ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកកងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោកជាឆ្អឹងខ្នងវិស័យមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក គឺជាទ្រព្យសម្បត្តិដ៏មានសារៈសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ ២០២៥។

ការលើកឡើងបែបនេះ ក្នុងកំឡុងពេលដែលលោកទេសរដ្ឋមន្រ្តី លី ធុជ បានទទួលសិទ្ធិពី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៩កងអនុសេនាតូច របស់កងទ័ពជើងគោក ដែលបានប្រព្រឹត្តិទៅនៅសាលាពលទាហានទី៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
ពិធីនេះ មានការចូលរួមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋាន កងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងនិងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក មេបញ្ជាការរង មេបញ្ជាការភូមិភាគ យោធាចារ្យ នាយទាហាន នាយទាហានរង និងសិក្ខាកាម សរុបចំនួន ៦០២នាក់។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវចក្ខុវិស័យដឹកនាំយ៉ាងច្បាស់លាស់ក្នុងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ ២០២៥ សម្រាប់កិច្ចគាំពារដល់សុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការជំរុញកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ហើយ សម្តេចតេជោ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងបន្តជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត។
អាជ្ញាធរមីន រួមជាមួយសហគមន៍ម្ចាស់ជំនួយ ប្រតិបត្តិករជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ នឹងប្តេជ្ញាព្យាយាមសម្រេចឲ្យបាននូវទស្សនវិស័យរបស់សម្តេចតេជោ ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោកបន្តទៀត ចាប់ពីឆ្នាំ២០២២ កងទ័ពជើងគោក បានបញ្ជូន និងត្រៀមកម្លាំងនាយទាហានចំនួន ៤៥កងអនុសេនាតូច ស្មើនឹង ១១៧០ នាក់ ដើម្បីចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងទទួលបាននូវការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនជាបន្តបន្ទាប់។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់កងកម្លាំងទាំង ១១៧០នាក់ គឺជាទ្រព្យសម្បត្តិដ៏មានសារៈសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ដោយទទួលបាននូវលទ្ធផលល្អគួរឲ្យកត់សម្គាល់ ទោះបីវគ្គហ្វឹកហ្វឺននេះមានរយពេលខ្លីក៏ដោយ។ លោកទេសរដ្ឋមន្រ្តីមានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ កងកម្លាំងទាំងអស់នឹងត្រូវចូលទៅដល់ទីតាំងចម្ការមីនផ្ទាល់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលមានការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្រ្តី បានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម និងក្រុមគ្រួសារ នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាថ្ងៃខាងមុខនេះ។
យោងតាមរបាយការណ៍របស់កងទ័ពជើងគោក កាលពីឆ្នាំ២០២២ នាយទាហានកងទ័ពជើងគោកចំនួន ១៦កងអនុសេនាតូច បានទទួលការហ្វឹកហ្វឺន និងដំណើរការបោសសម្អាតមីននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលបានជោគជ័យឆ្លើយតបទៅនឹងផែនការ ពេលវេលា និងសុវត្ថិភាព។
ឆ្នាំ២០២៣នេះ កងទ័ពជើងគោក គ្រោងនឹងរៀបចំវគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារសម្រាប់បម្រើឱ្យការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ ២៩កងអនុសេនាតូច ចំនួន២វគ្គ ក្នុងនោះទទួលការហ្វឹកហ្វឺនជាមួយគ្រូបង្គោលពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាចំនួន១៩កង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ចំនួន១០កង។ នេះជាវគ្គហ្វឹកហ្វឺនលើកទី១ ក្នុងឆ្នាំ២០២៣ ដែលមានរយៈពេល ៥២ថ្ងៃ ដោយមានសិក្ខាកាមជ្រើសរើសមកពីបណ្តាកងឯកភាពចំនួន ៥០១ នាក់ និងមានគ្រូបង្គោលមកពីអង្គភាពស៊ីម៉ាក់៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ