ព័ត៌មានជាតិ
យុវជនម្នាក់ ចំណាយពេល ៦ឆ្នាំ សម្រាប់ការហាត់របាំបុរាណខ្មែរ
យុវជន ទេព វណ្ណសុភត្ត្រា វ័យ ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានចូលហាត់របាំបុរាណខ្មែរតាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ ការសម្រេចចិត្តហាត់របាំបុរាណខ្មែរនេះ ដោយសារតែយុវជនរូបនេះ មានបំណងចង់ចូលរួមជួយថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរដល់សាធារណជន។

លោក ទេព វណ្ណសុភត្ត្រា
លោក ទេព វណ្ណសុភត្ត្រា បានឱ្យ “កម្ពុជាថ្មី” ដឹងថា រយៈពេល៦ឆ្នាំនៃការហាត់របាំបុរាណខ្មែរនេះ លោកហាត់តែជំនាញមួយគត់ គឺមូលដ្ឋានគ្រឹះនៃរបាំបុរាណ និងហាត់របាំដែលជាស្នាដៃចាស់ដូនតាដំឡើងមក និងស្នាដៃថ្មីៗ ទាំងរបាំបុរាណ និងរបាំសហសម័យ។ សម្រាប់ក្រុមសិល្បៈដែលលោកហាត់ គឺមានឈ្មោះថា “ក្រុមសិល្បៈសុភីលីន” ហើយសិស្សដែលមកហាត់រៀនទាំងស្រីទាំងប្រុសមានចំនួនច្រើនគួរសម ភាគច្រើនសិស្សស្រីច្រើនជាងសិស្សប្រុស។ ពួកគេសុទ្ធតែមិនមែនកើតចេញពីសិស្សផ្នែកសិល្បៈ ជាទូទៅជាសិស្សនិស្សិត អ្នកបម្រើការងារ ឬ អ្នកលក់ដូររកស៊ីជាដើម។

លោកបាននិយាយថា៖ “ចំពោះការហាត់រៀន គឺទាមទារឲ្យយើងហាត់ពត់លុតដំចិត្ត ដោយសារតែនោះជាភាសាក្បាច់ ហើយភាសាក្បាច់ទាំងអស់នោះ មិនមានចងក្រងជាសៀវភៅនោះទេ គឺទាមទារឲ្យសិស្សដែលបានហាត់ក្បាច់នៃរបាំនីមួយៗរួចហើយនោះ ចងចាំ ទាំងក្បាច់ ក្រឡា មនោសញ្ចេតនា ឫក អារម្មណ៍ និងកម្លាំង ដើម្បីស្តែងឲ្យចេញនូវដំណើររឿង និងចរិតតួអង្គ។”
លោកបានបន្តថា បើតាមឯកសារនានា និងការណែនាំរបស់គ្រូ របាំបុរាណ គឺសម្រាប់សម្តែងក្នុងពិធីបួងសួងសុំសេចក្តីសុខចម្រើនដល់នគរ និងសម្រាប់ការសម្តែងជូនភ្ញៀវគណៈប្រតិភូជាតិ និងអន្តរជាតិផងដែរ។ ជាទូទៅ របាំខ្លះក្រុមលោកធ្លាប់បានហាត់រួចមកហើយ ហើយរបាំខ្លះទៀត ជាស្នាដៃថ្មីដែលអ្នកគ្រូបានបង្កើតឡើង ដូចនេះ បើសិនមានការសម្តែងម្តងៗ គឺមុនពេលសម្តែង ក្រុមលោកត្រូវជួបជុំគ្នា ដើម្បីហាត់ឲ្យស៊ីចង្វាក់ ក្បាច់រាំ និងចរិតរបស់តួអង្គ ពួកគេប្រើពេលវេលាយ៉ាងតិច ៣ខែ ក្នុងការហាត់សមសម្រាប់ត្រៀមសម្តែង។

ចំពោះឧបសគ្គសម្រាប់សិស្ស គឺត្រូវខិតខំព្យាយាមយកចិត្តទុកដាក់នូវទ្រឹស្តីដែលអ្នកគ្រូបានពន្យល់ ព្រោះភាសាក្បាច់ មិនអាចចេះតែរាំបាននោះទេ គឺមួយក្បាច់ៗមានអត្ថន័យណាស់។ មួយវិញទៀត គឺត្រូវយកចិត្តទុកដាក់សង្កេតទៅលើក្បាច់នៃរបាំ ចង្វាក់ ឫកតួអង្គ អារម្មណ៍។ របាំនីមួយៗ ត្រូវចំណាយពេល ៣ខែ ទៅ ៣ខែកន្លះ ដើម្បីបញ្ចប់របាំដែលមានថេរវេលាប្រមាណជាង ១០នាទីប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ លោក ទេព វណ្ណសុភត្ត្រា។
លោកមើលឃើញថា សព្វថ្ងៃនេះ របាំបុរាណ បានជ្រាបចូលជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈកិច្ចពិធីមង្គលសិរីសួស្តី និងបុណ្យទានផ្សេងៗ។ សម្រាប់លោក ក៏ធ្លាប់បានសម្តែងក្នុងកម្មវិធីផ្សេងៗជាច្រើន ជាមួយគ្នានោះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្មីៗនេះ លោកក៏បានចូលរួមសម្តែង ក្នុងមហោស្រពបុណ្យភូមិផងដែរ។ លោកពិតជាមានមោទនភាព ដែលបានបង្ហាញទេពកោសល្យរបស់ខ្លួនទៅកាន់ទស្សនិកជន។

ចំពោះការចូលរួមទស្សនាពីទស្សនិកជនវិញ លោក ទេព វណ្ណសុភត្ត្រា សង្កេតឃើញថា មនុស្សដែលទស្សនារបាំ គឺមានមិនច្រើនឡើយ។ លោកយល់ថា មនុស្សម្នាក់ៗទស្សនារបាំតាមឧបនិស្ស័យរៀងៗខ្លួន មនុស្សមួយចំនួនចូលចិត្តរបាំបុរាណ ពួកគេនឹងចូលរួមទស្សនាច្រើន ឯ មួយចំនួនទៀតមិនចេះមើលរបាំបុរាណ គឺពួកគេមិនមើលឡើយ។ ដូច្នេះ ការទស្សនារបាំនេះ គឺជាជម្រើសរបស់មនុស្សម្នាក់ៗ។ ក្នុងនាមលោកជាអ្នករបាំម្នាក់ លោកក៏មានការអាក់អន់ចិត្តនៅពេលដែលលោកចំណាយពេលហាត់ សម្តែងរបាំចេញពីបេះដូង និងព្យាយាមបង្ហាញពីទម្រង់វប្បធម៌ជាតិ ប៉ុន្តែ បែរជាមិនសូវមានអ្នកចូលរួមគាំទ្រទៅវិញ។
លោក ក៏បានសង្កត់ធ្ងន់ថា កត្តាសំខាន់ដែលអាចជំរុញឱ្យក្រុមអ្នកហាត់របាំមានទឹកចិត្តធ្វើបន្តទៀតនោះ គឺការចូលរួមទស្សនាច្រើនកុះករ និងមានការគាំទ្រពីទស្សនិកជន។ លោកនិយាយថា៖ “សិស្សដែលហាត់រាំរបាំ ពួកយើងមិនចង់បានអ្វីពីទស្សនិកជននោះទេ សុំត្រឹមតែមើលការសម្តែងនានា ពីក្រុមសិល្បៈនៅកម្ពុជារបស់យើង មានការចូលរួមទស្សនាឲ្យបានច្រើនកុះករ ប្រសិនបើទស្សនាហើយ បានយល់អំពីក្បាច់នីមួយៗទៀត កាន់តែប្រសើរ”។
សូមជម្រាបថា ការហាត់របាំក្នុងក្រុមរបស់លោកវិញ គឺសមាជិកមូលមតិគ្នា ដោយបង់ជាវិភាគទានចំនួន ១៥ដុល្លារក្នុងមួយខែ។ ពួកគេជុំគ្នាហាត់រៀងរាល់ថ្ងៃអាទិត្យ ហើយថវិកាដែលបានមក ដើម្បីទ្រទ្រង់ថ្នាក់រៀនរបស់ពួកគេ ដោយសារតែកន្លែងហាត់របាំ មិនមានការឧបត្ថម្ភសម្រាប់ការហាត់ឡើយ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ