Connect with us

ព័ត៌មានជាតិ

តើសភាពាណិជ្ជកម្ម មានតួនាទីអ្វីខ្លះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ?

បានផុស

នៅ

សភាពាណិជ្ជកម្ម​កម្ពុជា​ ​ជាសភាពាណិជ្ជកម្ម​​ថ្នាក់​ជាតិ​តែ​មួយ​គត់​ដែលតំណាងឲ្យការការពារ​ផល​ប្រយោជន៍​ដល់វិស័យ​ឯកជន។ ភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មកម្ពុជា គឺ​ធ្វើជា​ដៃ​គូ​សន្ទនា​ជាមួយរាជ​រដ្ឋាភិបាល​ និង​ផ្តល់​យោបល់ផ្សេងៗស្តី​ពីព័ត៌មាន​សេដ្ឋកិច្ច​ និងវិនិយោគ​។ តើសភាពាណិជ្ជកម្មកម្ពុជាមានប្រវត្តិយ៉ាងណា ហើយមានតួនាទីអ្វីខ្លះក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ សភាពាណិជ្ជកម្មមានត្រឹមតែក្របខណ្ឌរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ក្រោមការដឹកនាំដោយអ្នកឧកញ៉ា ថេង ប៊ុនម៉ា។ ក្នុងឆ្នាំ១៩៩៩ អ្នកឧកញ៉ា សុខ គង់ ក៏បានជាប់ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ បន្ទាប់ពីអ្នកឧកញ៉ា ថេង ប៊ុនម៉ា។

ក្រោយមក សភាពាណិជ្ជកម្មត្រូវបានបង្កើតឲ្យមានជាបន្តបន្ទាប់នៅតាមខេត្តមួយចំនួនថែមទៀត ហើយក៏បានប្រមូលផ្ដុំសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំងនោះ ដើម្បីបង្កើតឲ្យមានជាសភាពាណិជ្ជកម្ម​កម្ពុជាឡើង។ ការបង្កើតសភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០០៥ គឺមានអ្នក​ឧកញ៉ា គិត ម៉េង ​ជាប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងជាប្រធាន​សភា​ពាណិជ្ជកម្ម​រាជ​ធានី​ភ្នំពេញ​ រហូត​មក​ដល់ពេល​បច្ចុប្បន្ននេះ។ មកទល់ពេលនេះ សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពាណិជ្ជកម្មថ្នាក់រាជ​ធានី​-ខេត្តចំនួន១៨ ដែលតំណាងឲ្យរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។

សភាពាណិជ្ជកម្ម​កម្ពុជា គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងនៃការការពារ​ផល​ប្រយោជន៍​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ។ សភាពាណិជ្ជកម្មកម្ពុជាបាន​ដើរតួយ៉ាងសំខាន់ក្នុងការចូលរួម​​ផ្ដល់​យោបល់ជូនរាជ​រដ្ឋាភិបាល ​ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព​ និងដើម្បីបង្ក​លក្ខណៈធុរកិច្ច​ឲ្យកាន់តែល្អ​ប្រសើរ​ឡើង។

បើយោងតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដនៃ​សភាពាណិជ្ជកម្ម​កម្ពុជា ​បានកំណត់តួនាទី-ភារកិច្ចមួយចំនួន​ដូច​ខាង​ក្រោម៖

  • សភាពាណិជ្ជកម្ម​កម្ពុជាចូលរួម​អនុវត្ត​គោលនយោបាយសេដ្ឋកិច្ច​-ពាណិជ្ជកម្ម​
  • ផ្តល់យោបល់ និងព័ត៌មានស្តីពីសេដ្ឋកិច្ច​ និងវិនិយោគជូនរាជ​រដ្ឋាភិបាល
  • ជា​ដៃគូចរចាជាមួយ​រាជរដ្ឋាភិបាល
  • ធ្វើទំនាក់​ទំនង​ជាមួយ​ប្រភព​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក្រៅប្រទេស
  • បង្កើតវគ្គ​បណ្តុះបណ្តាលដល់គ្រឹះស្ថាន​​អាជីវកម្ម
  • ចូលរួម​សកម្ម​ភាព​ជាមួយ​សភាពាណិជ្ជកម្ម​ក្នុង​តំបន់ ​និង​ពិភពលោក។

សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​នឹង​កំពុង​រក្សា​ទំនាក់​ទំនងយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ​អន្តរជាតិជាច្រើន​ រួម​មាន​៖​ ក្រុម​ប្រឹក្សាពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត ក្រុម​ប្រឹក្សា​ធុរកិច្ច​មហាអនុតំបន់​ទន្លេ​មេគង្គ ក្រុម​ប្រឹក្សា​ធុរកិច្ច​ឡានឆាង-មេគង្គ ក្រុម​ប្រឹក្សា​ធុរកិច្ច​មេគង្គ​-កូរ៉េ ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​កូរ៉េ បណ្តាញ​ផលិតករ​អាស៊ានជាដើម។ ក្នុងនោះ សភាពាណិជ្ជកម្ម ក៏បាន​ចូលរួមសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថានទូត​បរទេស​​ប្រចាំ​នៅ​កម្ពុជា ក៏​ដូច​ជា​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅឯបរទេសដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ 

កាលពីឆ្នាំ​២០១៨ សភាពាណិជ្ជកម្មកម្ពុជា ​និង​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​ចំនួន​២៦ នៅកម្ពុជា បាន​ចុះ​អនុស្សារណៈ យោគយល់គ្នាក្នុងការ​ផ្តល់​សិទ្ធ​ទាំងស្រុង​ឲ្យសភាពាណិជ្ជកម្មកម្ពុជា មានសិទ្ធតំណាងស្របច្បាប់ក្នុងការសម្រេចចិត្ដជា​ឯកច្ឆ័ន្ទ ​ហើយក៏ជា​ស្ថាប័ន​តំណាងតែមួយគត់ក្នុងការមានសិទ្ធសន្ទនា​លើកពីបញ្ហា និង​ផ្តល់​យោបល់ជូន​រាជ​រដ្ឋាភិបាល​កម្ពុជាពាក់ព័ន្ធនឹងបញ្ហា​ប្រឈមណាមួយ​ដែល​អាច​នឹង​មានផលប៉ះ​ពាល់​ដល់អាជីវកម្មរបស់វិស័យ​ឯកជន​ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម