពសាធារណៈ។ ក្នុងនោះលោកស្រីបានជួយរកអាហារូបករណ៍ និងជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រចំនួន ៣នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១នាក់ សិក្សានៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងគ្រោងបន្តជួយផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាពី ២ ទៅ៣នាក់ទៀត ក្នុង១ឆ្នាំសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។
លោកសាស្ត្រាចារ្យ បានសំដែងការអបអរសាទចំពោះ លោកស្រី ជុនកូ តាណាកា ដែលទទួលបានការទទួលស្គាល់ស្នាដៃពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូនលោកស្រីនូវគ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌ។ លោកសាស្ត្រាចារ្យសង្ឃឹមថា លោកស្រីនឹងបន្តជួយគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាបន្តទៀត។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កោតសរសើរដល់លោកស្រី ជុនកូ តាណាកា ដែលបានផ្តួចផ្តើមការងារស្រាវជ្រាវអំពីជំងឺថ្លើមនៅប្រទេសកម្ពុជាច្រើនឆ្នាំកន្លងមកនេះ និងបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើមនៅប្រទេសកម្ពុជាបានជាច្រើនអត្ថបទក្នុងនិន្នានុវត្តវិទ្យាសាស្ត្រអន្តរជាតិដែលលទ្ធផលទាំងនេះបានក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា អន្តរាគមន៍សុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ស្នាដៃស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់លោកស្រី គឺជាគំរូស្រាប់ដែលបង្ហាញឱ្យឃើញនូវការផ្សារភ្ជាប់គ្នាដោយមិនអាចខ្វះបានរវាងការបណ្តុះបណ្តាល និងការស្រាវជ្រាវក្នុងវិស័យសុខាភិបាល។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់នូវគ្រឿងឥស្សរយយសមេដាយមុនីសារាភ័ណ្ឌជូនលោកស្រីសាស្ត្រាចារ្យ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់