ព័ត៌មានជាតិ
ពូជគោសិប្បនិម្មិតស្រួលចិញ្ចឹមសាច់ច្រើនទោះតម្លៃធ្លាក់ចុះក៏ចំណេញ
លោក ហួត លាង ដង្ខៅគោមួយរូបនៅខេត្តត្បូងឃ្មុំបានប្រាប់ថា ការចិញ្ចឹមគោ បែបលក្ខណៈបច្ចេកទេស និងការបង្កាត់ពូជគោ ដោយសិប្បនិម្មិត គឺមានភាពងាយស្រួលចិញ្ចឹមជាងគោបែបប្រពៃណី។
លោក ហួត លាង មានវ័យ ៥០ ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ ៧០០ ក្បាល នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ លោកបានចាប់របរចិញ្ចឹមគោនៅឆ្នាំ ២០១៣ ផ្ដើមពីចំនួនគោ ៧ ក្បាល ពង្រីករហូតដល់ ៧០០ ក្បាលនៅឆ្នាំ ២០២៣នេះ។

នៅឆ្នាំ ២០២១ លោកបានចាប់ផ្ដើមកែប្រែពីរបៀបចិញ្ចឹមដោយប្រើវិធីបង្កាត់ពូជគោដោយសិប្បនិម្មិត បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំបច្ចុប្បន្នលោកមានកូនគោជាង ១០០ ក្បាល។
លោកថា គោសិប្បនិម្មិតចិញ្ចឹមត្រឹរយៈពេល១ ឆ្នាំ អាចលក់ចេញបាន ដោយគោបំប៉ន ១ ឆ្នាំកន្លះ មានទម្ងន់ ៣៥០ គីឡូដែលអាចទទួលបានចំណូលខ្ទង់ ១ ពាន់ដុល្លារ ទៅ ១ ២០០ ដុល្លារក្នុង១ក្បាល។ ប្រភពចំណីគឺលោកដាំស្មៅខ្លួនឯង ១៥ ហិកតា និងទិញដើមពោតខ្លះៗ។

បច្ចុប្បន្នលោក ហួត លាង លក់គោរស់ចេញ ក្នុងតម្លៃ ១ ១៥០០ រៀល ក្នុង១ គីឡូ ដែលលោកថា ជាតម្លៃធ្លាក់ចុះ។ ទោះយ៉ាងណាលោកថា លោកមិនបោះបង់របរចិញ្ចឹមគោនេះទេ ដោយសារលោកគិតថា អនាគតទៅនៅស្រុកខ្មែរ អាចនឹងខ្សត់ខ្សោយគោ ហើយនឹងមានការនាំចូលមក នោះគោក្នុងស្រុកក៏ឡើងថ្លៃវិញដែរ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែមេសាម្សិលមិញ បានឱ្យដឹងថា លោក ហួត លាង បានទិញគោយកមកបំប៉៉ននៅឆ្នាំ ២០១៦ ចំនួន ១៧ ក្បាល ពេលនោះមន្ទីរកសិកម្មបានបញ្ជូនមន្ត្រីជំនាញសត្វដើម្បីឱ្យជួយតម្រង់ទិស លោកថា តាំងពីពេលនោះមក លោក ហួត លាង បានខិតខំអនុវត្តតាមការណែនាំរបស់មន្ទីរខេត្ត ធ្វើឱ្យគាត់មានការរីកចម្រើន រហូតដល់ឆ្នាំ ២០២២នេះ លោក ហួត លាងបានចិញ្ចឹមគោបំប៉នរហូតដល់ ៧០០ ក្បាល ហើយក៏អាចលក់អាចម៍គោ ១០០ លានរៀលក្នុង១ឆ្នាំផងដែរ។

លោកប្រធានមន្ទីរកសិកម្មបាន បញ្ជាក់ថា សម្រាប់កសិករ ហួត លាង មិនមានការបារម្ភអ្វីនោះទេ ទោះបីមានការត្អូតត្អែរពីតម្លៃគោធ្លាក់ថ្លៃ ខណៈដែលគោដែលលោក ហួត លាងយកមកបំប៉ន សាច់មានការកើនឡើងអាចទូរទាត់នឹងការធ្លាក់ចុះតម្លៃបាន ធ្វើឱ្យការចិញ្ចឹមរបស់លោក ហួត លាងមិនដែលខាតនោះទេដោយសារការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសបសុព្យាបាល។
លោក ហេង ពិសិដ្ឋ បន្ថែមថា កសិករ ហួត លាង នឹងអាចល្បីបន្តទៀតតាមរយៈការបង្កើតគោសិប្បនិម្មិត ខណៈដែលគោបង្កាត់បានចំនួន ១៤៧ ក្បាល ហើយក្នុងឆ្នាំ ២០២២។ លោកបន្តថា គោដែលបង្កាត់តាមសិប្បនិម្មិត ធ្វើឱ្យបរិមាណសាច់គោទទួលផលបានកាន់តែច្រើន។
លោក ហេង ពិសិដ្ឋមានប្រសាសន៍ថា៖ «គោដែលបង្កាត់តាមបែបធម្មជាតិ និងគោសិប្បនិម្មិតរយៈពេល១ ឆ្នាំដូចគ្នា គោបែបធម្មជាតិធំបានតែ ១០០ គីឡូក្រាម ខណៈគោបែបសិប្បនិម្មិត ៣០០ គីឡូ ចឹងតម្លៃធ្លាក់ចុះ ១ ជាពីរក៏គាត់នៅតែចំណេញដែរ»។ ជាទិសដៅរបស់ក្រសួងកសិកម្ម គឺជំរុញបង្កើនបរិមាណទិន្នផល ដើម្បីទប់ទល់សម្ពាធពីបញ្ហាតម្លៃធ្លាក់ចុះ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង