ព័ត៌មានជាតិ
សម្ដេច ស ខេង អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ដ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ខាងមុខនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/01-4-1024x682.jpg)
ការអំពាវនាវនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំរួម ស្តីពី សកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលពីព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/02-4-1024x682.jpg)
នៅក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវគ្រប់គណបក្សនយោបាយ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឲ្យបានហ្មត់ចត់ ហើយអាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើឲ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ និងទប់ស្កាត់ឲ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/004-1024x614.png)
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគូសបញ្ជាក់ថា ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារនាពេលកន្លងមក រួមទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងឥស្សរជន នៃបណ្ដាគណបក្សនយោបាយ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/06-3-1024x682.jpg)
សម្ដេចក្រឡាហោមបន្តថា ការទទួលបានជោគជ័យជាបន្តបន្ទាប់ សម្រាប់ការរៀបចំព្រឹត្តិការណ៍នយោបាយ រួមទាំងភាពជោគជ័យនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី ៥ កាលពីថ្ងៃ អាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២នាពេលកន្លងមក គឺអាស្រ័យដោយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀបចំផែនការសកម្មភាពយ៉ាងហ្មត់ចត់ សមស្របទៅនឹងស្ថានភាពជាក់ស្តែង គួបផ្សំនឹងការចូលរួម យ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/05-1-1024x682.jpg)
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេច បានសម្តែងការកោតសរសើរដោយស្មោះ ចំពោះមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដោយបានចូលរួមចំណែក យ៉ាងសកម្មដល់កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការធានាស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក ដែលចលនាប្រកបដោយសុឆន្ទៈ និងសង្គតិភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីវឌ្ឍនភាព និងភាពរឹងមាំ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
សម្ដេចបន្ថែមថា ទោះបីស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋាន គ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក៏ប៉ុន្តែកិច្ចដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ គឺជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងនយោបាយយ៉ាងតឹងតែង និងក្ដៅគគុករបស់គ្រប់គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗ បង្កជាឧបសគ្គ រាំងស្ទះ ឬបន្ទុចបង្អាក់ដល់កិច្ចដំណើការបោះឆ្នោត ទៀតផង។
សម្ដេច ស ខេង ក៏បានបង្ហាញការគាំទ្រចំពោះការផ្តល់នូវមតិជាធាតុចូលរបស់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជួយរំលឹកដាស់តឿនបន្ថែមដល់ប្រតិបត្តិករទាំងអស់ ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិក្រមសីលធម៌ ស្របតាមច្បាប់ ស្តីពី ការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតពេលខាងមុខ។
ជាមួយគ្នានេះ ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេចក៏បានសង្កត់ធ្ងន់លើកិច្ចការសំខាន់ៗមួយចំនួន បន្ថែមលើកិច្ចការដែលបាននិងកំពុងអនុវត្ត តាមការចង្អុលបង្ហាញ នៃសេចក្ដីណែនាំរួមផងដែរ។
សម្ដេច បានណែនាំឲ្យប្រគល់តួនាទី ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលជាគណៈ បញ្ហាការសន្តិសុខអចិន្ត្រៃយ៍រាជធានី-ខេត្តសម្រាប់ការបោះឆ្នោត ទទួលខុសត្រូវដឹកនាំដោយ ផ្ទាល់ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុ ខសម្រាប់ការបោះឆ្នោត។ គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន សម្ដេចក៏បានណែនាំឲ្យខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឲ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ។
ក្នុងនាមគណៈបញ្ហាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឲ្យកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣នាពេលខាងមុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?