ព័ត៌មានជាតិ
កម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានី-ខេត្ត ចំនួន ៤
កម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ នៅរាជធានីភ្នំពេញ និងបណ្ដាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៅខេត្តកោះកុង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល នៃគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្ដាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងក្នុងខេត្តកោះកុង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៧ មេសានេះ លោក UENO Atsushi ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍបណ្ដាញបញ្ជូន និងចែកចាយថាមពល គឺជាបញ្ហាដ៏សំខាន់មួយ ជាពិសេសនៅក្នុងទីក្រុងដែលកំពុងមានការអភិវឌ្ឍ និងពង្រីកយ៉ាងឆាប់រហ័សដូចរាជធានីភ្នំពេញ។

ឯកអគ្គរាជទូត សង្ឃឹមថា ប្រព័ន្ធបណ្ដាញអគ្គិសនីដែលត្រូវបានដាក់ឲ្យដំណើរការជាមួយ ODA របស់ជប៉ុន នឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ទីក្រុងភ្នំពេញ ហើយនឹងផ្ដល់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលប្រជាជនអាចលើកកម្ពស់ជីវភាពរបស់ពួកគេ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្នុងក្របខណ្ឌ នៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍយ៉ាងពេញទំហឹង ក្នុងគ្រប់វិស័យ ទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទាំងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈ បរិក្ខារនានាក្នុងស្រុក។

លោករដ្ឋមន្ត្រី បានបន្តថា ក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់តភ្ជាប់រវាងអនុស្ថានីយ ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្ដល់ផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ ឲ្យទាន់តាមកំណើនសេដ្ឋកិច្ច និងឲ្យទាន់តាមកំណើន នៃសេចក្ដីត្រូវការប្រើប្រាស់ និងជំរុញការសាងសង់ខ្សែបណ្ដាញ បញ្ជូនរង និងខ្សែបណ្ដាញចែកចាយអគ្គិសនីតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ ដើម្បីធ្វើការបញ្ជូន និងចែកចាយប្រភពអគ្គិសនី ដែលយើងបានអភិវឌ្ឍន៍ទៅផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា។

លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ជប៉ុន បានរួមសហការជាមួយកម្ពុជា ជាយូរមកហើយក្នុងផ្នែកសង្គម និងសេដ្ឋកិច្ច តាមរយៈគម្រោងជំនួយឥតសំណង និងគម្រោងឥណទានសម្បទាន ក៏ដូចជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើន។
លោកបានបន្តថា ជាមួយគ្នានេះដែរ ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រនានារបស់ JICA សម្រាប់ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ មក ដែលប្រទេសជប៉ុន បានចាប់ផ្ដើមមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឡើងវិញ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ