ព័ត៌មានជាតិ
លោក សុខ ទូច ៖ ដើម្បីឲ្យរោងចក្រ និងសង្វាក់ផលិតកម្មនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប អាចដើរបាន យើងត្រូវការគោទឹកដោះចំនួន៣០០ក្បាល
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ “ការអភិរក្សព្រៃឈើនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប” កាលពីព្រឹកថ្ងៃទី១៨ ខែមករា ថា ដើម្បីឲ្យសង្វាក់ផលិតកម្ម នៅឧទ្យានជាតិតេជោសែនឫស្សីត្រឹបដើរបាន យើងត្រូវការគោទឹកដោះចំនួន៣០០ក្បាល តែពេលនេះ មានតែ១០០ក្បាលប៉ុណ្ណោះ ហើយបានបញ្ជាទិញចំនួន១០០ក្បាលទៀត តែមិនទាន់យកមកបាន ដោយសាតែការរីករាលដាល នៃជំងឺកូវីដ១៩។
លោក សុខ ទូច លើកឡើងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្ដល់គោចំនួន៥០ក្បាលទៀត ហើយលោកបានយកប្លង់ផ្ទះទៅបញ្ចាំនៅធនាគារ ដើម្បីទិញគោចំនួន៥០ក្បាលបន្ថែមទៀត ប៉ុន្តែនៅពេលរៀបចំយកគោទាំងនោះចូលមកកម្ពុជា ប្រទេសថៃក៏ត្រូវបិទ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ។ លោកថា ដើម្បីឲ្យសង្វាក់ផលិតផលនេះដើរ យើងត្រូវការគោទឹកដោះចំនួន៣០០ក្បាល ហើយប្រសិនបើសង្វាក់កម្ម នៃទឹកដោះគោលក់មិនចេញ យើងត្រូវកែច្នៃទៅជាប័រ ឈីប ប្រូម៉ា ជាដើម ពីព្រោះបើយើងធ្វើទៅជា ឈីប វាអាចទុកបានយូរ រហូតដល់មួយឆ្នាំ ឬពីរឆ្នាំ ប៉ុន្តែប្រសិនបើមានទេសចរណ៍ ទឹកដោះគោ នឹងមិនមានបញ្ហានោះទេ។
បើតាមលោក សុខ ទូច ការខិតខំធ្វើនេះ មិនមែនជាការធ្វើជំនួញទេ ប៉ុន្តែដើម្បីយកបទពិសោធន៍ ដើម្បីឲ្យខ្មែរជំនាន់ក្រោយមានឯកសារ។ ខ្មែរធ្វើអង្គរវត្តបាន ប៉ុន្តែខ្មែរមិនមានសល់ឯកសារទេ ដោយសារតែបញ្ហាសង្គ្រាម ដូច្នេះយើងត្រូវរៀបចំឯកសារឡើងវិញ។
ជាមួយនឹងការលើកឡើងខាងលើនេះលោក សុខ ទូច បានអះអាងថា កូនខ្មែរត្រូវតែសាកល្បងត្រូវហូបទឹកដោះគោ ដើម្បីឲ្យមានកម្ពស់ខ្ពស់ មាឌធំ និងរូបសម្រស់ស្អាត ពីព្រោះទឹកដោះគោ វាមិនមែនជាអាហារសម្រន់ទេ តែវាគឺជាអាហារសំណង់។ លោកថា ការញ៉ាំត្រីខ ឬត្រីឆ្អើរ គ្រាន់តែបំបាត់ការឃ្លានតែប៉ុណ្ណោះ ហើយការងារនេះប្រសិនបើគ្មានការគាំទ្រពីរដ្ឋាភិបាលទេ ក៏មិនអាចទៅរួចដែរ។ លោកបន្តថា នៅពេលដែលយើងធ្វើបាន ខ្មែរត្រូវតែមោទនភាពចំពោះផលិតផលរបស់ខ្មែរ បើទោះបីជាតិច ឬច្រើនក៏ដោយ។
បើតាមលោកបណ្ឌិត សុខ ទូច វិធានការដែលត្រូវធ្វើឲ្យតំបន់នោះ ឲ្យមានការរីកចម្រើនទៅមុខ គឺទី១, ត្រូវធ្វើផ្លូវ ទី២, ត្រូវឲ្យប្រជាជននៅតំបន់នោះមានការងារធ្វើ ទី៣. ត្រូវមានការគាំទ្រពីរនាក់ពាក់ព័ន្ធ ដើម្បីជួយការពារតំបន់នោះ។ អ្វីដែលសំខាន់ទៀត គឺការដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលរស់នៅទីនោះ ពីព្រោះគាត់ជាទម្លាប់របស់គាត់ គឺកាប់ឈើ ដូច្នេះធ្វើឲ្យយើងពិបាកនៅក្នុងការការពារព្រៃឈើនៅតំបន់នោះ ប៉ុន្តែថ្មីៗនេះយើងដោះស្រាយបានចំនួន៧ គ្រួសារហើយ។
លោក សុខ ទូច បញ្ជាក់ដែរថា នៅពេលពួកគាត់ប្រព្រឹត្តបទល្មើសក្នុងការកាប់ព្រៃឈើនៅតំបន់នោះ យើងពិបាកនៅក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការណាស់ ដោយសារតែនៅពេលដែលយើងបញ្ជូនពួកគាត់ទៅតុលាការ ធ្វើឲ្យកូនចៅក្រុមគ្រួសារ កូន ចៅ នឹងធ្លាក់ខ្លួនក្រ លំបាកវេទនា ដូច្នេះហើយទើបកន្លងមកបានត្រឹមតែធ្វើការអប់រំតែប៉ុណ្ណោះ មិនមានការបញ្ជូនទៅតុលាការទេ។
លោក សុខ ទូច បញ្ជាក់ដែរថា គ្រាន់តែចាប់ផ្ដើមធ្វើ និងធ្វើរោងហើយ ចំណាយអស់៤០ម៉ឺនដុល្លារទៅហើយ។ លោកថា លុយបានពីការចូលរួមផ្សេងៗចំនួន២៦ម៉ឺន តែលុយនេះធ្វើតែរោងគោមិនបានផង តែលោកបានប្តេជ្ញារួចហើយថា ត្រូវធ្វើឲ្យបាន ដូច្នេះលោកបានយកប្លង់ផ្ទះយកទៅបញ្ចាំ ហើយនៅពេលធ្វើអស់១លានកន្លះ។ លោកបន្តថា ម៉ាស៊ីនកំដៅទឹកដោះគោ៩០អង្សា មានតម្លៃ១០ម៉ឺនដុល្លារ ហើយម៉ាស៊ីនកំទេចខ្លាញ់ទឹកដោះគោតម្លៃ១១ម៉ឺនដុល្លារ ហើយគ្រាន់តែយកមកដល់ កូវីដ១៩ ក៏ចាប់ផ្តើមរីករាលដាលចូលមកកម្ពុជា ធ្វើឲ្យយើងស្ទះដំណើរការ ហើយទុកចោលនៅទីនោះ មិនទាន់បានដំឡើងនៅឡើយទេ។
បន្ទាប់មកមានទិញធុងដាក់ស្មៅ អស់៥ម៉ឺន សរុប១លានកន្លះ ហើយលោកបានអរគុណរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលបានទម្លាក់លុយលឿន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគាំទ្រ និងផ្តល់ថវិកាសម្រាប់សកម្មភាពនេះ។
លោក សុខ ទូច បានឲ្យដឹងដែរថា កាលពីដំបូង លោកបានយកទឹកដោះគោទៅជូនកុមារកំព្រា កុមារពិការ ដើម្បីជួយសុខភាពរបស់ពួកគាត់ចំនួន៦០០០លីត្រ ហើយក្រោយមកលោកក៏បានចាប់ផ្តើមលក់ ប៉ុន្តែទឹកដោះគោក៏អស់ដែរ។ ពីព្រោះគោមានរយៈ៩ខែទើបផ្តល់ទឹកដោះ ហើយក៏អស់ទៅវិញ ដូច្នេះយើងត្រូវការគោចំនួន៣០០ គឺ១០០ផើម, ១០០រិត និង១០០ទៀត សម្រាប់បង្កាត់ ទើបសង្វាក់ផលិតកម្មនោះដើរ។ លោកថា លោកសប្បាយចិត្តនៅពេលកូនខ្មែរទទួលទានផលិតផលខ្មែរ ហើយនិយាយថា “ឆ្ងាញ់”។ ដូច្នេះរយៈពេល១០ឆ្នាំទៀត បើនិយាយពីទឹកដោះគោ គឺទឹកដោះគោតេជោសែន ហើយទឹកដោះគោនេះសុទ្ធ១០០ភាគរយ មិនឲ្យលាយអ្វីនោះទេ៕
ដោយ ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត