ព័ត៌មានជាតិ
ភ្នំពេញ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវត្តភ្នំ យ៉ាងអធិកអធម
ក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ, កងកំលាំងប្រដាប់អាវុធក្រោមឧិវាទរាជធានីភ្នំពេញ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតី នាឧិកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យមានសេចក្តីសុខចំរុងចម្រើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើងក្នុងរយៈពេល ១ឆ្នាំកន្លងទៅដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានី ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភណ្ឌភាពក្នុងរាជធានីភ្នំពេញផងដែរ។

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃឧបទ្រពទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្មាំថ្មី ព្រះនាមកិមិរាទេវី ដែលជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។

សង្គ្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ បានចូលមកដល់នៅវេលាម៉ោង ៤ និង០០នាទីរសៀល ថ្ងៃទី១៤ មេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ ជាមួយគ្នានេះសង្គ្រាន្តវត្តភ្នំក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឡើងយ៉ាងអធិកអធមក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នាដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
នាឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិព័រណ៍បែបបុរាណ រួមទាំងផលិតផលសិប្បកម្ម និងបង្ហាញពីទម្រង់វប្បធម៌ជាតិជាច្រើន។

មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយមានទាញព្រ័ត្រ លោតបាវ ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំកំសាន្តជាដើម។ សង្គ្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ មានគោលបំណងផ្តល់ឱកាសកម្សាន្តដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញទៅស្រុកកំណើត ឬមិនបានទៅលេងទីឆ្ងាយបានមកលេងកម្សាន្តនៅទីនេះ។

លោក ឃួង ស្រេង បានថ្លែងថា យើងបានសប្បាយរីករាយគឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្កេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវជន សិស្ស និស្សិត កម្មករកម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍ ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យដោយ ប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស ចរន្តអគ្គីសនីជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ