ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២ និង ២២ បញ្ចប់ការសាងសង់ ១០០%
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ការងារស្តារនិងស្ថាបនាផ្លូវជាតិលេខ ២ និង ២២ បានបញ្ចប់ ១០០ ភាគរយ នៅសេសសល់ការងារបន្ទាប់បន្សំតិចតួចប៉ុណ្ណោះ។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក៏ជាមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការងារដែលសេសសល់ដូចជាការដាក់បង្គោលនិងភ្លើងបំភ្លឺផ្លូវ ការរៀបកម្រាលផ្លូវថ្មើរជើង និងការគូសគំនូសចរាចរណ៍។ យ៉ាងណារំពឹងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមចុងខែឧសភាខាងមុខ ព្រោះការងារនេះជាការងារតម្លើងសុទ្ធសាធមិនមែនជាការងារសាងសង់នោះទេ។

កំណាត់ផ្លូវជាតិលេខ ២ នៅក្រុងតាខ្មៅ ដែលទើបអ៊ុតកៅស៊ូរួចថ្មីៗនេះ
គម្រោងស្តារផ្លូវជាតិលេខ ២ និង ២២ ប្រើប្រាស់រយៈពេលសាងសង់ ៣០ ខែ ហើយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែដំណើរការសាងសង់យឺតយ៉ាវជាងផែនការគ្រោងទុក។ ក្រុមហ៊ុនកូរ៉េដែលទទួលបន្ទុកសាងសង់លើកពីបញ្ហាជំងឺកូវីដ ទើបធ្វើឲ្យការសាងសង់មានភាពយឺតយ៉ាវ។
បន្ថែមពីភាពយឺតយ៉ាវ ក្រុមហ៊ុនរបស់កូរ៉េដែលទទួលខុសត្រូវសាងសង់ផ្លូវជាតិលេខ ២ និង ២២ ក៏ធ្លាប់បានរដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូនព្រមាន ដោយសារពិនិត្យឃើញសាងសង់គ្មានគុណភាព។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានរិះគន់ក្រុមហ៊ុនស្ថាបនាផ្លូវលេខជាតិ ២ និងលេខ ២២ លើភាពយឺតយ៉ាវនិងការសាងសង់គ្មានគុណភាព។ លោករដ្ឋមន្រ្តីប្រកាសនឹងមិនទទួលយកផ្លូវដែលគ្មានគុណភាព ហើយតម្រូវឲ្យក្រុមហ៊ុនកែលម្អជាថ្មី តាមស្តង់ដាបច្ចេកទេសដែលបានព្រមព្រៀងគ្នា។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ ម៉ែត្រ ចែកចេញជាបួនគន្លង (២ គន្លងទៅ ២ គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី២ – កំណាត់ផ្លូវជាតិលេខ ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី៣ – កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ