Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata បរិច្ចាគ​ថវិកា ១ ម៉ឺន​ដុល្លារ​ដល់​យុទ្ធនាការ “​រត់​ជាមួយ​សាយ​” ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

បានផុស

នៅ

​សិល្បករ Pleng រួម​ជា​មួយ​តារា​តាម​បណ្តាញ​សង្គម​ដទៃ​ទៀត​ បាន​ចូលរួម​ជាមួយ​លោក អួន បឋម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា “​សាយ​” កាលពី​ថ្ងៃអាទិត្យ​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​១០ គីឡូម៉ែត្រ​នៅ​កោះ​ពេជ្រ ដែល​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍ “​រត់​ជាមួយ​សាយ​” ដែល​ជា​យុទ្ធនាការ​រៃអង្គាស​ថវិកា ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ដល់​យុទ្ធនាការ​រៃអង្គាស​ថវិកា​របស់ សាយ ដែល​ឥឡូវនេះ​ថវិកា​ដែល​បាន​រៃអង្គាស​មាន​ចំនួន​លើសពី ៤៨​ម៉ឺន​ដុល្លារ បន្ទាប់ពី​គាត់​បាន​រត់​ចម្ងាយ​ជាង ២.៤០៨​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន ២១ ក្នុង​រយៈពេល ៩៧ ថ្ងៃ​។

​ថ្លែង​អំពី​មូលហេតុ ដែល​គាត់​ផ្តើម​យុទ្ធនាការ “​រត់​ជាមួយ​សាយ​” នេះ​ឡើង លោក សាយ បាន​និយាយថា “​ខ្ញុំ​គោរព និង​កោត​សរសើរ​ការងារ ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង​ធ្វើ ដើម្បី​ផ្ដល់​ការព្យាបាល​ដល់​កុមារ​កម្ពុជា ហើយ​ខ្ញុំ​បាន​ជួយ​ពួកគេ​តាមរយៈ​មធ្យោបាយ​ ដែល​ខ្ញុំ​អាចធ្វើ​ទៅ​បាន​។ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់​ចំពោះ​ការគាំទ្រ និង​សប្បុរសធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​បុព្វហេតុ​ដ៏​គួរ​ឲ្យ​ស្ងើចសរសើរ​នេះ​”​។

លោក​បន្តថា “​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ រីករាយ​ណាស់ ដែល​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា ដូចជា​ក្រុមហ៊ុន Smart បាន​ចូលរួម​គាំទ្រ​កម្មវិធី​សប្បុរសធម៌​របស់ខ្ញុំ ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​ចេះ​ជួយ​យកអាសា​គ្នា ជាពិសេស​ដល់​អ្នក​ ដែល​មិន​មាន​សំណាង​ជាង​ខ្លួន ជាពិសេស​ក្មេងៗ​”​។

​លោក សាយ ក៏​ទទួល​បាន​ការតែងតាំង​ជាច្រើន​ពី​ពលរដ្ឋ​កម្ពុជា ដើម្បី​ក្លាយជា​ជយលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន Smart ផងដែរ ដែល​ជា​ផ្នែក​មួយ​ផ្សេងទៀត​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ជ្រើសរើស​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​សហគមន៍​របស់​ពួកគេ​ទោះបីជា​ប្រឈម នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។

​លោក Feiruz Ikhwan នាយក​ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា “​លោក សាយ បាន​លើកទឹកចិត្ត​ដល់​ពួកយើង​ទាំងអស់គ្នា ហើយ​ពួកយើង​នៅ​ក្រុមហ៊ុន Smart មាន​មោទនភាព​ ក្នុង​ការ​រួមចំណែក​ដល់​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​គាត់​ ក្នុងការ​រៃអង្គាស​ថវិកា​ជាច្រើន​តាមរយៈ​គំនិត​ផ្តួចផ្តើម ការខិតខំ និង​ការលះបង់​ផ្ទាល់ខ្លួន​។ យើង​សង្ឃឹមថា ការ​បរិច្ចាគ​របស់​ក្រុមហ៊ុន​ទៅកាន់​យុទ្ធនាការ “​រត់​ជាមួយ​សាយ​” នៅថ្ងៃនេះ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​យើង​នឹង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ចេះ​រួមគ្នា និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ក្នុងអំឡុងពេល​ដ៏​លំបាក​ទាំងនេះ​”​។

​នៅពេល​ចុះ​បញ្ចប់​នៃ​ការ​រត់​ចម្ងាយ​១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​នឹង​ពង្រីក​ការ​គាំទ្រ​ដល់​សេវា​ថែទាំ​សុខភាព​កុមារ​ឥតគិតថ្លៃ តាមរយៈ​ការរៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ និង​បរិច្ចាគ​ថវិកា​របស់​ក្រុមហ៊ុន​ឲ្យ​គ្រប់​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ការ​ប្រគំ​តន្ត្រី Smile Charity Concert នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាម​អន​ឡាញ នឹង​មាន​ការសម្ដែង​ពី​តារា​ល្បីៗ​ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​ជាច្រើនរូប ​ផងដែរ​។ ថវិកា​ទាំងអស់​នឹង​ត្រូវ​បា​ន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ជា​មន្ទីរពេទ្យ​កុមារ​ឈានមុខ​គេ​ខាង​ផ្នែក​ផ្តល់​សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់​។

​លោក Feiruz បាន​បន្ថែមទៀតថា ការធានា​ឲ្យ​បាន​ថា​ពលរដ្ឋ​កម្ពុជា ជាពិសេស​កុមារ ទទួល​បាន​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការ​ប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​រាល់​មធ្យោបាយ​ ដែល​អាច​ធ្វើ​ទៅបាន​។

​លោក ប្រុស​ឡា តារា​ម្នាក់​ក្នុងចំណោម​តារា​ល្បីៗ​ដ៏ទៃ​ទៀត ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​នេះ បាន​និយាយ​ថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​កម្មវិធី​យុទ្ធនាការ​របស់​សាយ ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ នៅពេលដែល​ខ្ញុំ​បាន​ចូលរួម​រត់​ជាមួយ​គាត់ ពិតជា​ជំរុញ​ឲ្យ​ខ្ញុំ​ជួយ​ធ្វើ​ការងារ​ផ្សេងទៀត​ សម្រាប់​សហគមន៍ និង​ប្រទេសជាតិ​របស់ខ្ញុំ​។ ខ្ញុំ​ពេញចិត្ត​ក្នុង​ការ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Smart ដែល​ក្រុមហ៊ុន​បាន​ចំណាយ ពេលវេលា​ជាច្រើន​រាប់មិនអស់ ជាមួយនិង​ការប្តេជ្ញាចិត្ត​របស់ខ្លួន ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សុខុមាល​ភាពល្អ​ ផងដែរ​។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ចូលរួម​ការ​ប្រគុំ តន្ត្រី Smile Charity Concert នា​ពេល​ខាងមុខនេះ​ ផងដែរ​”​។​

​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Smart បាន​ផ្ដើម​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” ដែល​មាន​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ​នៅ​ទូទាំង​ប្រទេស​។ យុទ្ធនាការ​នេះ​ ក៏​មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ​ក៏​នឹងមាន​បទ​ចម្រៀង​មួយ​ផង​ដែរ ដែល​ត្រូវ​បាន​បង្កើតឡើង​យ៉ាង​ពិសេស ដោយមាន​ការចូលរួម​របស់​អ្នកចម្រៀង​លើ Pleng by Smart App សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​យុទ្ធនាការ​ពលរដ្ឋ​គំរូ ដែល​ផ្តោតលើ​ការស្វែងរក​ប្រជាពលរដ្ឋកម្ពុជា​ ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សហគមន៍​របស់​ពួកគាត់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាម រយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕

អត្ថបទ​ពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម