ព័ត៌មានជាតិ
ត្រៀមរួចរាល់ហើយ សម្រាប់ដាក់ឱ្យដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រៀមរួចរាល់ដើម្បីធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣នេះ។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយក្រុមហ៊ុនរៀបចំប្រតិបត្តិការ ដែលដឹកនាំដោយលោក ZOU YUHUI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA)។

តាមការលើកឡើងរបស់គណៈកម្មការ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៩២% នឹងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ ដំណើការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន ៣៨សកម្មភាព ក្នុងចំណោមសកម្មភាពសរុបចំនួ៧៩ នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការ តាមរយៈ សជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ បានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាពដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេច ដាក់ឱ្យដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ឆាប់ៗនេះ។
លោក តឹករ៉េត សំរេច បានឱ្យដឹងដូច្នេះថា «ពួកយើងបានឆ្លងកាត់ និងដោះស្រាយនូវការងារជាច្រើន ដើម្បីសម្រេចលទ្ធផលនាពេលនេះ ហើយលទ្ធផលទាំងនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ជាមួយនឹងការជ្រោមជ្រែង ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់»។
សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អនុវត្តន៍ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។ អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ