Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ា​ណែ​ត​ ៖ ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្សប្រជាជន​ក្រៅ​ប្រទេស តែង​ប្រកាន់ខ្ជាប់​គោលការណ៍​សាមញ្ញ ៤ យ៉ាង​គឺ សច្ចធម៌ អហិង្សា ស្មារតី​ខ្មែរ​តែមួយ ទំនាក់ទំនងខ្មែរ​​ក្រៅ​ស្រុក និង​ក្នុងស្រុក

បានផុស

នៅ

នា​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ក្នុងឱកាស​អបអរសាទ​រ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៦-២៥៦៧ ចំនួន​ប្រមាណ​ជាង ១.២០០ នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បរិយាកាស​ជួបជុំ​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​សប្បាយរីករាយ​នោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ដែល​តែង​បាន​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរស​ក្នុងការ​ចូលរួមចំណែក​បំពេញ​កិច្ចការ​មនុស្សធម៌​នានា រួមមាន​ជាអាទិ៍​ ៖ ការ​ជួយឧបត្ថម្ភ​ជន​ដល់​រងគ្រោះ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩, គ្រួសារ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​, គ្រួសារ​មាន​ជីវភាព​លំបាក​ខ្វះខាត​, មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការផ្តល់​អំណោយ​ជា​អណ្តូងទឹក​នៅតាម​សហគមន៍​ជនបទ ជាដើម​។

កត្តា​ទាំងនេះ គឺ​ពិតជា​បាន​បង្ហាញ​អំពី​ភាពខ្លាំង​ក្លា នៃ​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​ខ្មែរ​តាមរយៈ​ការផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​អ្នករស់នៅ​ក្រៅប្រទេស និង​អ្នក​រស់​នៅ​ក្នុង​ប្រទេស ក្រោម​ស្មារតី​ខ្មែរ​តែមួយ ដែល​តែង​ជួយ​យក​អាសា​គ្នា​ទៅវិញទៅមក ហើយ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​នេះ​នឹង​នៅ​បន្ត​ឋិតថេរ​ក្រោម​បរិយាកាស​សុខ​សន្តិភាព​ដែល សម្តេច​តេ​ជោ បេ្ត​ជ្ញា​ការពារ​ថែរក្សា​ឱ្យ​គង់វង្ស​យូរអង្វែង​គ្រប់​ជំនាន់​តរៀង​ទៅ​។

ឯកឧត្តម​បណ្ឌិត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រៅប្រទេស តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សាមញ្ញ ៤ យ៉ាង រួមមាន​៖ ទី​១. ការប្រកាន់​សច្ចៈ​ធម៌ ដោយ​ផ្សព្វផ្សាយ​តែ​អំពី​ការពិត​ដែល​បាន​កើតមានទ្បើង​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា​, ទី​២. ការប្រកាន់​នូវ​ធម៌​អហិង្សា ក្នុងការ​ឆ្លើយតប​ទៅនឹង​សកម្ម​បំពាន​នានា​, ទី​៣. ការប្រកាន់​ខ្ជាប់​នូវ​ស្មារតី​គ្រួសារ​ខ្មែរ​តែមួយ ដោយ​ឈរលើ​មូលដ្ឋាន​ស្រលាញ់​រាប់អាន​គ្នា​ជា​បងប្អូន ហើយ សម្តេច​តេ​ជោ ដែលជា​ថ្នាក់ដឹកនាំ ក៏បាន​ប្រកាន់យក​នូវ​ស្មារតី​នេះ ដើម្បី​បង្រួបបង្រួម​ជាតិ និង​នាំមក​នូវ​សន្តិភាព​ពេញលេញ​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​មិន​ធ្លាប់​កើតមាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំ​របស់​កម្ពុជា​, និង​ទី​៤. គឺ​ការយក​អស់កម្លាំង​កាយ​ចិត្ត​ជួយ​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក និង​ក្នុងស្រុក តាមរយៈ​ការបើកឱកាស​រួមគ្នា​ឱ្យមាន​ការផ្លាស់ប្តូរ​បទ​ពិសោធ​ន៏​ខាង​ផ្នែក​សិល្បៈ វប្បធម៌ និង​កីឡា ព្រមទាំង​សកម្មភាព​សង្គម និង​សប្បុរសធម៌​នានា ។ សកម្មភាព​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឱ្យ​ក្រុមការងារ​ទទួល​បានកា​រ​គោរព​ស្រលាញ់ និង​ភាពកក់ក្តៅ​ពី​សំណាក់​បងប្អូន​ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ប្រទេស​គ្រប់​មជ្ឈដ្ឋាន​រហូតមក​។

ជា​ចុងក្រោយ ឯកឧត្តម បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ចំពោះ​សមិទ្ធផល​ការងារ​ទាំងទ្បាយ​ដែល​សម្រេចបាន​រួមគ្នា​ក្នុង​រយៈកាល​កន្លងមក​នេះ ដែលជា​ការចូលរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ការបន្ត​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម