ព័ត៌មានជាតិ
ផលិតផលជាង ១០ម៉ឺនមុខ បានចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា
គិតមកដល់បច្ចុប្បន្ននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះបញ្ជីម៉ាកសរុបជាង១០ម៉ឺនម៉ាក។ ដោយឡែកនៅក្នុងឆ្នាំ២០២២ នាយកដ្ឋានបានចុះបញ្ជីម៉ាកសរុប ៦២៣០ ម៉ាក និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសចំនួន ៥៦ម៉ាក, ម៉ាកសម្គាល់ភូមិទំនិញកម្ពុជាបន្ថែមទៀតចំនួន ៣ និងម៉ាកសមូហភាពបន្ថែមទៀតចំនួន ៤។ នេះជាការបញ្ជាក់របស់លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា។

ថ្លែងនៅក្នុងកម្មវិធីអបអរទិវាកម្មសិទ្ធិបញ្ញា ថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៣ លោក សួន វិជ្ជា បានលើកឡើងថា នាយកដ្ឋានកម្មសិទ្ធិបញ្ញាកំពុងអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំ អាស៊ាន និងអាស៊ីបូព៌ា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍន៍ (AFD) និងដៃគូអភិវឌ្ឍន៍ដទៃទៀត។ តាមរយៈគម្រោងខាងលើនេះ និងមតិណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន ដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ទឹកឃ្មុំព្រៃមណ្ឌលគីរី” និង“ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” បានទទួលការគាំទ្រ ហើយផលិតផលមួយចំនួនទៀត បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” “ទឹកត្រីកំពតកែប” ““ក្រូចថ្លុងកោះពីរ” និង ម៉ាកសមូហភាព “នំបញ្ចុកសៀមរាប” “ដូងខ្ទះ បាត់ដំបង” និង “អំបុក កំពង់ធំ” ជាដើម។ លើសពីនេះទៀត នាយកដ្ឋាន កំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្ដាមថ្មកោះកុង ក្រោមជំនួយបច្ចេកទេសរបស់ WIPO ហើយ UNIDO នឹងផ្ដល់ជំនួយ បច្ចេកទេសក្នុងការចុះបញ្ជីប្រហុកសៀមរាប និងបន្តគាំទ្រអភិវឌ្ឍន៍សមត្ថភាពផលិតកម្ម របស់ទឹកត្រីកំពតកែប។ ដោយមានការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញាប្តេជ្ញា ជំរុញការចុះបញ្ជីការពារផលិតផលសក្តានុពលរបស់កម្ពុជាឱ្យកាន់តច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ជំរុញការនាំចេញ លើកកម្ពស់វប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។

លោក ប៉ាន សួរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើរដល់រដ្ឋលេខាធិការទទួល បន្ទុកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អគ្គនាយកសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងកិច្ចការលើកកម្ពស់ផលិតផលសក្តានុពល ក្នុងស្រុក តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរ នៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោកថា ការចុះបញ្ជីផលិតផលទាំងនេះ គឺសមិទ្ធផលដ៏សំខាន់ ដោយយើងបានខិតខំរួមគ្នា បង្កើត ចងក្រង អភិរក្សថែរក្សា អភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងផ្សព្វផ្សាយពី វប្បធម៌របស់ខ្មែរ។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា« ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើន និងជាផ្នែកមួយនៃគោលដៅ ទេសចរណ៍ផងដែរ»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ