ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ អំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងមហាជន ចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី ១២ ដែល កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ឲ្យទទួលបានជោគជ័យ ដើម្បីលើកកិត្តិយស និងកិត្យានុភាពប្រទេសជាតិលើឆាកអន្តរជាតិ។

ថ្លែងក្រោយជំនួបពិភាក្សាការងាររវាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅនាយកដ្ឋានអង្គរក្ស លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា សម្រាប់កិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បើគ្មានការចូលរួមពីមហាជន ក៏ដូចជាប្រជាពលរដ្ឋ ការងារនេះនឹងមិនបានជោគជ័យនោះទេ ទោះជាកងកម្លាំងសមត្ថកិច្ចមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយ ក៏វាមិនអាចទៅបានរលូនប្រកបដោយតម្លាភាព។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ដើម្បីឲ្យប្រទេសជាតិយើងរៀបចំនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំនេះបានជោគជ័យ ក៏ដូចជាលើកកិត្តិយស និងកិត្យានុភាពប្រទេសជាតិលើឆាកអន្តរជាតិ ក្នុងនាមតំណាងឲ្យកងកម្លាំងមានសមត្ថកិច្ច និងតំណាងឲ្យកងកម្លាំងពាក់ព័ន្ធទាំងអស់ក្នុងកិច្ចការពារធានសុវត្ថិភាពព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមខាងមុខនេះ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសការរក្សារបៀបរៀបរយ ហើយប្រសិនបើមានប្រការណាមួយថ្នាំងថ្នាក់ដូចជា ការបិទផ្លូវ ឬក៏ការរៀបចំក្បួនគណៈប្រតិភូ ដែលនាំឲ្យប៉ះពាល់ដល់ពេលវេលាក្នុងការធ្វើចរាចរណ៍ សូមប្រជាពលរដ្ឋមេត្តាខន្តីអភ័យទោស និងអធ្យាស្រ័យ។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការធានាឲ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ កម្ពុជា ក៏បានស្នើសុំកិច្ចសហការពីភាគីវៀតណាមជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ ព្រោះវៀតណាមបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា សម្រាប់កិច្ចការរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមខាងមុខនេះ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំ និងធ្វើការផ្សព្វផ្សាយរួចមកហើយ និងនាយកដ្ឋាន-អង្គភាពជំនាញនីមួយៗ ក៏បានធ្វើការចាត់ចែងគ្រប់ជ្រុងជ្រោយ ទាំងសណ្ដាប់ធ្នាប់សាធារណៈ ការមកដល់របស់គណៈប្រតិភូ តម្រាយផ្លូវ កន្លែង ការស្នាក់នៅ ជាពិសេសទីកន្លែងព្រឹត្តិការណ៍ប្រកួត រួមទាំងការបង្ការហេតុការណ៍កើតឡើងជាយថាហេតុជាដើម។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចការពារគ្រប់ជ្រុងជ្រោយទៅបាន គឺចាំបាច់ណាស់ត្រូវមានបទពិសោធន៍ ដោយសារនេះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងរយៈពេល ៦៥ ឆ្នាំ ដែល កម្ពុជា ខកខានធ្វើជាម្ចាស់ផ្ទះ ហើយក៏ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងបំផុត ដូច្នេះទោះជាយើងមានការជឿជាក់លើសមត្ថភាពប៉ុណ្ណាក៏ដោយ យើងក៏ត្រូវទាមទាររកបទពិសោធន៍ពីប្រទេសជិតខាង ហើយកន្លងមក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំ និងបានទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីផ្ដល់បទពិសោធន៍ ជាពិសេសទទួលបានជោគជ័យក្នុងការការពារកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលជោគជ័យនេះក៏មានចំណែកមួយពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងបទពិសោធន៍ជាមួយដៃគូសហប្រតិបត្តិការរបស់យើងផងដែរ។

លោកអគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា សម្រាប់ផែនការការពារ កងកម្លាំងសមត្ថកិច្ច បានត្រៀមខ្លួនរួចរាល់អស់ហើយ គ្រប់គោលដៅអាទិភាព និងគ្រប់សមាសភាពចូលរួម គឺយើងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែទោះជាយ៉ាងណាយើងក៏នៅមានការបារម្ភផងដែរ ព្រោះថាព្រឹត្តិការណ៍នេះប្រាកដជាមានអ្នកចូលរួមទស្សនា និងចូលរួមគាំទ្រការប្រកួតច្រើនកុះករ ហើយទោះជាយើងបានគិតគូរគ្រប់ជ្រុងជ្រោយរួចក៏ពិតមែន យើងក៏នៅតែបន្តធ្វើបច្ចុប្បន្នភាព និងតាមដានសភាពការណ៍ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?