ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង បង្ហាញវឌ្ឍនភាពពីការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម
ខេត្តស្វាយរៀងដែលមានព្រំប្រទល់ជាប់ខេត្តចំនួនពីររបស់ប្រទេសវៀតណាម បានសម្រេចលទ្ធផលមួយចំនួនលើការងារបោះបង្គោលព្រំដែន ដើម្បីកំណត់បូរណភាពទឹកដីរវាងប្រទេសទាំងពីរ។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកមិញនេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានថ្លែងថា ការបោះបង្គោលព្រំដែនជាការងារថ្នាក់ជាតិរបស់គណៈកម្មការអចិន្ត្រៃយ៍កិច្ចការព្រំដែន។ ការដំណើរការបោះបង្គោលព្រំដែនសម្រេចយ៉ាងណា រដ្ឋបាលខេត្តបានត្រឹមតែចូលរួមថែរក្សាការពារបង្គោលព្រំដែនដែលបោះរួច ក្រែងមានករណីបាត់បង់ឬការខូចខាតដោយប្រការណាមួយកើតឡើងតែប៉ុណ្ណោះ។
យ៉ាងណាមិញ បើតាមលោកអភិបាលខេត្ត គិតមកដល់ពេលនេះគណៈកម្មការកិច្ចការព្រំដែនបានសម្រេចលទ្ធផលមួយចំនួនលើការបោះបង្គោលព្រំដែនក្នុងភូមិសាស្ត្រខេត្តស្វាយរៀងជាមួយប្រទេសវៀតណាម។
លោកបញ្ជាក់ថា ខេត្តស្វាយរៀងមានភូមិសាស្ត្រជាប់ខេត្តចំនួនពីរជាមួយប្រទេសវៀតណាមគឺខេត្តតៃនិញ និងខេត្តឡុងអាន។ សម្រាប់ខេត្តតៃនិញការបោះបង្គោលព្រំដែនសម្រេចបានច្រើននៅសល់តែ ៧ បង្គោលគឺនៅឃុំដូង។ ដោយឡែកខេត្តឡុងអាន ចាប់ពីបង្គោល ១៨១ ដល់ ២២៣ ការបោះនៅសល់ចំនួន ១៣ បង្គោលទៀត។

លោកម៉ែន វិបុល បានបន្តទៀតថា បច្ចុប្បន្នមានកងវិរការពារព្រំដែនចំនួន ៣ ដែលប្រចាំការការពារក្នុងនោះមានវរការពារនគរបាលចំនួន ២ និងវរយោធាចំនួន ០១ ដែលទទួលខុសត្រូវចល័តល្បាតជាប់ជាប្រចាំ។
ខេត្តស្វាយរៀង គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង ២៥ ស្ថិតនៅប៉ែកអាគ្នេយ៍ មានចម្ងាយប្រមាណ ១២៥ គ.ម ពីរាជធានីភ្នំពេញ ដែលមានផ្លូវជាតិលេខ១ ឆ្លងកាត់ប្រវែង ៦៥ គីឡូម៉ែត្រ មានព្រំប្រទល់ខាងជើង និងខាងលិចជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូងជាប់នឹងខេត្ត តៃនិញ និងខេត្តឡុងអាន ប្រទេសវៀតណាមប្រវែង ២៥៨ គីឡូម៉ែត្រ។
ខេត្តស្វាយរៀង មានច្រកទ្វារព្រំដែនចំនួន ៨ កន្លែងសម្រាប់ទំនាក់ទំនងជាមួយប្រទេសវៀតណាមដែលរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ ២ កន្លែង ច្រកទ្វារព្រំដែនទ្វេភាគី ២ កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤ កន្លែង និងមានកំពង់ផែ ០១ កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗនិងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្ដរជាតិ។
បច្ចុប្បន្នរដ្ឋបាលខេត្ដស្វាយរៀង ក៏កំពុងរៀបចំសំណើទៅរាជរដ្ឋាភិបាល ដើម្បីស្នើសុំបង្កើតច្រកទ្វារតំបន់ព្រំដែនមួយកន្លែងទៀត គឺច្រកទ្វារតំបន់ព្រំដែនក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ក្នុងស្រុកស្វាយជ្រំ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់