ព័ត៌មានជាតិ
ចូលឆ្នាំ៣ថ្ងៃ៖ ពលរដ្ឋជាង១៣លាននាក់ដើរលេងកម្សាន្ត ខណៈខេត្តសៀមរាបមានភ្ញៀវច្រើនជាងគេ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដើរកម្សាន្តសរុបជាង ១៣ លាននាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែមេសា នេះ។

លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា ភ្ញៀវទេសចរសរុបមានចំនួន១៣ ១៨៧ ៧៧១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន១៣ ១៣២ ០៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៥៥ ៦៩១នាក់។ ចំណែក តួលេខប្រចាំថ្ងៃវិញ គឺ នៅថ្ងៃទី១៤ ទទួលបានភ្ញៀវចំនួន២ ០៩៨ ៥០១នាក់ នៅថ្ងៃទី១៥ ទទួលបានភ្ញៀវចំនួន៤ ២៣៧ ៧៨០នាក់ និងនៅថ្ងៃទី១៦ ទទួលបានភ្ញៀវចំនួន៦ ៨៥១ ៤៩០នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ខេត្តគោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាបដែលមានចំនួន២ ១២០ ៣៧៣នាក់ ខេត្តបាត់ដំបង មាន១ ៥០០ ១៦៨នាក់ ខេត្តកំពង់ចាម មាន១ ៤០៨ ៨១១នាក់ រាជធានីភ្នំពេញ មាន ១ ០៨០ ៥០៩នាក់ ខេត្តព្រះសីហនុ មាន ៨៨៧ ៨៩៣នាក់ ខេត្តកំពត មាន ៨៧០ ៣៩៩ នាក់ ខេត្តស្វាយរៀង មាន ៧៦០ ៣៩៩នាក់ ខេត្តកំពង់ឆ្នាំង មាន ៧៣៩ ១៥៩នាក់ ខេត្តបន្ទាយមានជ័យ មាន ៦៥០ ០១៣នាក់ និងខេត្តកំពង់ស្ពឺមានចំនួន ៥១២ ៨៩៨នាក់។

លោក ថោង រដ្ឋសក្តិ បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង ១៣លាននាក់ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ ចំនួនភ្ញៀវទាំងជាង១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្ត បានរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស និងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយ ប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។
បើតាមលោក ថោង រដ្ឋសក្តិ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ជាពិសេសនៅតាមទីតំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។ ស្របពេលគ្នានេះ ពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យរយៈពេល៣ថ្ងៃនេះ បណ្តារាជធានី-ខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជា ការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តី ជាដើម។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ខណៈបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវពេញស្ទើរ១០០%។ ទន្ទឹមនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាបើធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។ ជាមួយគ្នានេះ វិស័យឯកជន ក៏បានសម្ដែងក្ដីរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។ នេះជាការបន្ថែមរបស់លោក ថោង រដ្ឋសក្តិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ