ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង អំពាវនាវពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៥ ដាក់ទង់ជាតិតាមមុខផ្ទះដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍ទទួលព្រះអគ្គីកីឡា
បាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំទទួលព្រះអគ្គីកីឡា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើដំណើរមកដល់ទឹកដីជំរុកស្រូវ ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ និងអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងវិថីនៃផ្លូវជាតិលេខ ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមមេត្តាជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ នឹងដាក់ទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួន។

មានប្រសាសន៍ នា រសៀលថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ លោក សុខ លូ អភិបាលបានលើកឡើងថា ខេត្តបាត់ដំបង នឹងប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡាដែលនឹងដង្ហែមកដល់ត្រង់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ រួចនឹងធ្វើការបន្តដង្ហែព្រះអគ្គីកីឡា ដោយមានក្បួនដង្ហែអមដោយ ក្រុមកីឡាករ កីឡាការិនីប្រចាំខេត្តបាត់ដំបង ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់ វង្វង់មូលព្រាបពណ៌ស រួចបន្តក្បួនដង្ហែរនេះឆ្ពោះទៅកាន់ រង្វង់មូលលោកតាដំបងក្រញូង ហើយបន្តដំណើរទៅវេទិកានៃទីរួមខេត្តបាត់ដំបងដើម្បីធ្វើពិធីទទួលព្រះអគ្គីកីឡា មុននឹងបន្តធ្វើដំណើរដង្ហែព្រះអគ្គីទៅតម្កល់នៅក្នុងវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យព្រះសង្ឃធ្វើកិច្ចពិធីសាសនាតាមបែបព្រះពុទ្ធសាសនា ដើម្បីផ្ដល់ជាជ័យមង្គលជូនប្រជាជនទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចនៃខេត្តបាត់ដំបង។

លោកមានប្រសាសន៍ណែនាំដល់រដ្ឋបាលស្រុកដែលពាក់ព័ន្ធ និងក្រុមការងារពាក់ព័ន្ធទាំងអស់សូមត្រៀមរៀបចំនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលនៅភ្លើងព្រះអគ្គីកីឡាក៏ដូចជាគណៈប្រតិភូដែលបានចូលរួមទាំងអស់ ក្នុងនោះលោកបានណែនាំដល់រដ្ឋបាលស្រុកពាក់ព័ន្ធ រៀបចំឱ្យមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានច្រើនកុះករ ដើម្បីចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែចូលមកក្នុងខេត្តបាត់ដំបងនេះ និងចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ខាងមុខនេះ។

លោកក៏អំពាវនាវបន្ថែម សូមឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងវិថីនៃផ្លូវជាតិលេខ ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមមេត្តាជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ នឹងដាក់ទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីត្រៀមខ្លួនក្នុងការទទួលអបអរនូវព្រះអគ្គីកីឡាឲ្យមានភាពឱឡារិកអធិកអធម្ម ដើម្បីផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមមួយ ដែលមិនអាចកាត់ថ្លៃបានដែលអាចចារនៅក្នុងប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងយើងនេះផងដែរ៕








-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច