ព័ត៌មានជាតិ
កម្ពុជា-ចិន ចុះហត្ថលេខាលើផែនការ ស្ដីពីការបន្តអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃប្រទេសទាំង២
កម្ពុជា-ចិនបានចុះហត្ថលេខាលើផែនការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់របស់ប្រទេសទាំង២ ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។
ការចុះហត្ថលេខាធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយលោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រមានិតចិន។ ក្នុងកិច្ចប្រជុំនៅប្រទេសចិននេះ ក៏មានការចូលរួមពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងគណៈប្រតិភូផ្សេងៗទៀត ជាមួយសម្តេចក្រឡាហោម ស ខេង ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដ៏ល្អជាមួយកម្ពុជា។ លោកសង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
ចំណែក សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោករដ្ឋមន្រ្តីចិន និងសហការី ក្នុងការផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងឱកាសនេះ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងរួមចំណែកកាន់តែសកម្មដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិនរួច លោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ក៏បានបំពាក់ មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង ជូនសម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថា តាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចិន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ